កីឡាអន្តរជាតិ
អន្តរជាតិ
លោក Tuchel ថា Kane អាចទ្រាំនឹងសម្ពាធនៅ Bayern Munich ក្នុងនាមកីឡាករថ្លៃបំផុត
18, Aug 2023 , 5:19 pm        
រូបភាព
ខ្សែប្រយុទ្ធ Harry Kane ដែលក្លិប Bayern Munich ទើបចុះកិច្ចសន្យាក្នុងតម្លៃបំបែកកំណត់ត្រា ១១០លានដុល្លារ នឹងអាចទ្រាំទ្រសម្ពាធគ្រប់យ៉ាងជាមួយនឹងការកាន់កាប់តួនាទីជាខ្សែប្រយុទ្ធ។ នេះជាការលើកឡើងរបស់លោក Thomas Tuchel អ្នកចាត់ការទូទៅក្រុមជើងឯកលីគកំពូលអាល្លឺម៉ង់ នៅថ្ងៃទី១៧ ខែសីហា។



​Kane ប្រធានក្រុមជម្រើសជាតិអង់គ្លេស កាលពីសប្តាហ៍មុនរូបគេបានចាកចេញពីក្រុម Tottenham Hotspur ផ្លាស់ទៅចូលរួមក្រុម Bayern Munich ជាមួយតម្លៃនៃការផ្ទេរប្រមាណ ១០០លានអឺរ៉ូ (១១០លានដុល្លារ) បូកជាមួយប្រាក់បន្ថែមផ្សេងទៀត។ ក្រុមយក្សប្រចាំលីគកំពូលអាល្លឺម៉ង់ត្រូវការខ្សែប្រយុទ្ធមុតស្រួចដ៏ចាំបាច់បន្ទាប់ពី ខ្សែប្រយុទ្ធ Robert Lewandowski បានចាកចេញទៅ Barcelona។
 
ខ្សែប្រយូទ្ធវ័យ ៣០ឆ្នាំ ក៏ត្រូវបានគេរំពឺងទុកថានឹងអាចបង្ហាញវត្តមានជាមួយទម្រង់លេងល្អដូចទៅនឹង Lewandowski នឹងស្វែងរកគ្រាប់បាល់បានច្រើនសម្រាប់ក្រុម។ លោក Tuchel អ្នកចាត់ការក្រុមបាននិយាយថា Kane នឹងចាប់ផ្តើមការប្រកួតឆាប់ៗនេះ ហើយរូបគេនឹងទ្រាំទ្ររាល់សម្ពាធនៅ Bayern Munich។
 
«ប្រសិនបើគ្មានរឿងអ្វីកើតឡើងនៅថ្ងៃនេះ ហើយថ្ងៃស្អែករូបគេនឹងអាចចាប់ផ្តើមជាមួយ Bayern Munich។ នេះមិនមែនជាលើដំបូងឡើយក្នុងអាជីពរបស់គេដែលគេបានជួបប្រទះ គេបានរៀនក្នុងការទ្រាំទ្រនូវសម្ពាធគ្រប់បែបយ៉ាងចំពោះការបង្ហាញទម្រង់លេងរបស់គេ។ អស់រយៈពេលជាងមួយទសវត្សរ៍ គាត់បានដឹងអំពីរបៀបដោះស្រាយបញ្ហា ហើយនេះមិនមែនជាអ្វីដែលខ្ញុំត្រូវបារម្ភនោះទេ។»។ លោក Tuchel បាននិយាយបែបនេះមុនការប្រកួតជំនួបក្របខណ្ឌ Bundesliga។
 
Kane បានបង្ហាញខ្លួនលេងលើកដំបូងនៅក្នុងប្រទេសអាល្លឺម៉ង់កាលពីថ្ងៃទី១៣ ខែសីហា ដោយបានផ្លាស់ចូលលេងនៅចុងម៉ោងនៃវគ្គទីពីរ ខណៈពេលដែលក្រុម Bayern Munich បរាជ័យលទ្ធផល ៣-០ ក្រោមថ្វីជើង RB Leipzig ក្នុងពានរង្វាន់បើករដូវកាលថ្មី។
 
អំឡុងពេលលេងនៅ Spurs ​ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស រកបានគ្រាប់បាល់ ២៨០គ្រាប់ ពីការបង្ហាញខ្លួនប្រមាណ ៤៣០ប្រកួត ហើយក៏ជាកីឡាករទីពីរប្រចាំ Premier League ដែលរកបានគ្រាប់បាល់ច្រើនជាងគេផងដែរ ដោយឈរពីក្រោមលោក Alan Shearer។ ​Kane រកបាន ៥៨គ្រាប់សម្រាប់ក្រុមជម្រើសជាតិអង់គ្លេស៕
 

Tag:
 Harry Kane
  Thomas Tuchel
© រក្សាសិទ្ធិដោយ thmeythmey.com