កីឡាជាតិ
ជាតិ
CPL៖ កីឡាករកម្ពុជាពីររូបប៉ុណ្ណោះ រកបានគ្រាប់បាល់នៅសប្តាហ៍ទី៣
21, Aug 2023 , 6:59 pm        
រូបភាព
ការប្រកួតរវាងអង្គរថាយហ្គឺរ និង គិរីវង់សុខសែនជ័យ រូបពី Cambodian Premier League
ការប្រកួតរវាងអង្គរថាយហ្គឺរ និង គិរីវង់សុខសែនជ័យ រូបពី Cambodian Premier League
ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា (Cambodian Premier League) ឆ្នាំ២០២៣-២០២៤ សប្ដាហ៍ទី៣ មាន៤ប្រកួត ដោយសរុបគ្រាប់បាល់ទាត់ចូលសំណាញ់ទី ទាំងអស់មានចំនួន ៩គ្រាប់។ គ្រាប់បាល់ទាំងនេះ មាន២គ្រាប់ប៉ុណ្ណោះ ដែលរកបានដោយកីឡាករកម្ពុជា ក្នុងនោះមាន គង់ រិទ្ធី កីឡាករក្លិបព្រៃវែង និង រង់ ពិសី កីឡាករ ​អង្គរថាយហ្គឺរ។



អង្គរថាយហ្គឺរ បានយកឈ្នះ គិរីវង់សុខសែនជ័យ ក្នុងលទ្ធផល ២-០ នៅកីឡដ្ឋានហនុមានខេត្តសៀមរាបក្នុងជំនួបសប្តាហ៍ទី៣។ ២គ្រាប់របស់ក្រុមម្ចាស់ផ្ទះ រកបានដោយកីឡាករ Blasco Victor ខ្សែប្រយុទអង្គរថាយហ្គឺរ នៅនាទី១៥ និងកីឡាករ រង់ ពិសី ខ្សែបម្រើកណ្ដាលរបស់អង្គរថាយហ្គឺរ។ 
 
លុះចូលមកដល់ថ្ងៃអាទិត្យទី២០ ខែសីហា ឆ្នាំ២០២៣ ម្ចាស់ផ្ទះ ព្រៃវែង ស្មើជាមួយ បឹងកេត លទ្ធផល ១-១​ នៅកីឡដ្ឋានខេត្តព្រៃវែង។ បឹងកេត បាននាំមុខ ព្រៃវែង នៅតង់ទី១ ដោយកីឡាករ Yoshihama Ryohei របស់បឹងកេត នៅនាទី៤៣។ លុះចូលដល់ចុងតង់ទី២ នៅនាទី៩០+៦ កីឡាករ គង់ រិទ្ធី របស់ព្រៃវែង បានទាត់បញ្ចូលទី ជួយឲ្យក្រុមខ្លួន បានស្មើជាមួយក្រុមភ្ញៀវ។
 
ក្នុងថ្ងៃជាមួយគ្នានេះ ព្រះខ័នរាជស្វាយរៀងបន្តឈ្នះណាហ្គាវើលដ៍ ១-០ និងជាជ័យជម្នះ៣សប្ដាហ៍ជាប់គ្នា។ ១គ្រាប់ របស់ក្រុមម្ចាស់ផ្ទះ រកបានតាមរយៈការតែតបញ្ចូលទីរបស់ Marcus Haber របស់ព្រះខ័នរាជ ស្វាយរៀង នៅនាទី៨២ បន្ទាប់ពីការលើកបាល់បញ្ជូនចូលក្នុងតំបន់គ្រោះថ្នាក់។
 
នៅកីឡដ្ឋានព្រីនដ៍ឯណោះវិញ ក្រោយពេលពន្យាពេល ៣០នាទី ម្ចាស់ផ្ទះ វិសាខា លុត អាយ អេស អាយ ដង្កោសែនជ័យ ក្នុងលទ្ធផល ៤-០។ ៤គ្រាប់របស់វិសាខា រកបានដោយកីឡាករ Barrento Mouzinho នាទី២០, De Oliveira Jonata នាទី៣៣ និងនាទី៦៩ ដោយបាល់ពិន័យ ១១ម៉ែត្រ ចំណែកគ្រាប់ទី៤ រកបាន Nishihara Takumu នាទី៨៤។
 
សរុបមក ៩គ្រាប់ដែលរកបាននៅក្នុងការប្រកួតលីគកំពូលកម្ពុជាសប្តាហ៍ទី៣ មាន២គ្រាប់ប៉ុណ្ណោះរកបានដោយកីឡាករកម្ពុជា ដែលក្នុងនោះរួមមាន រង់ ពិសី របស់អង្គរថាយហ្គឺរ និង គង់ រិទ្ធី របស់ព្រៃវែង។
 
គួរបញ្ជាក់ផងដែរថា ក្នុងតារាងបណ្ដោះអាសន្ន វិសាខា ឈរចំណាត់ថ្នាក់លេខ១ មាន ៩ពិន្ទុ ស្មើគ្នាជាមួយ ព្រះខ័នរាជ ស្វាយរៀង ចំណាត់ថ្នាក់លេខ២ និងតាមពីក្រោយដោយ ក្រុមព្រៃវែង មាន៤ពិន្ទុ ស្មើគ្នាជាមួយ បឹងកេត ចំណាត់ថ្នាក់លេខ៤។ ដោយឡែក ក្រុមការពារដំណែងជើងឯក ភ្នំពេញក្រោន ឈរលេខ៥ មាន៣ពិន្ទុ ស្មើគ្នាជាមួយ អង្គរថាយហ្គឺរ លេខ៦, ណាហ្គាវើលដ៍ លេខ៧ និងអាយ អេស អាយ ដង្កោសែនជ័យ លេខ៨។ រីឯ គិរីវង់សុខសែនជ័យ ឈរនៅបាតតារាង មាន១ ពិន្ទុស្មើគ្នាជាមួយ កងយោធពលខេមរភូមិន្ទ ឈរនៅចំណាត់ថ្នាក់លេខ៩៕
 

Tag:
 បាល់ទាត់
  Cambodian Premier League
© រក្សាសិទ្ធិដោយ thmeythmey.com