កីឡាជាតិ
ជាតិ
AFC ព្រមានឥណ្ឌូណេស៊ី មិនឱ្យប្រើកីឡាករជាប់ពិន័យនៅស៊ីហ្គេម ក្នុង AFF U23
19, Aug 2023 , 10:09 pm        
រូបភាព
ហិង្សារវាងក្រុម U22 ឥណ្ឌូណេស៊ី ទល់ថៃ ក្នុងជំនួបផ្តាច់ព្រ័ត្របាល់ទាត់បុរស់ស៊ីហ្គេមលើកទី៣២នៅកម្ពុជា
ហិង្សារវាងក្រុម U22 ឥណ្ឌូណេស៊ី ទល់ថៃ ក្នុងជំនួបផ្តាច់ព្រ័ត្របាល់ទាត់បុរស់ស៊ីហ្គេមលើកទី៣២នៅកម្ពុជា
សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ផ្ញើលិខិតព្រមានសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) មិនឱ្យប្រើប្រាស់កីឡាករក្រោមអាយុ២៣ (U23) ដែលរងពិន័យនៅស៊ីហ្គេមលើកទី៣២ ក្នុងការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ AFF U23 Championship ឆ្នាំ ២០២៣ នៅថៃឡើយ។ ឥណ្ឌូណេស៊ី ឆ្លងកាត់១ប្រកួតរួចមកហើយក្នុងពូល B ដោយចាញ់ម៉ាឡេស៊ី ១-០។



ដំបូងឡើយ PSSI បានជ្រើសរើសកីឡាករ Titan Agung និង Komang Teguh ដែលជាប់ពិន័យពីស្ថាប័ន AFC ក្រោយបង្កហិង្សានៅស៊ីហ្គេមឆ្នាំ២០២៣នៅកម្ពុជា ដើម្បីចូលរួមក្រុម U23 ឥណ្ឌូណេស៊ី ប្រកួត AFF U23 នៅថៃ ដែលចាប់ពីថ្ងៃទី ១៧-២៦ ខែសីហា។ ទោះយ៉ាងណា មុនការប្រកួតមួយថ្ងៃ ឥណ្ឌូណេស៊ី ត្រូវបាន AFC ហាមមិនឱ្យដាក់កីឡាករពីររូបនេះ និងថែមទាំងរងកា​រព្រមានទៀតផង។
 
«AFC បានជូនដំណឹងទៅ PSSI រួចហើយថា ការចូលរួមរបស់ Titan Agung និង Komang Teguh ក្នុង AFF U23 មិនអាចទទួលយកបានទេ ដោយសារពួកគេនៅតែស្ថិតក្នុងបម្រាមនៅឡើយ»។ នេះជាការបញ្ជាក់របស់ AFC។
 
Agung និង Teguh ស្ថិតក្នុងចំណោមក្រុមកីឡាករ ៣នាក់ និងសមាជិកក្រុម៤រូបផ្សេងទៀតរបស់ U22 ឥណ្ឌូណេស៊ី ដែលរងពិន័យ ៦ប្រកួត ពី AFC បន្ទាប់ពីពួកគេចូលរួមបង្កហិសង្សាក្នុងការប្រកួតជាមួយថៃក្នុងវគ្គផ្តាច់ព្រ័ត្រស៊ីហ្គេមលើកទី៣២ កាលពីខែឧសភា នៅកីឡដ្ឋានអូឡាំពិក ក្នុងក្រុងភ្នំពេញ។ AFC ក៏បានពិន័យសមាជិក​របស់​ក្រុម​ថៃ​ចំនួន ៧នាក់​ផងដែរ។
 
AFC ព្រមាន PSSI ថា ទាំង Agung និង Teguh ស្ថិតនៅក្រោមការព្យួរ ដូច្នេះមិនអាចឱ្យអ្នកទាំងពីមានវត្តមាននៅ AFF U23 ជាដាច់ខាត។ ក្រោយការព្រមានរបស់ AFC ឥណ្ឌូណេស៊ីបានដក Agung និង Teguh ចេញពីបញ្ជីក្រុមរបស់ពួកគេ ដោយសល់ត្រឹមកីឡាករតែ២១នាក់ប៉ុណ្ណោះក្នុងក្រុម។
 
ឥណ្ឌូណេស៊ី ដែលស្ថិតក្នុងពូល B បានរងបរាជ័យមួយប្រកួតដំបូងរបស់ខ្លួនរួចមកហើយ ក្រោមថ្វីជើងម៉ាឡេស៊ីក្នុងលទ្ធផល ១-០។ ជំនួបបន្ទាប់ និងជាការប្រកួតចុងក្រោយក្នុងពូល ឥណ្ឌូណេស៊ីដែលសល់ឱកាសស្តួចស្តើងដើម្បីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFF U23 ត្រូវបន្តជួបទីម័រខាងកើត៕
 

Tag:
 AFF U23
© រក្សាសិទ្ធិដោយ thmeythmey.com