កីឡាជាតិ
ជាតិ
ប៊ិន ចន្ថាធារី ធ្វើឲ្យឪពុកម្ដាយ ប្តូរគំនិតមកលេងកម្ពុជា ញឹកញាប់តាមរយៈអាជីពបាល់ទាត់
21, Aug 2023 , 7:59 am        
រូបភាព
កីឡាករ ប៊ិន ចន្ថាធារី (Thierry Chantha Bin) ខ្សែការពារកណ្ដាលក្លិបព្រះខ័នរាជ ស្វាយរៀង គឺជាកូនខ្មែរ ដែលបានកើតនៅទឹកដីបារាំង បន្ទាប់ពីឪពុកម្ដាយ បានចេញពីជំរំ ក្នុងប្រទេសថៃ អំឡុងទសវត្យទី៨០។ ព្រោះតែភ្លើងសង្គ្រាមនាអំឡុងឆ្នាំ១៩៧៥-១៩៧៩ ឪពុកម្ដាយ របស់ប៊ិន ចន្ថាធារី  ខ្លាចប្រទេសខ្លួន។ កូនខ្មែររូបនេះ បាននិយាយថា បន្ទាប់ពីរូបគេ មកប្រកបអាជីពបាល់ទាត់នៅកម្ពុជា បានធ្វើឲ្យ ឪពុកម្ដាយ ផ្លាស់ប្ដូរគំនិត ឈប់ខ្លាចប្រទេសខ្លួនឯង ហើយបានមកលេងកម្ពុជា ញឹកញ៉ាប់។



ជាកូនខ្មែរ កើតនៅឆ្នាំ១៩៩១  ក្នុង Villepinte ជាតំបន់មួយនៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំងប៊ិន ចន្ថាធារី ចាប់ផ្ដើមមានក្ដីស្រម៉ៃ ចង់ក្លាយជាកីឡាករបាល់ទាត់អាជីពមួយរូប នៅពេលដែលខ្លួនមានអាយុ ១០ឆ្នាំ។ ស្ថិតក្នុងវ័យនេះ កុមារា ធារី តែងលេងបាល់ជាមួយក្មេងៗ អាយុស្របាលគ្នា នៅក្នុងសាលា។  ដោយឡែក លោក ប៊ិន ឈុនលី និងលោកស្រី ប៉ូ ស្រីវ៉ាង ជាឪពុកម្ដាយ មិនដែលហាមឃាត់កូនប្រុសរូបនេះ ក្នុងការលេងបាល់ទេ ផ្ទុយទៅវិញ មានតែជំរុញ និងលើកទឹកចិត្តបន្ថែម ឲ្យកូនប្រុសសម្រេចក្ដីប្រាថ្នា។ ធារី គឺជាកូនតែម្នាក់គត់ ដែលចូលចិត្តលេងបាល់ ចំណែកបងស្រី ១នាក់ និងប្អូនស្រី២ នាក់ទៀត សុទ្ធតែមានក្ដីស្រម៉ៃផ្សេង។ 
 
លុះចូលដល់អាយុ១២ឆ្នាំ ពោល គឺអំឡុងឆ្នាំ២០០៣ កុមារា ធារី បានលេងឲ្យក្លិបក្នុងតំបន់នោះ បានចំនួន៣ឆ្នាំ។ អំឡុងប្រកបអាជីពបាល់ទាត់ជាយុវជននៅប្រទេសបារាំង កូនខ្មែររូបនេះ ធ្លាប់ប្រកួតមិត្តភាពជាមួយ ក្រុមខ្លាំងៗជាច្រើននៅបារាំង ក្នុងនោះមាន PSG, Lille, Paris FC...។ល។ នៅក្នុងឆ្នាំ២០០៧ ធារី ចន្ថាប៊ិន ក៏ធ្លាប់ជាប់ជាជម្រើសជាតិបារាំងអាយុ១៦ឆ្នាំផង។
 
នៅដើមឆ្នាំ២០១២ កីឡាកររូបនេះ បានចូលរួមជាមួយក្រុមកម្ពុជា-អឺរ៉ុប របស់លោកព្រឹទ្ធាចារ្យ ប៉ែន ផាត ដែលត្រូវបានបង្កើតឡើងដើម្បីប្រមូលធនធានកីឡាករកូនខ្មែរ ប្រកបអាជីពនៅតំបន់អឺរ៉ុប បានបញ្ចេញសមត្ថភាពរួមគ្នា។ នៅពាក់កណ្ដាលឆ្នាំ២០១២ ធារី ចន្ថាប៊ិន, គួច ដានី និង កុក បុរីស បានធ្វើតេស្ដជាប់នៅកម្ពុជា។ បន្ទាប់មក ប៊ិន ចន្ថាធារី បានចូលរួមជាមួយ ក្លិបភ្នំពេញក្រោន ពីឆ្នាំ២០១២ ដល់ ២០១៦ ហើយក៏បានចូលរួមជាមួយ Krabi នៅលីគ ២ថៃ, ឆ្នាំ២០១៧ លេងឲ្យ Terengganu នៅលីគកំពូលម៉ាឡេស៊ី, ២០១៩ ចូលរួមជាមួយ Sukhothai នៅលីគកំពូលថៃ និងឆ្នាំ២០២០ លេងឲ្យ Perak ក្លិបនៅលីគកំពូលម៉ាឡេស៊ី។ លុះចូលដល់ឆ្នាំ២០២១ កីឡាកររូបនេះ បានមកប្រកបអាជីពនៅលីគកំពូលកម្ពុជា ដោយចូលរួមជាមួយក្លិបវិសាខា បាន២រដូវកាល និងឆ្នាំ២០២៣  បានចូលរួមជាមួយព្រះខ័នរាជ ស្វាយរៀង។
 
ការប្រឡូកក្នុងវិស័យកីឡាបាល់ទាត់ក្នុងតំបន់អាស៊ាន ប៊ិន ចន្ថាធារី បាននិយាយដូច្នេះថា៖«ខ្ញុំ សប្បាយចិត្តមែនទែន បានធ្វើកីឡាករអាជីព ១០ឆ្នាំនៅអាស៊ី ព្រោះខ្ញុំ លេងនៅខ្មែរ ៧ឆ្នាំ នៅម៉ាឡេស៊ី និងនៅថៃ៣ ឆ្នាំ។ ខ្ញុំ សប្បាយចិត្ត ព្រោះក្នុងវិស័យខ្ញុំ ខ្ញុំចង់ធ្វើកីឡាករអាជីព។ ខ្ញុំ រំភើប ខ្ញុំ បានមកខ្មែរ ឆ្នាំ២០១២ មកធ្វើកីឡាករនៅខ្មែរ។ ខ្ញុំ បានលេងជាមួយជម្រើសជាតិខ្មែរ ខ្ញុំ សប្បាយចិត្តខ្លាំងណាស់។»។
 
កីឡាករវ័យ ៣២ឆ្នាំរូបនេះ បានរំលឹកបន្ថែមទៀតថា មុនពេលមកប្រកបអាជីពនៅកម្ពុជា រូបលោក ត្រូវបានម្ដាយឪពុក ហាមមិនឲ្យមក ដោយធ្លាប់ឆ្លងកាត់ភ្លើងសង្គ្រាម បានដក់ជាប់ក្នុងអារម្មណ៍របស់អ្នកមានគុណទាំង២នោះ។ កីឡាករអន្តរជាតិកម្ពុជារូបនេះ បាននាំប្រពន្ធ អ្នកនាង Kate Sunderland មករស់នៅកម្ពុជាជាមួយគ្នា ហើយមានកូនស្រី ២នាក់។ លោក ប៊ិន ចន្ថាធារី បាននិយាយថា ពេលនេះឪពុកម្ដាយរបស់ខ្លួន បានមកលេងកម្ពុជា ជាច្រើនដងដែរ។ នេះ គឺផ្ទុយពីអ្វី ដែលអ្នកមានគុណទាំងពីរនោះ ធ្លាប់បានគិតពីមុនមក។ កូនខ្មែររូបនេះ បន្តទៀតថា ព្រោះបទពិសោធន៍របស់ឪពុកម្ដាយខ្លួន ធ្លាប់ឆ្លងកាត់សង្គ្រាម ហើយទៅនៅជំរំ នៃប្រទេសថៃ មុនពេលចាកចេញទៅបារាំង គឺវេទនាខ្លាំង ទើបធ្វើឲ្យបាក់ស្បាត មិនហ៊ានមកលេងកម្ពុជា។ ក្រោយពេល ធារី បានប្រឡូកក្នុងវិស័យបាល់ទាត់នៅកម្ពុជា បានជាង ៧ឆ្នាំ ធ្វើឲ្យឪពុកម្ដាយខ្លួន ផ្លាស់ប្ដូរការគិត ហើយក៏បានមកលេងកម្ពុជា ជាញឹកញ៉ាប់។
 
«ម្ដាយខ្ញុំ គាត់មិនសប្បាយចិត្ត។ យើង ដឹងហើយថាជំនាន់ឪពុកម្ដាយខ្ញុំ គាត់រត់គេចពីខ្មែរ ពេលជំនាន់មានខ្មែរក្រហម។ ដូច្នេះ គាត់ដូចជាមានអារម្មណ៍ខ្លាច។ គាត់ ខ្លាចខ្ញុំនៅទីនេះ ឆ្ងាយពីគាត់ ហើយគាត់ជួយខ្ញុំ អត់បាន។ ខ្ញុំ ប្រាប់គាត់ថា កុំភ័យ! ខ្ញុំ ទៅទីនោះ ទៅលេងបាល់ ចាំយើងទាក់ទង់គ្នារហូត។ ឥឡូវ ១០ឆ្នាំ គាត់មកលេងខ្មែរ បានច្រើនដងហើយ។ គាត់មានអារម្មណ៍សប្បាយចិត្តដូចគ្នា។»។
 
កីឡករវ័យ ៣២ឆ្នាំរូបនេះ ក៏បាននិយាយបន្ថែមទៀតថា ទៅថ្ងៃក្រោយ ប្រសិនជារូបលោក ចូលនិវត្ត ធារី នឹងចូលនិវត្តនៅកម្ពុជា ហើយចំពោះកិច្ចការបន្ដទៀត នៃដំណើរជីវិតរបស់លោកនោះ ធារី មិនអាចបញ្ជាក់ប្រាប់បានទេ ដោយគ្រាន់ថា រឿងទៅថ្ងៃមុខ មិនអាចស្មានដឹង។ ដោយឡែក កីឡាកររូបនេះ មានកូនស្រី ២នាក់ ដូច្នេះរូបលោក ថាមិនចង់ធ្វើដំណើរទៅណាទេ ព្រោះចង់ឲ្យកូនស្រីខ្លួន បានរៀនចប់។ «ជាដំបូង ខ្ញុំចង់ចូលនិវត្ត នៅស្រុកខ្មែរសិន ហើយទៅថ្ងៃមុខ យ៉ាងណា ខ្ញុំមិនទាន់ដឹង យើងចាំមើលសិន។ ជីវិត យើង ពិបាកប្រាប់ទៅមុខឆ្ងាយ។ ខ្ញុំ មានកូនស្រី ២ យើង ផ្លាសប្ដូទីលំនៅច្រើន ពិបាកដល់ការសិក្សារបស់គាត់។»។ ធារី បានប្រាប់សារព័ត៌មានថ្មីៗ ដូច្នេះ៕
 

Tag:
 បាល់ទាត់
 ប៊ិន ធារី ចន្ថា
© រក្សាសិទ្ធិដោយ thmeythmey.com