កីឡាអន្តរជាតិ
អន្តរជាតិ
​ប្រធាន FIFA ៖ World Cup នារី ល្អបំផុតរកចំណូលបាន៥៧០លានដុល្លារ
20, Aug 2023 , 8:39 am        
រូបភាព
លោក Gianni Infantino ប្រធានសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) ថ្ងៃទី១៨ ខែសីហា និយាយថាការប្រកួតព្រឹត្តិការណ៍បាល់ទាត់ពិភពលោកស្ត្រី Women’s World Cup 2023 រកបានប្រាក់ចំណូលប្រមាណជាង ៥៧០លានដុល្លារ ដែលជាតម្លៃបំបែកកំណត់ត្រាថ្មីមួយសម្រាប់ស្ថាប័នបាល់ទាត់ពិភពលោក។ ការប្រកួត World Cup 2023 មានតម្លៃប្រាក់រង្វាន់ ១១០លានដុល្លារច្រើនជាង ៣ដង បើធៀបទៅនឹងតម្លៃកាលពីឆ្នាំ ២០១៩ និងដប់ដងបើធៀបទៅឆ្នាំ ២០១៥​។



ថ្លែងក្នុងសុន្ទរកថាក្នុងកម្មវិធីតស៊ូមតិមួយ បុរសសញ្ជាតិស្វ៊ីសបាននិយាយថា​ ការប្រកួតព្រឹត្តិការណ៍បាល់ទាត់ពិភពលោកស្ត្រីលើកទី៩ គឺជាការប្រកួតដែលល្អបំផុត អស្ចារ្យបំផុត និងធំបំផុត ដោយការប្រកួតត្រូវបាន FIFA សម្រេចបង្កើនក្រុមប្រកួតពីចំនួន ២៤ ឡើងដល់ ៣២ក្រុម ព្រមទាំងប្រាក់រង្វាន់ថែមទៀត។ អូស្ត្រាលី និងនូវែលសេឡង់ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត ​Women’s World Cup 2023។
 
«ពាក្យសម្តីខ្លះស្តាប់ទៅពិតជាចម្លែក ថាតើវាអាចនឹងចំណាយច្រើនដែរទេ? យើងមិនមានប្រាក់ចំណូលគ្រប់គ្រាន់ទេ យើងត្រូវតែឧបត្ថម្ភធនធានបន្ថែម នេះជាយោបល់របស់យើងគឺបើយើងត្រូវឧបត្ថម្ភ យើងត្រូវតែធ្វើបែបនឹង។ ប៉ុន្តែការប្រកួត World Cup នេះទទួលបានប្រាក់ចំណូល ៥៧០លានដុល្លារ ហើយដែលយើងបំបែកកំណត់ត្រា យើងមិនបានខាតបង់ប្រាក់​តែមានតែចំណេញ និងជាតម្លៃខ្ពស់ទីពីរក្នុងវិស័យកីឡាថែមទៀត បន្ទាប់ពីការប្រកួតបាល់ទាត់បុរសលំដាប់ថ្នាក់ពិភពលោក។»។ លោក Infantino បាននិយាយបែបនេះប្រាប់ទៅកាន់ FIFA Women’s Football Convention។
 
បើប្រៀបធៀបនឹងការប្រកួតបាល់ទាត់បុរស World Cup 2022 ដែលធ្វើឡើងនៅក្នុងប្រទេសកាតាកាលពីខែធ្នូ ឆ្នាំ​២០២២ តម្លៃប្រាក់រង្វាន់សរុបក្នុងព្រឹត្តិការណ៍មានប្រមាណ ៤៤០លានដុល្លារ លើស៣ ដងនៃប្រាក់រង្វាន់សរុបនៃការប្រកួតបាល់ទាត់ស្ត្រីក្នុងឆ្នាំ ២០២៣។ 
 
គួររំលឹកថាមកបច្ចុប្បន្នការប្រកួត ​Women’s World Cup 2023 រកឃើញក្រុមជើងខ្លាំងចំនួន ២ ដើម្បីប្រជែងដណ្តើមតំណែងជើងឯកគឺរវាងក្រុមបាល់ទាត់នារីអេស្ប៉ាញ ត្រូវជួបតទល់ជាមួយក្រុមតោកំណាចនារីអង់គ្លេស នៅវគ្គផ្តាច់ព្រ័ត្រថ្ងៃទី២០ ខែសីហា ក្រោយពេលការប្រកួតដណ្តើមលេខ ៣ រវាងក្រុមម្ចាស់ផ្ទះអូស្ត្រាលី ទល់ស៊ុយអែតបានបញ្ចប់ទៅនាថ្ងៃទី១៩ ខែសីហា៕
 

Tag:
 World Cup
  Gianni Infantino
© រក្សាសិទ្ធិដោយ thmeythmey.com