កីឡាអន្តរជាតិ
អន្តរជាតិ
World Cup នារី ៖ អេស្ប៉ាញ-អង់គ្លេសដណ្តើមជើងឯក ចំណែក អូស្ត្រាលី-ស៊ុយអែត ដណ្តើមលេខបី
19, Aug 2023 , 10:39 am        
រូបភាព
ក្រុមបាល់ទាត់នារីអង់គ្លេសជាក្រុមដែលឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីបានប្រកួតយកឈ្នះលើក្រុមម្ចាស់ផ្ទះអូស្ត្រាលីដោយលទ្ធផល ៣-១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាថ្ងៃទី១៦ ខែសីហា ក្នុងកីឡដ្ឋាន Australia។ ក្រុមអង់គ្លេសនឹងត្រូវបន្តដំណើរទៅជួបក្រុមអេស្ប៉ាញនៅវគ្គផ្តាច់ព្រ័ត្រ ចំណែកអូស្ត្រាលីត្រូវដណ្តើមចំណាត់ថ្នាក់លេខ ៣ ជាមួយនឹងក្រុមស៊ុយអែត។



លទ្ធផល ៣-១ លើអូស្ត្រាលីធ្វើបានដោយកីឡាការិនី Ella Toone នៅនាទី៣៦ កីឡាការិនី Lauren Hemp នាទី៧១ និងនៅនាទី ៨៦ ជាគ្រាប់ទីបីរកបានដោយកីឡាការិនី Alessia Russo។ ចំណែក ១គ្រាប់របស់អូស្ត្រាលីធ្វើបានដោយកីឡាការិនីប្រធានក្រុម Sam Kerr នៅនាទី៦៣។
 
អង់គ្លេសឆ្លងកាត់ការប្រកួតតាំងពីវគ្គចែកពូលដោយបានប្រកួតឈ្នះទាំង ៣ប្រកួតជាប់គ្នាលើក្រុមដាណឺម៉ាក, ចិន និងហៃទី ក្នុងពូល D។ ឈានជើងដល់វគ្គ ១៦ក្រុម អង់គ្លេសបានយកឈ្នះលើក្រុមនារីនីហ្សេរីយ៉ាទាំងលំបាកដោយការស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រ ៤-២ មុនឡើងទៅដល់វគ្គ ៨ក្រុមចុងក្រោយយកឈ្នះលើកូឡុំប៊ីដោយលទ្ធផល ២-១ ហើយចុងក្រោយឈ្នះអូស្ត្រាលី ៣-១។
  


រីឯអេស្ប៉ាញឆ្លងកាត់ការប្រកួតក្នុងវគ្គចែកពូល ពួកគេរងបរាជ័យក្រោមថ្វីជើងក្រុមនារីជប៉ុនតែមួយប្រកួតប៉ុណ្ណោះ ដោយបញ្ចប់ចំណាត់ថ្នាក់លេខ ២ក្នុងពូល ហើយឡើងវគ្គ ១៦ក្រុម អេស្ប៉ាញបានបំបាក់ក្រុមស្វ៊ីសលទ្ធផល ៥-១ មុនពេល បន្តទម្លាក់ក្រុមជើងឯករងកាលឆ្នាំ ២០១៩ ហូឡង់លទ្ធផល ២-១។ អេស្ប៉ាញទម្លាក់ស៊ុយអែតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលទ្ធផល ២-១។
 
ការប្រកួតរវាងក្រុមអេស្ប៉ាញ ទល់នឹងអង់គ្លេសសម្រាប់វគ្គផ្តាច់ព្រ័ត្រនឹងត្រូវធ្វើឡើងនៅថ្ងៃទី២០ ខែសីហា ក្នុងកីឡដ្ឋាន Australia វេលាម៉ោង ៥ល្ងាច ម៉ោងនៅកម្ពុជា។
ក្រុមម្ចាស់ផ្ទះអូស្ត្រាលីទោះជាខកខានឱកាសបង្ហាញសមត្ថភាពខ្លាំងចំពោះមុខអ្នកគាំទ្រខ្លួន ពួគគេត្រូវបន្តការប្រកួតប្រជែងជំនួបដណ្តើមចំណាត់ថ្នាក់លេខ ៣ ជាមួយនឹងក្រុមស៊ុតអែតក្នុងកីឡដ្ឋាន Brisbane ប្រទេសអូស្ត្រាលី។ អូស្ត្រាលីបានបង្ហាញភាពខ្លាំងរបស់ខ្លួនក្នុងការប្រកួតគួរឱ្យភ្ញាក់ផ្អើល ដោយពួកគេបានឈានជើងឡើងដល់វគ្គផ្តាច់ព្រ័ត្រលើកដំបូងក្នុងប្រវត្តិសាស្ត្រ៕
 


Tag:
 Women’s World Cup 2023
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com