ជាតិ
​​​ន​យោ​បាយ​ជាតិ​
៣០ឆ្នាំក្រោយមក លោក ខៀវ កាញារីទ្ធ ចាកចេញពី​ក្រសួងព័ត៌មាន
18, Aug 2023 , 4:57 pm        
រូបភាព
លោក ខៀវ កាញារីទ្ធ និងលោកស្រី ទេព រង្សី ដែលជាភរិយា ឈរកណ្តាល​ចំណោម​មន្ត្រីក្រសួងព័ត៌មានជាមួយនឹងការដាក់ដៃជាសញ្ញាបេះដូង។ រូបថត ខឹម សុវណ្ណារ៉ា
លោក ខៀវ កាញារីទ្ធ និងលោកស្រី ទេព រង្សី ដែលជាភរិយា ឈរកណ្តាល​ចំណោម​មន្ត្រីក្រសួងព័ត៌មានជាមួយនឹងការដាក់ដៃជាសញ្ញាបេះដូង។ រូបថត ខឹម សុវណ្ណារ៉ា
ជារដ្ឋមន្ត្រីពីរឆ្នាំដំបូងនៅអណត្តិទី១ បន្ទាប់មកជារដ្ឋលេខាធិការ ហើយវិលទៅកាន់តំណែងជារដ្ឋមន្ត្រីវិញចាប់តាំងពីឆ្នាំ២០០៤ មក លោក ខៀវ កាញារីទ្ធ ត្រូវចាកចេញពីក្រសួងព័ត៌មាន។ ឈានចូលវ័យ៧២ឆ្នាំ លោក ខៀវ កាញារីទ្ធ ត្រូវទៅកាន់តួនាទីជាអ្នកតំណាងរាស្ត្រសម្រាប់នីតិកាលទី៧ ហើយ អ្នកដែលត្រូវបន្តវេនជារដ្ឋមន្ត្រីក្រសួងព័ត៌មានក្រោមរដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត គឺលោក នេត្រ ភក្ត្រា។



 

«មេដ៏សែនល្អ, ជាឪពុក, ជាប៉ាអ៊ំ, ជាបងប្រុស, ជាជីតា ដែលប្រកបដោយព្រហ្មវិហារធម៌, នឹករលឹកចងចាំជានិច្ចនូវពាក្យទូន្មានប្រៀបប្រដៅ ណែនាំតម្រង់ទិសកន្លងមក»។ បណ្តាមន្ត្រីនៃក្រសួងព័ត៌មាន បានបង្ហាញអារម្មណ៍ទាំងនេះ ចំពោះលោក ខៀវ កាញារីទ្ធ ដោយព្រឹកថ្ងៃទី១៨ ខែសីហា នេះ មន្ត្រីរាប់រយនាក់បានឈរនៅមុខការិយាល័យរដ្ឋមន្ត្រី ដើម្បីសម្តែងការដឹងគុណ និងជូនដំណើរលោកសម្រាប់បេសកកម្មថ្មី។
 
កើតនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ១៩៥១ លោក ខៀវ កាញារីទ្ធ បានសិក្សានៅមហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ ហើយចន្លោះពីឆ្នាំ១៩៧៣ ដល់ឆ្នាំ១៩៧៥ លោកក៏ជាសិស្សមន្រ្តីជាន់ខ្ពស់ខាងការទូតនៃសាលាជាតិរដ្ឋបាល ជំនាន់ទីពីរ ផងដែរ។
 
លោក ខៀវ កាញារីទ្ធ បានធ្វើជានិពន្ធនាយកកាសែតកម្ពុជាប្រចាំសប្តាហ៍ ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩០ ហើយធ្វើជាអនុប្រធានសមាគមអ្នកកាសែតកម្ពុជា ចន្លោះពីឆ្នាំ១៩៨៥ ដល់ឆ្នាំ១៩៩០។ លោកក៏បានធ្វើជានិពន្ធនាយកព្រឹត្តិបត្រព័ត៌មានប្រចាំខែ Solidarity Monthly Review ពីឆ្នាំ១៩៩០ ដល់ឆ្នាំ១៩៩១ ផងដែរ។
 
 
មន្ត្រីក្រសួងព័ត៌មានឈរជាអក្សរ KK ដែលតំណាងឱ្យឈ្មោះ​លោក ខៀវ កាញារីទ្ធ។ ពួក​គេ​បង្ហាញការគោរពស្រឡាញ់រដ្ឋមន្ត្រីរបស់ខ្លួន។ រូបថត ខឹម សុវណ្ណារ៉ា
 
ជាបញ្ញវន្តដែលមានចំណេះដឹងជ្រៅជ្រះ ហើយអាចនិយាយភាសាបារាំង និងអង់គ្លេស យ៉ាងស្ទាត់ជំនាញ លោកបានក្លាយជាទីប្រឹក្សានាយករដ្ឋមន្ត្រី និងជាប្រធានក្រុមលេខាធិការរបស់រដ្ឋកម្ពុជា នៅក្នុងឧត្តមក្រុមប្រឹក្សាជាតិ (SNC) ពីឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩៣។
 
ក្រោយការបោះឆ្នោតអណត្តិទី១ លោកបានធ្វើជារដ្ឋមន្ត្រីក្រសួងព័ត៌មានពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៤ ហើយក៏ជាអ្នកនាំពាក្យរដ្ឋាភិបាលផងដែរ។ ប៉ុន្តែពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០០៤ លោកកាន់តំណែងជារដ្ឋលេខាធិការក្រសួងព័ត៌មានវិញ ដោយសារចន្លោះពីឆ្នាំ១៩៩៤ ដល់ឆ្នាំ១៩៩៨ តំណែងរដ្ឋមន្ត្រីបានទៅលើលោក អៀង មូលី ពីកូតាគណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា ហើយបន្តដោយលោក លឺ ឡាយស្រេង ពីគណបក្សហ៊្វុនស៊ិនប៉ិច ក្នុងរដ្ឋាភិបាលចម្រុះ។
 
 

ចាប់ពីឆ្នាំ២០០៤ មក លោក ខៀវ កាញារីទ្ធ បានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងព័ត៌មានវិញ រហូតដល់ឆ្នាំ២០២៣ នេះ បើទោះបីជាលោកធ្លាប់បានបង្ហាញពីជំហររបស់ខ្លួនអំពីការចូលនិវត្តន៍ពីការងារនេះក្នុងអណត្តិទី៦ ក៏ដោយ។ លោកតែងតែមានគំនិតជ្រោងជ្រែងយុវជនជំនាន់ក្រោយឱ្យបន្តវេន។
 
លោក ខៀវ កាញារីទ្ធ ក៏ជាអ្នកនិពន្ធ និងជាអ្នកប្រែស្នាដៃជាច្រើនផងដែរ ក្នុងនោះមានដូចជា ញញឹមចុងក្រោយ, អ្នកដែលឃ្លាតឆ្ងាយ, ឆ្ងាយហួសពីជើងមេឃ (បកប្រែ), អប្សរានៃអង្គរ (បកប្រែ), ការហិនហោចព្រៃឈើ (បកប្រែ), អគ្គមហាសេនា (បកប្រែ) ជាដើម។
 
បន្ថែមពីលើនេះ លោកបានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកសារព័ត៌មាន និងទំនាក់ទំនងពីសាកលវិទ្យាល័យកម្ពុជានៅឆ្នាំ២០១១, បណ្ឌិតកិត្តិយសផ្នែកមនុស្សសាស្ត្រ និងសង្គមសាស្ត្រពីសាកលវិទ្យាល័យRajamangala University of Technology Phra Nakhon នៅឆ្នាំ២០២០ រួមទាំងបណ្ឌិតកិត្តិយសផ្នែកសារព័ត៌មាន និងទំនាក់ទំនងពីសាកលវិទ្យាល័យ Bodhisastra នៃរដ្ឋ Florida សហរដ្ឋអាមេរិក កាលពីខែកុម្ភៈ ឆ្នាំ២០២៣។ 
 
សម្រាប់គណៈរដ្ឋមន្ត្រីអណត្តិទី៧ ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត បេក្ខភាពដែលត្រូវបន្តវេនជារដ្ឋមន្ត្រីក្រសួងព័ត៌មានជំនួសលោក ខៀវ កាញារីទ្ធនោះ គឺលោក នេត ភក្ត្រា អតីតអ្នកសារព័ត៌មាន និងបច្ចុប្បន្នជារដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន។
 
បេក្ខភាពលោក នេត្រ ភក្ត្រា ត្រូវបានបញ្ជាក់ដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ទាល់ នាជំនួបជាមួយអ្នកសារព័ត៌មានដែលដើរតាមសម្តេចកន្លងមក។ កាលពីថ្ងៃទី១៦ ខែសីហា លោក ខៀវ កាញារីទ្ធ ក៏បានទទួលសំណេះសំណាលជាមួយលោក នេត្រ ភក្ត្រា ផងដែរ ដោយលោកជឿជាក់លើសមត្ថភាពអនាគតរដ្ឋមន្ត្រីរូបនេះ ក្នុងការដឹកក្រសួងបន្តពីលោក ស្របពេលដែលលោកនឹងកាន់តំណែងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម៕
 






រូបថតទាំងអស់ផ្តល់ដោយ លោក ខឹម សុវណ្ណារ៉ា

© រក្សាសិទ្ធិដោយ thmeythmey.com