កីឡាអន្តរជាតិ
អន្តរជាតិ
ក្រុមនារីអេស្ប៉ាញ បានម្នាក់២៧ម៉ឺនដុល្លារ ក្រោយគ្រងជើងឯក World Cup លើកដំបូងក្នុងប្រវត្តិសាស្ត្រ
21, Aug 2023 , 11:28 am        
រូបភាព
​ក្រុមបាល់ទាត់នារីអេស្ប៉ាញទទួលបានប្រាក់រង្វាន់២៧ម៉ឺនដុល្លារម្នាក់ ក្រោយគ្រងជើងឯក Women’s World Cup 2023 តាមរយៈជ័យជម្នះ ១​-០ លើអង់គ្លេស នាជំនួបវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃទី២០ ខែសីហា។ អេស្ប៉ាញគ្រងជើងឯកពិភពលោកលើកដំបូងក្នុងប្រវត្តិសាស្ត្រខ្លួន ស្របពេលមានអ្នកទស្សនាយ៉ាងច្រើន ទាំងដោយផ្ទាល់ និងតាមរយៈប្រព័ន្ធផ្សព្វផ្សាយជាកំណត់ត្រា។



ការប្រកួតដែលមានអ្នកទស្សនាច្រើនបំផុតមិនធ្លាប់មានពីមុនមក ធ្វើឡើងក្នុងប្រទេសអូស្ត្រាលី និងនូវែលសេឡង់ដែលធ្វើជាសហម្ចាស់ផ្ទះ ហើយដែលជាការប្រកួត World Cup លើកទី៩ សម្រាប់វិស័យបាល់ទាត់ស្ត្រី។ World Cup 2023 ជាការប្រកួតលើកដំបូង ដែលមានប្រទេស ២ ធ្វើជាម្ចាស់ផ្ទះ។
 
គិតត្រឹមការប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលមានម្ចាស់ផ្ទះអូស្ត្រាលីមួយរូបបានបន្តប្រកួតប្រជែង ចំនួនអ្នកទស្សនាការប្រកួតនៅទូទាំងកីឡដ្ឋានទាំង៩ ដែលរៀបចំការប្រកួតមានប្រមាណជាង ២លាននាក់។ ការប្រកួតដែលមានចំនួនមនុស្សចូលទស្សនាច្រើនបំផុតនោះគឺការប្រកួតរបស់ក្រុមនារីអូស្ត្រាលី ទល់អង់គ្លេស នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ មានចំនួន ៧៥,៧៨៤នាក់។
  


អេស្ប៉ាញបានបំបែកកំណត់ត្រារបស់ខ្លួនក្នុងពានរង្វាន់ World Cup នារី ដើម្បីគ្រងជើងឯកលើកដំបូងក្នុងប្រវត្តិសាស្ត្រខ្លួន។ ទាំងក្រុមនារីអង់គ្លេស និងអេស្ប៉ាញ សុទ្ធសឹងតែបង្ហាញខ្លួនលើកដំបូងនៅក្នុងព្រឹត្តិការណ៍ World Cup វគ្គផ្តាច់ព្រ័ត្រដូចៗគ្នា។
 
ក្រោយក្លាយជាក្រុមគ្រងតំណែងជើងឯក World Cup 2023 រួចក្រុមនារីអេស្ប៉ាញ ទទួលបានប្រាក់រង្វាន់ពីការប្រកួតក្នុងម្នាក់ ២៧ម៉ឺនដុល្លារ ហើយក្រុមអង់គ្លេស ទទួលបានប្រាក់រង្វាន់ក្នុងម្នាក់ ១៩,៥ម៉ឺនដុល្លារ។ ស៊ុយអែត ដែលជាក្រុមចំណាត់ថ្នាក់លេខ ៣ ទទួលបានប្រាក់រង្វាន់ក្នុងម្នាក់ ១៨ម៉ឺនដុល្លារ ខណៈដែលអូស្ត្រាលីទទួលបាន ១៦​​​,៥ម៉ឺនដុល្លារ។ 

អូស្ត្រាលី រងបរាជ័យនៅវគ្គដណ្តើមលេខ ៣ ដោយលទ្ធផល ២-០ ក្រោមថ្វីជើងស៊ុយអែត កាលពីថ្ងៃទី១៩ ខែសីហា។ ចំពោះទឹកប្រាក់ដែលកីឡាករអូស្ត្រាលី​បានចំនួន ១៦,៥ម៉ឺនដុល្លារក្នុងម្នាក់ គឺជាប្រាក់រង្វាន់ដែល​ច្រើនជាង ៣០០ដង នៃប្រាក់រង្វាន់ដែលពួកគេទទួលបាន នៅក្នុងវគ្គ ៨ក្រុមចុងក្រោយ កាលពីឆ្នាំ ២០១៥ ដែលទទួលបានត្រឹម ៤៨០ដុល្លារក្នុងម្នាក់តែប៉ុណ្ណោះ៕
 
 

Tag:
 World Cup
  Women’s World Cup 2023
© រក្សាសិទ្ធិដោយ thmeythmey.com