កីឡាជាតិ
ជាតិ
មិត្តភាពអន្តរជាតិ៖ U-14 សៀមរាបយូណាយធីត រំពឹងឈ្នះក្រុមភ្ញៀវថៃ OAZ Academy
19, Aug 2023 , 8:09 am        
រូបភាព
ការហ្វឹកហាត់របស់យុវជនអាយុក្រោម ១៤ឆ្នាំ សៀមរាប យូណាយធីត
ការហ្វឹកហាត់របស់យុវជនអាយុក្រោម ១៤ឆ្នាំ សៀមរាប យូណាយធីត
ដោយ:
សៀមរាប៖ ក្រុមបាល់ទាត់ សៀមរាប យូណាយធីត អាយុក្រោម ១៤ឆ្នាំ ឬ SRU-14 បង្ហាញពីភាពជឿទុកចិត្តថានឹងទទួលបានជ័យជម្នះក្នុងការប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមភ្ញៀវ OAZ Football Academy មកពីប្រទេសថៃ ដែលនឹងធ្វើឡើងនៅកីឡដ្ឋានហនុមាន ខេត្តសៀមរាប ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣។ តម្លៃសំបុត្រចូលទស្សនា មានចាប់ពី ១ពាន់រៀល ដល់៦ពាន់រៀល ប៉ុណ្ណោះ។

 
លោក ម៉ែន ពិភព គ្រូបង្វឹកក្រុមសៀមរាប យូណាយធីតអាយុក្រោម ១៤ឆ្នាំលើកឡើងក្នុងបទសម្ភាសផ្ទាល់ជាមួយសារព័ត៌មានឌីជីថលថ្មីៗថា សម្រាប់កូនក្រុមរបស់លោកគឺបានត្រៀមលក្ខណៈរួចរាល់ហើយចំពោះការប្រកួតមិត្តភាពជាមួយភ្ញៀវមកពីថៃ ហើយសម្រាប់លោកគឺតែងតែដឹកនាំកូនក្រុមគិតពីផលវិជ្ជមានចំពោះការប្រកួតនីមួយមិនថាជួបក្រុមខ្លាំងមកពីណានោះទេ។
 
គ្រូបង្គោលយុវជនថ្នាលអាយុក្រោម ១៤ឆ្នាំ និយាយថា៖«សម្រាប់ក្រុមយើងគឺបានត្រៀមខ្លួនរួចរាល់ទាំងរបៀបលេងថ្មីរបស់យើងការរៀបចំការការពារបាល់»។ លោក ពិភព និយាយដូច្នេះក្នុងបទសម្ភាសផ្ទាល់ជាមួយសារព័ត៌មានឌីជីថលថ្មីៗ ហើយថាការតៀ្រមខ្លួនជួបជាមួយក្រុមភ្ញៀវមកពីប្រទេសថៃ OAZ Football Academy គឺក្រុមរំពឹងថានឹងមានផលវិជ្ជមាន។
 
កីឡាករ អ៊ីតូ សេតុ ខ្សែបម្រើក្រុមបាល់ទាត់ SRU U-14

«សម្រាប់ខ្ញុំ និងកូនក្រុមគ្រប់ការប្រកួតទាំងអស់គឺយើងតែងតែរំពឹង ទោះបីជួបក្រុមណាក៏ដោយ។ ពីមុនក្មេងៗយើងមួយចំនួនផ្នត់គំនិតរបស់ពួកគាត់គឺអវិជ្ជមាន អីចឹង!យើងផ្តល់ឱ្យគាត់គឺអត់មានអវិជ្ជមាននៅកន្លែងនេះទេ សម្រាប់ក្រុមគឺមានការជឿជាក់ និងការត្រៀមខ្លួនរួចរាល់ហើយ»។ គ្រូបង្វឹក SRU-14 បញ្ជាក់ដូច្នេះ។
 
ចំណែកកីឡាករដែលត្រូវបង្ហាញវត្តមាននៅលើទីលានប្រកួតវិញលើកឡើងពីការត្រៀមខ្លួនរួចរាល់ដូចគ្នាចមពោះការប្រកួតមិត្តភាពអន្តរជាតិជាមួយភ្ញៀវថៃ នៅថ្ងៃទី២០​ ខែសីហា នេះ។ ខ្សែការពារក្រុមសៀមរាប យូណាយធីត កីឡាករ ម៉ាត់ ហ្វាអីលីន ថាខ្លួនត្រៀមរួចរាល់ទាំងបច្ចេកទេស និងការលេងជាក្រុម។
 
ខ្សែការពារតំបន់កណ្តាលវ័យ ១៤ឆ្នាំ និយាយថា៖«ខ្ញុំត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រកួតទល់ក្រុម OAZ មកពីថៃ គឺហ្វឹកហាត់បានមួយរយភាគរយពេញ»។ អីលីន បន្ថែមថាការហ្វឹកហាត់របស់ក្រុមគឺផ្តោតលើភាពអំណត់ បច្ចេកទេសទទួលបាល់ និងបញ្ជូនបាល់។ រីឯខ្សែបម្រើស្លាបស្តាំកីឡាករ ឌឿន ជីតុង វ័យ១៤ឆ្នាំ ក៏បង្ហាញពីការត្រៀមលក្ខណៈរួចរាល់សម្រាប់ការប្រកួតមិត្តភាពដែលទទួលស្គាល់ពី AFC ដូចគ្នាផងដែរ។
 
លោក ម៉ែន ពីភព គ្រូបង្វឹកក្រុមបាល់ទាត់អាយុក្រោម ១៤ឆ្នាំ សៀមរាប យូណាយធីត

ខ្សែបម្រើមានដើមកំណើតមកពីខេត្តព្រះសីហនុ រូបនេះនិយាយថា៖«ខ្ញុំត្រៀមខ្លួនរួចរាល់ហើយសម្រាប់ថ្ងៃទី២០​ សីហានេះ ខ្ញុំនឹងធ្វើឱ្យបានល្អហើយបញ្ចេញបច្ចេកទេសឱ្យបានល្អសម្រាប់ការប្រកួតមួយនេះ»។ ជីតុង បន្តថាសម្រាប់ក្រុមភ្ញៀវ OAZ គឺជាក្រុមដែលល្អ។ ដោយឡែកខ្សែបម្រើតំបន់កណ្តាលកីឡាករកូនកាត់ជប៉ុន អ៊ីតូ សេតុ មើលឃើញពិភាពខ្លាំងរបស់ក្រុមយុវជនមកពីប្រទេសថៃ OAZ Football Academy ថាជាក្រុមដែលលេងសហការក្រុមបានល្អ ហើយខ្លួនក៏បានត្រៀមលក្ខណៈរួចរាល់ដែរ។
 
«សម្រាប់ក្រុម OAZ គេលេងដោយប្រើបច្ចេកទេសមិនសូវប្រើកម្លាំងនោះទេ គេលេងក្រុមប៉ះជាមួយគ្នាបានច្រើន»។ ខ្សែបម្រើកណ្តាល វ័យ១៤ឆ្នាំរូបនេះនិយាយដូច្នេះ។ យ៉ាងណាចមពោះការប្រកួតដំបូងលក្ខណៈមិត្តភាពអន្តរជាតិដែឡទទួលស្គាល់ពីសហព័ន្ធកីឡាបាល់ទាត់អាស៊ី អ៊ីតុ សង្ឃឹមអ្នកគាំទ្របាល់ទាត់កម្ពុជាមកទស្សនា និងលើកទឹកចិត្តដល់ក្រុមសៀមរាបយូណាយធីតផងដែរ។
 
គួបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់មិត្តភាពអន្តរជាតិយុវជនអាយុក្រោម ១៤ឆ្នាំរវាងម្ចាស់ផ្ទះកម្ពុជាសៀមរាប យូណាយធីត និងភ្ញៀវ OAZ Football Academy មកពីប្រទេសថៃ នឹងធ្វើនៅថ្ងៃទី២០​ ខែសីហា ឆ្នាំ២០២៣ នាកីឡដ្ឋានហនុមាន ទីរួមខេត្តសៀមរាប ដែលចាប់ផ្តើមនៅម៉ោង ៤ល្ងាច។ តម្លៃសំបុត្រចូលរួមទស្សនាមាន តំបន់ A៖ តម្លៃ ៦០០០រៀល, តំបន់B ៖ តម្លៃ ៤០០០រៀល និងតំបន់C៖ តម្លៃ ១០០០រៀល៕
 

Tag:
 កីឡាបាល់ទាត់
 សៀមរាប យូណាយធីត
© រក្សាសិទ្ធិដោយ thmeythmey.com