ជាតិ
សុខភាព
មន្ទីរពេទ្យឯកជន២កន្លែងនៅភ្នំពេញ ត្រូវបានបិទក្រោយមានករណីស្លាប់អ្នកជំងឺ
× មន្ទីរសម្រាកព្យាបាល«ស្ពានមង្គល» ស្ថិតនៅខណ្ឌមានជ័យ និងមន្ទីរពេទ្យ ប៊ីធនកម្ពុជា ដែលស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានក្រសួងសុខាភិបាលបិទ បន្ទាប់ពីរកឃើញរកមានអ្នកជំងឺស្លាប់ចំនួន២នាក់លើករណីផ្សេងគ្នា។ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា មន្ទីរពេទ្យទាំងនោះគឺមិនអនុវត្តតាមច្បាប់សុខាភិបាល និងមានចំណុចខ្វះខាតមួយចំនួនក្នុងការធ្វើរោគវិនិច្ឆ័យ បច្ចេកទេសជួយសង្រ្គោះបន្ទាន់ និងពេលបញ្ជូនអ្នកជំងឺ។
លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា ការបិទមន្ទីរពេទ្យ«ប៊ីធនកម្ពុជា» គឺដោយសារម្ចាស់មន្ទីរពេទ្យ បានអនុញ្ញាតដោយខុសច្បាប់ឱ្យគ្រូពេទ្យបរទេសដែលគ្មានអាជ្ញាប័ណ្ណគណៈគ្រូពេទ្យកម្ពុជា ទៅព្យាបាលអ្នកជំងឺម្នាក់ជាជនបរទេស បណ្តាលឱ្យស្លាប់នៅក្នុងមន្ទីរពេទ្យនេះផ្ទាល់ នាថ្ងៃទី១៨សីហា។ ខណៈមន្ទីរពេទ្យមួយនេះត្រូវបានបិទនោះ ក្រសួងសុខាភិបាលរួមនឹងអាជ្ញាធរពាក់ព័ន្ធ កំពុងបន្តនីតិវិធីស្រាវជ្រាវ និងអនុវត្តវិធានការច្បាប់ជាធរមាន ចំពោះម្ចាស់មន្ទីរពេទ្យ និងគ្រូពេទ្យពាក់ព័ន្ធលើករណីនេះ។
ដោយឡែក មន្ទីរសម្រាកព្យាបាល«ស្ពានមង្គល»ដែលមានទីតាំងនៅផ្ទះលេខ៥១០ ផ្លូវលេខ៣៧១ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានក្រសួងសុខាភិបាលបិទនៅថ្ងៃទី២១សីហានេះ ព្រោះតែការធ្វេសប្រហែសរបស់គ្រូពេទ្យ និងការមិនយកចិត្តទុកដាក់ចំពោះអ្នកជំងឺ។
ក្រុមការងារចម្រុះរបស់ក្រសួងសុខាភិបាល បានស្រាវជ្រាវករណីស្លាប់អ្នកជំងឺម្នាក់ ក្រោយពីបានបញ្ជូនពីមន្ទីរសម្រាកព្យាបាល«ស្ពានមង្គល» ដោយរថយន្តគិលានសង្គ្រោះទៅសង្គ្រោះបន្តនៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី១១សីហា ឆ្នាំ២០២៣ វេលាម៉ោង៦កន្លះព្រឹក ដោយសន្និដ្ឋានថា មន្ទីរសម្រាកព្យាបាលនេះ មានចំណុចខ្វះខាតមួយចំនួនក្នុងការធ្វើរោគវិនិច្ឆ័យ បច្ចេកទេសជួយសង្រ្គោះបន្ទាន់ និងពេលបញ្ជូនអ្នកជំងឺ។ នេះជាការអះអាងរបស់លោកស្រី ឱ វណ្ណឌីន ដោយបានព្រមានដល់ម្ចាស់មូលដ្ឋានសុខាភិបាលឯកជនទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការផ្តល់សេវាប្រកបដោយគុណភាព សុវត្ថិភាព និងគោរពក្របសីលធម៌វិជ្ជាជីវៈ ដោយស្មារតីទទួលខុសត្រូវខ្ពស់៕
Tag:
សុខាភិបាល
ស្ពានមង្គល
© រក្សាសិទ្ធិដោយ thmeythmey.com