ជាតិ
សេដ្ឋកិច្ច
កម្ពុជា-ចិន​ នឹងជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យលើស១២ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣
21, Aug 2023 , 10:49 am        
រូបភាព
 រូបតំណាង៖ ទិដ្ឋភាពរួមនៃកំពង់ផែស្វ័តក្រុងព្រះសីហនុ​ ដែលជាច្រកនាំចេញ-នាំចូលទំនិញជាងគេរបស់កម្ពុជា​។
រូបតំណាង៖ ទិដ្ឋភាពរួមនៃកំពង់ផែស្វ័តក្រុងព្រះសីហនុ​ ដែលជាច្រកនាំចេញ-នាំចូលទំនិញជាងគេរបស់កម្ពុជា​។
៧ខែមកនេះ ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ចិនសម្រេចបានក្នុងទំហំទឹកប្រាក់ប្រមាណ៧ពាន់លានដុល្លារ កើន១,៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០២២។ ភាគីទាំងពីរ បន្តប្តេជ្ញាជំរុញពាណិជ្ជ​កម្ម​បន្ថែមទៀត ដើម្បីឱ្យលើស១២ពាន់លានដុល្លារក្នុងឆ្នាំ២០​២៣ ។​

 
ចិនបានក្លាយជាដៃគូយុទ្ធសាស្រ្ត និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយចាប់តាំងពីឆ្នាំ២០១0 ។ ចំណងមិត្តភាពនេះ ចាប់ផ្តើមមានអានុភាពខ្លាំងឡើងទ្វេដង និងទទួលបានផលប្រយោជន៍ទាំងសងខាង។ ក្នុងពិធីបើកពិព័រណ៍កម្ពុជា-ហុងកុង នៅ Factory Phnom Penh កាលពីថ្ងៃទី១៩សីហា លោក រាជ រ៉ា រដ្ឋលេខាធិការក្រេសួងពាណិជ្ជកម្ម បានបញ្ជាក់ថា៖ «ចក្ខុវិស័យរបស់រដ្ឋាភិបាលប្រទេសទាំងពីរ មានទិសដៅជំរុញការកសាង សហគមន៍ជោគវាសនាតែមួយ និងប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើងលើស១២ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣»។
 
ពីមួយឆ្នាំពីមួយឆ្នាំ ទំនាក់ទំនងរវាងកម្ពុជា-ចិន កាន់តែមានភាពរឹងមាំ និងស៊ីជម្រៅ។ បច្ចុប្បន្ន រដ្ឋាភិបាលប្រទេសទាំពីរបានឈានឡើងមួយកម្រិតពីមិត្តភាពដែកថែបទៅជាមិត្តភាពកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងមានឆន្ទៈរួមគ្នាក្នុងការជំរុញសកម្មភាពពាណិជ្ជកម្មឱ្យដល់កម្រិតគោលដៅដ៏ប្រសើរមួយ។ « តាមរយៈគោលនយោបាយវិថីសូត្រខ្សែក្រវ៉ាត់សេដ្ឋកិច្ច និងផ្លូវសូត្រសមុទ្រសតវត្ស៍ទី២១ រដ្ឋាភិបាលនៃប្រទេសយើងទាំងពីរ បានធ្វើកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍរួមគ្នាលើវិស័យហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ការកសាងសមត្ថភាព តំបន់សេដ្ឋកិច្ចពិសេស វប្បធម៌ ទេសចរណ៍ ហិរញ្ញវត្ថុ និងការការពារអេកូបរិស្ថាន»។ នេះជាការលើកឡើងរបស់លោក​ រាជ រ៉ា។​
 
 លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ថ្លែងសុន្ទរកថា ក្នុងពិធីបើកពិព័រណ៍កម្ពុជា-ហុងកុង នៅ Factory Phnom Penh កាលពីថ្ងៃទី១៩សីហា រូបថត៖ MoC

បច្ចុប្បន្នកម្ពុជា-ចិន ក៏កំពុងអនុវត្តនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី​ ដែលចូលធរមាននាដើមឆ្នាំ២០២២ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង ចូលធរមាននៅឆ្នាំ២០២១ ផងដែរ។ 
 
លោករដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបន្តអះអាងដូច្នេះ ៖ «កត្តាទាំងអស់នេះ បានធ្វើឱ្យទំហំពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរ កាន់តែរីកចម្រើនមួយកម្រិតទៀត ដោយក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មសរុប កម្ពុជា-ចិន សម្រេចបានជាង១១,៦៨៦លានដុល្លារកើនឡើងប្រមាណ៥ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១»។ 
 
ដោយឡែក ក្នុងរយៈពេល៧ខែមកនេះ ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាមួយប្រទេសចិន គឺសម្រេចបាន៧ពាន់លានដុល្លារ។ ក្នុងនោះកម្ពុជានាំចេញទៅចិនមានជាង៨១៤លានដុល្លារ កើនឡើង១៦,២ភាគរយ ខណៈការនាំចូលពីប្រទេសចិនមានវិញមានជាង ៦,២៧លានដុល្លារ កើនឡើងត្រឹម០,១៤ភាគរយ។ លោក រាជ រ៉ា បង្ហាញសុដ្ឋនិយកថា ប្រទេសទាំងពីរ​នឹងសម្រេចទំហំពាណិជ្ជកម្ម​ទៅតាមគោលដៅក្នុងតម្លៃលើសពី១២ពាន់លានដុល្លារ នាឆ្នាំ២០២៣៕ 
 

Tag:
 ពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com