កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកគាំទ្រ Corinthians ៧នាក់ស្លាប់ និងច្រើននាក់រងរបួសក្នុងគ្រោះក្រឡាប់រថយន្តក្រុងនៅប្រេស៊ីល
21, Aug 2023 , 11:59 am        
រូបភាព
យ៉ាងហោចមានមនុស្ស ៧នាក់បានស្លាប់ និង ២៧នាក់ផ្សេងទៀតរងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ នាថ្ងៃទី២០ ខែសីហា ក្រោយជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តក្រុងដឹកអ្នកគាំទ្របាល់ទាត់ក្នុងប្រទេសប្រេស៊ីល។ ហេតុការណ៍កើតឡើងលើរថយន្តដឹកនាំអ្នកគាំទ្ររបស់ក្រុម Corinthians ​FC ក្រោយត្រឡប់ពីការប្រកួត។



មូលហេតុដែលបណ្តាលឱ្យមានគ្រោះថ្នាក់កើតឡើងដោយសារតែអ្នកបើកបរបានបាត់បង់ម្ចាស់ការអំឡុងពេលបើកបរ ហើយហេតុការណ៍កើតឡើងនៅលើបណ្តោយផ្លូវហាយវ៉េក្បែជម្រាលភ្នំឈ្មោះ Belo Horizonte ក្នុងរដ្ឋ Minas Gerais ប្រទេសប្រេស៊ីល។
 
បើតាមការផ្តល់កិច្ចសម្ភាសមួយពីសំណាក់អ្នកធ្វើដំណើរក្នុងរថយន្តក្រុងនោះជាមួយនឹងសារព័ត៌មាន G1 News អ្នកបើកបរបានស្រែកថាហ្រ្វាំងរថយន្តរបស់គាត់មិនដំណើរការឡើយពេលភ្លាមៗនោះ មុនពេលរថយន្តរងគ្រោះថ្នាក់។
 
អ្នកគាំទ្រជាង​ ៤០នាក់ ដែលជាអ្នកគាំទ្រក្រុម Corinthians ​FC សុទ្ធសឹងតែស្ថិតនៅក្នុងរថយន្តក្រុងដែលជួបគ្រោះថ្នាក់នោះ ពេលដែលពួកគេបានធ្វើដំណើរត្រលប់ពីការប្រកួតមកវិញក្នុងទីក្រុង Belo Horizonte។
 
បើតាមសេចក្តីថ្លែងការណ៍ពីទីភ្នាក់ងារជាតិដឹកជញ្ជូនផ្លូវគោគរបស់ប្រេស៊ីល (ANTT) រថយន្តក្រុងនោះមិនបានចុះបញ្ជី និងខ្វះការអនុញ្ញាតក្នុងការដឹកជញ្ជូនអ្នកដំណើរឆ្លងពីរដ្ឋមួយទៅកាន់រដ្ឋមួយ។
 
ក្រោយហេតុការណ៍គ្រោះថ្នាក់ ក្លិបទាំងអស់ទូទាំងប្រទេសប្រេស៊ីល ក៏ដូចជាសហព័ន្ធបាល់ទាត់ប្រេស៊ីល បានផ្ញើសាររំលែកទុករបស់ពួកគេទៅកាន់ក្រុមគ្រួសារនិងមិត្តភក្កិជនរងគ្រោះ៕
 
 

Tag:
 ប្រេស៊ីល
© រក្សាសិទ្ធិដោយ thmeythmey.com