FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធានក្រុមនារីអេស្ប៉ាញ Carmona ក្រោយឈ្នះ World Cup ទើបដឹងពីមរណភាពឪពុក
21, Aug 2023 , 3:59 pm        
រូបភាព
កីឡាការិនី Olga Carmona ប្រធានក្រុមនារីអេស្ប៉ាញ និងជាម្ចាស់ពានរង្វាន់ World Cup 2023 បានដឹងដំណឹងពីមរណភាពរបស់ឪពុកខ្លួន បន្ទាប់ពីការប្រកួតបានបញ្ចប់។ នេះបើតាមការប្រកាសរបស់សហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) ថ្ងៃទី២០ ខែសីហា។ មិនផ្តល់ដំណឹងពីមរណភាពឪពុក ដោយគេមិនចង់ឱ្យ Carmona ខូចអារម្មណ៍ពេលប្រកួតផ្តាច់ព្រ័ត្រ។



Carmona ជាម្ចាស់គ្រាប់បាល់ជ័យជម្នះសម្រាប់អេស្ប៉ាញ ដោយរកបានគ្រាប់បាល់ ១គ្រាប់ នៅនាទី២៩ យកឈ្នះការប្រកួតលើអង់គ្លេស ១-០ ដើម្បីគ្រងជើងឯក Women’s World Cup លើកដំបូងក្នុងប្រវត្តិសាស្ត្រខ្លួន។
 
«សហព័ន្ធ RFEF ពិតជាសោកស្តាយ ចំពោះការប្រកាសអំពីការទទួលមរណភាពនៃឪពុករបស់កីឡាការិនី Olga Carmona។ កីឡាការិនីបានដឹងពីដំណឹងដ៏ក្រៀមក្រំនេះ បន្ទាប់ពីបញ្ចប់ការប្រកួត World Cup វគ្គផ្តាច់ព្រ័ត្ររួចរាល់ ហើយយើងបានផ្ញើសាររំលែកទុក្ខដោយស្មោះបំផុតរបស់យើង ទៅកាន់ Olga និងក្រុមគ្រួសាររបស់នាងនៅក្នុងគ្រានៃទុក្ខដ៏សោកសៅមួយនេះ។»។ នេះបើតាមការប្រកួតរបស់ RFEF។
 
បើតាមអ្នកនាំពាក្យរបស់ RFEF បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ឪពុករបស់ Carmona បានប្រយុទ្ធប្រឆាំងនឹងជំងឺដ៏យូរ ហើយបានស្លាប់បាត់បង់ជីវិតកាលពីថ្ងៃទី១៨ ខែសីហា។

តាមប្រព័ន្ធផ្សព្វផ្សាយរបស់អេស្ប៉ាញ Relevo ក្រុមគ្រួសារ Carmona និងមិត្តភក្កិរបស់នាងបានសម្រេចចិត្តមិនប្រាប់នាង ព្រោះតែយើងចង់ឱ្យនាងអាចផ្តោតអារម្មណ៍លើការប្រកួតដ៏សំខាន់សម្រាប់ជីវិតរបស់នាង។ ម្តាយរបស់​Carmona និងបងប្រុសរបស់នាងបានធ្វើដំណើរទៅនូវែលសេឡង់ អំឡុង World Cup វគ្គចែកពូល ប៉ុន្តែពួកគេបានធ្វើដំណើរទៅអេស្ប៉ាញវិញ ហើយនៅវគ្គផ្តាច់ព្រ័ត្រក្នុងអូស្ត្រាលីពួកគេ ក៏បានទៅគាំទ្រដល់ Carmona ផងដែរ៕
 

Tag:
 អេស្ប៉ាញ
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com