កីឡាជាតិ
ជាតិ
អត្ដពលិកគុនល្បុក្កតោកម្ពុជា ដណ្ដើមបាន៤មេដាយ ពីព្រឹត្តិការណ៍យុទ្ធគុនអន្ដរជាតិនៅកូរ៉េខាងត្បូង
21, Aug 2023 , 10:59 pm        
រូបភាព
អត្ដពលិកគុនល្បុក្កតោកម្ពុជា ប្រកួតក្នុងព្រឹត្តិការណ៍យុទ្ធគុនអន្ដរជាតិ រូបពីសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា
អត្ដពលិកគុនល្បុក្កតោកម្ពុជា ប្រកួតក្នុងព្រឹត្តិការណ៍យុទ្ធគុនអន្ដរជាតិ រូបពីសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា
កីឡាករ-កីឡាការិនីគុនល្បុក្កតោកម្ពុជា ៥រូប ដណ្ដើមបានមេដាយ ចំនួន៤ ក្នុងនោះប្រាក់១ និងសំរិទ្ធ៣ ពីការប្រកួតយុទ្ធគុនអន្ដរជាតិ ឆ្នាំ២០២៣ (The International Martial Arts Contest) នៅទីក្រុងឃ្យូងយូរ ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣។ លោក អ៊ូ តារា បានបញ្ជាក់ថា បន្ទាប់ពីចូលរួមក្នុងព្រឹត្តិការណ៍នេះ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ទទួលបានរឿងវិជ្ជមានចំនួន៣ គឺការបង្ហាញនូវវឌ្ឍនភាពក្បាច់គុនបុរាណខ្មែរ​ ទៅកាន់ប្រទេសផ្សេងៗ, យល់ដឹងពីការអភិវឌ្ឍ បន្ថែមក្បាច់គុននានា តាមប្រទសនីមួយៗ និង ដឹងពីចំណុចខ្លាំង និងចំណុចខ្សោយរបស់អត្ដពលិក ដើម្បីពង្រឹងបន្ថែម។



លោក អ៊ូ តារា អគ្គលេខាធិការរងសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានប្រាប់សារព័ត៌មានថ្មីៗ តាមតេលេក្រាមថា មេដាយចំនួន ៤ ដែលអត្ដពលិករកបាន។ មេដាយទាំងនោះរកបានដោយ៖ កីឡាករ ឈើន វណ្ណរិទ្ធ និងកីឡាករ រុន សាលីត ឈ្នះមេដាយប្រាក់ លើវិញ្ញាសា Weapon Dou, កីឡាករ ធួន ណារាក់ មេដាយសំរិទ្ធ ចំណាត់ថ្នាក់លេខ៤ វិញ្ញាសា Weapon Single Male, កីឡាការិនី សេន សាហ្វីរ៉ា មេដាយសំរិទ្ធ ចំណាត់ថ្នាក់លេខ៤ វិញ្ញាសា Weapon Single Female និងកីឡាករ ពេជ្យ ពន្លឺ មេដាយសំរិទ្ធ ចំណាត់ថ្នាក់លេខ៥ លើវិញ្ញាសា Bare Hand Single Male។
 
លោក អ៊ូ តារា បានបញ្ជាក់ប្រាក់ថាទទួលបានលទ្ធផលវិជ្ជមាន ៣យ៉ាង ក្នុងការទៅបំពេញបេសកកម្ម នៅប្រទេសកូរ៉េខាងត្បូង។ ចំណុចវិជ្ជមានទី១ គឺកម្ពុជា បានបង្ហាញពីវឌ្ឍនភាព និងសក្ដានុពល នៃវិស័យកីឡាគុនល្បុក្កតោ ជាពិសេសការយកចិត្តទុកដាក់ ចូលរួមបន្ថែមពីថ្នាក់ដឹកនាំប្រទេស ទៅលើវិស័យកីឡាមួយនេះ។ «យើង បានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ទៅលើក្បាច់គុនបុរាណរបស់យើង រហូតបានវិវឌ្ឍទៅជាប្រភេទកីឡាមួយប្រភេទ ដែលមានការប្រកួតប្រជែង មានរចនាសម្ព័ន្ធគ្រប់គ្រង និងត្រឹមត្រូវតាមបែបកីឡា។

សមាជិកមកពីប្រទេសផ្សេងៗ ចាប់អារម្មណ៍ ក្នុងការសុំចូលជាសមាជិក ជាសហព័ន្ធកីឡាគុនល្បុក្កតោ។ យើង នឹងពង្រីកសាខា តាមបណ្ដារប្រទេសមួយចំនួនទៀត ដូចជាប្រទេសសិង្ហបុរី និងប្រទេសម៉ាឡេស៊ី ដែលត្រៀមចូលជាសមាជិករបស់សហព័ន្ធកីឡាគុនល្បុក្កតោ។»។ លោក អ៊ូ តារា បាននិយាយប្រាប់ដូច្នេះ។
 
អគ្គលេខាធិការរងរូបនេះ បន្ថែមទៀតថា ដោយសារតែគុនល្បុក្កតោ ត្រូវបានទទួលស្គាល់ដោយអង្គកាយូនីស្កូ (UNESCO)។ ក្នុងកិច្ចប្រជុំ UNESCO List Martial Arts Promotion Committee កម្ពុជា បានទទួលព័ត៌មានជាច្រើន នៃគម្រោងអភិវឌ្ឍ និងអភិរ័ក្សកីឡាគុនបុរាណ ពីបណ្ដាលប្រទេសជាសមាជិកនីមួយៗ។ អគ្គលេខាធិការរងរូបនេះ បាននិយាយបែបនេះថា៖«ក្បាច់គុន ដែលបានចុះបញ្ជីរ ជាសម្បត្តិបេតិក័ណ្ឌអរូបី នៃមនុស្សជាតិ គឺមិនមែនមានតែគុនល្បុក្កតោ របស់កម្ពុជានោះទេ គឺនៅបណ្ដាលប្រទេសផ្សេងៗ មានក្បាច់គុនប្រពៃណីរបស់គេ ដូចជា អេស្ស៊ីប, ឥណ្ឌូណេស៊ី តូគី និងនៅម៉ាឡេស៊ី ជាដើម ដែលសុទ្ធជាប្រទេសបានចុះឈ្មោះក្បាច់គុន ក្នុងសម្បត្តិបេតិកភ័ណ្ឌអរូបី នៃមនុស្សជាតិ។ ដូច្នេះ ការអភិវឌ្ឍ និងការអភិរ័ក្ស មានការខុសប្លែកគ្នា ទៅប្រទេស និងបរិបទសង្គមនីមួយៗ។ យើង ក៏បានដកពិសោធន៍ លើការងារនេះដែរ។»។
 
ចំណែកចំណុចវិជ្ជមានទី៣ នោះ លោក អ៊ូ តារា បានពន្យល់ថា កីឡាករ-កីឡាការិនីកម្ពុជា លទ្ធភាព នៅមានកំណត់ ដូច្នេះ សហព័ន្ធកីឡាគុនល្បុក្កតោ គ្រាន់តែអាចបញ្ជូនកីឡាករ ៤រូប និងកីឡាការិនី ១រូប ប៉ុណ្ណោះ។ «លទ្ធផល យើង ទទួលបានមេដាយប្រាក់ និងកីឡាករ កីឡាការិនីផ្សេងៗទៀត បានសំរិទ្ធ ក្នុងចំណោមប្រទេសជាច្រើន បញ្ជូនកីឡាករ-កីឡាការិនីមកប្រកួត។ យើង បានឃើញពីចំណុចខ្លាំង និងចំណុចខ្សោយរបស់យើង ដើម្បីកែសម្រួល និងសម្រួចបន្ថែម សម្រាប់ព្រឹត្តិការណ៍បន្ថែមទៀត។»។ លោក អ៊ូ តារា បានបញ្ជាក់ប្រាប់ដូច្នេះ។
 
ការចូលរួមក្នុងព្រឹត្តិការណ៍នេះ គឺដោយសារតែកម្ពុជា ចូលជាសមាជិក របស់ World Martial Art Union តាំងពីឆ្នាំ២០១៣។ ស្ថាប័នគុនអន្ដរជាតិនេះ មានសមាជិកសរុប ៧០ប្រទេស ចូលរួម៕
 

Tag:
 គុនល្បុក្កតោ
  អ៊ូ តារា
© រក្សាសិទ្ធិដោយ thmeythmey.com