ជាតិ
សេដ្ឋកិច្ច
ធនាគារជាតិ ជំរុញការប្រើប្រាស់ប្រាក់រៀល​ដល់ប្រទេសឡាវ តាមរយៈប្រព័ន្ធទូទាត់ QR Code
18, Aug 2023 , 4:43 pm        
រូបភាព
ពិធីប្រកាសឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធទូទាត់ឆ្លងដែនរវាងកម្ពុជានិងឡាវតាមQR Code ដែលធ្វើឡើងនៅធនាគារជាតិនៃកម្ពុជា នាថ្ងៃទី១៨សីហា ឆ្នាំ២០២៣​​។ រូបថត៖ NBC
ពិធីប្រកាសឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធទូទាត់ឆ្លងដែនរវាងកម្ពុជានិងឡាវតាមQR Code ដែលធ្វើឡើងនៅធនាគារជាតិនៃកម្ពុជា នាថ្ងៃទី១៨សីហា ឆ្នាំ២០២៣​​។ រូបថត៖ NBC
ធនា​គារ​ជាតិ​នៃ​កម្ពុជាបានប្រកាសដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការនូវ​ប្រព័ន្ធ​ទូទាត់​តាម QR Code ជាមួយប្រទេសឡាវ ដើម្បី​ជំរុញ​ការ​ប្រើ​ប្រាស់​ប្រាក់​រៀល​ និង​ប្រាក់គីប ​ ឱ្យមាន​លក្ខណៈកាន់តែ​ទូលំ​ទូលាយ​នៅ​ក្នុង​ប្រទេសទាំងពីរ។ ការប្រកាស​នេះ ជាការអនុញ្ញាតឱ្យពលរដ្ឋដែលមានគណនីធនាគារជាប្រាក់រៀល អាចទូទាត់ថ្លៃទំនិញនិងសេវាកម្មនានា​នៅប្រទេសឡាវ បានយ៉ាងងាយស្រួល និងសុវត្ថិភាព តាមរយៈការស្កេន QR Code។

 
បើតាមការឡើងលើករបស់​លោកស្រី ជា​ សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា​ក្នុងពិធីប្រកាសឱ្យដំណើរការនូវប្រព័ន្ធទូទាត់ឆ្លងដែនជាមួយឡាវ តាមQR Code នាថ្ងៃទី១៨សីហា ការដំណើរនូវប្រព័ន្ធនេះ គឺស្ថិតក្នុងដំណាក់កាលទីមួយ ​​ (KHQR scan LAOQR) ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលសម្រាប់ការទូទាត់លើថ្លៃទំនិញនិងសេវាកម្ម។ 
 
លោកស្រី ជា សិរី បានបញ្ជាក់ថា៖ «កិច្ចសហការនេះ​ ក៏ដើរទន្ទឹមនឹងគោលបំណងនៃសហគមន៍អាស៊ាន ក្នុងការលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិក្នុងទីផ្សារ ​និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញបរិយាប័ន្នហិរញ្ញវត្ថុ»។ ការណ៍នេះ ក៏រួមចំណែកពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចកាន់តែជិតសិទ្ធរវាងកម្ពុជា និងឡាវ ដែលនឹងគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ និងអាចធ្វើឱ្យប្រទេសទាំងពីរឈានដល់កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុមួយកម្រិតទៀត​ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីប្រយោជន៍ប្រជាពលរដ្ឋក្នុងប្រទេសទាំងពីរ ផងដែរ។​
 
ជាមួយគ្នានេះ លោក Bounleua Sinxayvoravong ទេសាភិបាលធនាគារកណ្តាលឡាវ បានលើកឡើងថា កម្ពុជា ជាប្រទេសដំបូងដែលតភ្ជាប់ និងអភិវឌ្ឍការទូទាត់ឆ្លងដែនតាមរយៈ QR Code ជាមួយឡាវបានជោគជ័យក្នុងដំណាល់កាលទីមួយនេះ។ បើតាមលោក Bounleua ទិដ្ឋភាពនេះ បានបង្ហាញអំពីភាពជាដៃគូកាន់តែជិតសិទ្ធរវាងប្រទេសទាំងពីរ លើការអភិវឌ្ឍផលិតផល និងសេវាប្រកបដោយនវានុវត្តន៍ ស្របតាមនិន្នាការសេដ្ឋកិច្ចតំបន់ និងសកល។ 
 
ដំណើរការប្រព័ន្ធទូទាត់ឆ្លងដែនជាមួយប្រទេសឡាវនាពេលនេះ គឺជាការវិវត្តថ្មីមួយទៀតរបស់កម្ពុជា ​ក្នុងការលើកកម្ពស់ជាមួយប្រាក់រៀល​ បន្ទាប់ពីជោគជ័យជាមួយប្រទេសថៃ។ លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានលើកឡើងថា​ ធនាគារ អេស៊ីលីដា ភីអិលស៊ី និងធនាគារ អេស៊ីលីដា ឡាវ លីមីតធីត ត្រូវបានជ្រើសរើសជាធនាគារទូទាត់ សម្រាប់ការទូទាត់ឆ្លងដែនរវាងកម្ពុជា-ឡាវ នៃប្រតិបត្តិការទទួលយកការទូទាត់ជាប្រាក់រៀល និងប្រាក់គីប។
 
លោក បានបញ្ជាក់ថា ការទូទាត់ឆ្លងដែននេះ មានគោលដៅលើកកម្ពស់ការទូទាត់រវាងប្រទេសទាំងពីរ និងក្នុងតំបន់ ដើម្បីគាំទ្រដល់បរិយាប័ន្នហិរញ្ញវត្ថុ និងសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន។ ប្រព័ន្ធទូទាត់ឌីជីថលនេះនឹងធ្វើឱ្យការទូទាត់កាន់តែប្រសើរឡើង សម្រាប់ភ្ញៀវទេសចរ និងក្រុមហ៊ុន ក៏ដូចជាពង្រឹងរូបិយបណ្ណក្នុងស្រុកនៃប្រទេសទាំងពីរ ព្រមទាំងសម្រួលដល់ប្រតិបត្តិការទូទាត់ និងកាត់បន្ថយចំណាយប្រតិបត្តិការបានថែមទៀត​។ 
 
«​សម្រាប់​ជំហាន​បន្ទាប់​អតិថិ​​ជន​នៃ​សមាជិក​បាគង​ទាំងអស់​នឹង​អាចទូទាត់​ជា​ប្រាក់​រៀល​ពី​គណនី​ធនាគារ​តាម​ទូរ​សព្ទ​របស់​ពួកគាត់​នៅ​ប្រទេស​ឡាវ ហើយ​ប្រជាជន​ឡាវ​ក៏​អាចធ្វើ​ប្រតិបត្តិការ​ស្គេ​ន KHQR នៅ​កម្ពុជា បាន​យ៉ាង​ងាយស្រួល​នាពេល​ខាងមុខនេះ​ ផងដែរ​»​។​ លោក អ៊ិន ចាន់នី បានបន្ថែមបែបនេះ។​
 
​កាលពី​ខែកក្កដា ឆ្នាំ២០២៣​ ​លោក ជា ចាន់តូ ដែលជាអគ្គទេសាភិបាលកិត្តិយសធនាគារជាតិ​​នៃ​កម្ពុជា បានលើកឡើងថា ការតភ្ជាប់​ប្រព័ន្ធ​ទូទាត់​ប្រា​ក់នៅ​កម្ពុជា​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​ត្រូវបន្តអនុវត្ត​ដើម្បី​រួមចំណែក​ដល់​ការលើកកម្ពស់​ពាណិជ្ជកម្ម ការ​​វិនិយោគ ទេសចរណ៍ និង​ការប្រាក់​ផ្ញើ​ទៅ​គ្រួសារ​ពិសេស​ពី​ពលករ​ដែល​ធ្វើការ​នៅបរទេស​។​
 
​លោក ជា ចាន់តូ ថ្លែងថា​៖ «​ក្នុងចំណោម​ប្រព័ន្ធ​ទូទាត់​ទាំងអស់​ប្រព័ន្ធ​ទូទាត់​បាគង និង KHQR បន្ត​លើកកម្ពស់​ប្រព័ន្ធ​ទូទាត់​របស់​កម្ពុជា​នៅលើ​ឆាក​អន្តរ​ជាតិ ​ដោយ​ធនាគារកណ្តាល​នៃ​ប្រទេសមួយ​ចំនួន​កំពុង​ស្វែង​រក​ការរៀនសូត្រ​ពីបទ​ពិសោធន៍​របស់ធនាគារជាតិយើង ក្នុងការ​បង្កើត និង​អភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់​ដែល​កាន់​តែមាន​ប្រសិទ្ធភាព​សុវត្ថិភាព និង​ការទូទាត់​ចំណាយ​តិច​»​។​
 
​កម្ពុជា និង​ប្រទេស​ថៃ កាល​ពីថ្ងៃ​ទី ​៦ ខែមិថុនា​ បានដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ដំណាក់​កាល​ទី​២ នៃ​ប្រព័ន្ធ​ទូទាត់ QR​។ ​គំនិត​ផ្តួចផ្តើម​នេះ បានធ្វើឱ្យ​ប្រ​ទេស​ទាំង​ពីរអាច​លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ និង​ការប្រើ​ប្រាស់​រូបិយវត្ថុក្នុងស្រុក​ក៏ដូចជា​លំហូរ​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន និង​ទេសចរណ៍​។​ 
 
ក្រៅពីប្រទេសថៃ និងឡាវ ធនាគារជាតិនៃកម្ពុជាមានផែនការពង្រីកការអភិវឌ្ឍប្រព័ន្ធទូទាត់ឆ្លងដែន ជាមួយប្រទេសវៀតណាម, មីយ៉ាន់ម៉ា, ចិន និងឥណ្ឌា ដើម្បីជំរុញការប្រើប្រាស់ប្រាក់រៀល ជំនួសឱ្យប្រាក់ដុល្លារក្នុងការធ្វើពាណិជ្ជកម្ម និងការវិនិយោគរវាងបណ្តាប្រទេសដៃគូពាណិជ្ជកម្ម ផងដែរ៕ 
 

Tag:
 QR Code
 
© រក្សាសិទ្ធិដោយ thmeythmey.com