ជាតិ
សេដ្ឋកិច្ច
ការនាំចេញរបស់កម្ពុជាទៅទីផ្សារប្រទេសអាសិប មានជាង៤ ៥០០លានដុល្លារ ក្នុងរយៈពេល៧ខែ
22, Aug 2023 , 8:59 pm        
រូបភាព
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មក្នុងពិធីសម្ពោធ នៃការបោះពុម្ពផ្សាយសៀវភៅស្តីពី«អាសិប៖ ផ្នែកទី១ ភូមិសាស្ត្រនយោបាយ ភូមិសាស្ត្រសេដ្ឋកិច្ច និងការវិភាគផ្នែកច្បាប់» នាថ្ងៃទី១៩សីហា។ រូបថត៖ MoC
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មក្នុងពិធីសម្ពោធ នៃការបោះពុម្ពផ្សាយសៀវភៅស្តីពី«អាសិប៖ ផ្នែកទី១ ភូមិសាស្ត្រនយោបាយ ភូមិសាស្ត្រសេដ្ឋកិច្ច និងការវិភាគផ្នែកច្បាប់» នាថ្ងៃទី១៩សីហា។ រូបថត៖ MoC
រយៈពេល៧ខែមកនេះ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារចំនួន១៤ប្រទេសដែលជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(អាសិប-RCEP)សម្រេចបានក្នុងទំហំ ៤ ៥៩០លានដុល្លារ។ ទំហំនេះមានកំណើនដល់២១ភាគរយ ធៀបនឹងគ្រាដូចគ្នាកាលឆ្នាំ២០២២។​ នេះបើតាម លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​ក្នុងពិធីសម្ពោធនៃការបោះពុម្ពផ្សាយសៀវភៅស្តីពី«អាសិប៖ ផ្នែកទី១ ភូមិសាស្ត្រនយោបាយ ភូមិសាស្ត្រសេដ្ឋកិច្ច និងការវិភាគផ្នែកច្បាប់» នាថ្ងៃទី១៩សីហា។​

 
Regional Comprehensive Economic Partnership (RCEP) គឺជាកិច្ចព្រមពៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ដែលមានប្រទេសចំនួន១៥ចូលរួម។ ក្នុងនោះមានប្រទេសទាំង១០របស់អាស៊ាន រួមជាមួយ ប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។ ក្រោយពី RCEP ចូលជាធរមាននៅថ្ងៃទី១មករា ឆ្នាំ២០២២ កម្ពុជាក៏ដូចប្រទេសទាំង១៤ទៀត គឺមានសិទ្ធិស្មើគ្នាក្នុងការនាំចេញផលិតផលកសិកម្ម ទៅកាន់ទីផ្សារប្រទេសណា ដែលមានសក្តានុពល។
 
លោក ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា អាសិប​ នឹងដើរតួយ៉ាងសំខាន់ក្នុងការធ្វើសមាហរណកម្មអាស៊ានទៅក្នុងសេដ្ឋកិច្ចពិភពលោក, ជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់, ទប់ទល់នឹងទំនោរនៃការប្រឆាំងសកលភាវូបនីយកម្មនិងការការពារនិយម។ លោករដ្ឋមន្ត្រីពាណិជ្ជកម្មរូបនេះបន្តរៀបរាប់យ៉ាងដូច្នេះ៖ « អាសិប​ ក៏ជាប្លុកពាណិជ្ជកម្មដ៏ធំបំផុតក្នុងពិភពលោក នាពេលបច្ចុប្បន្នដែលមាន១៥ប្រទេសជាមួយនឹងផលិតផលក្នុងស្រុកសរុបចំនួន ២៦,២ ទ្រីលានដុល្លារ»។  
 
បើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម អាសិប តំណាងឱ្យ៣០ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក, ២៨ភាគរយនៃពាណិជ្ជកម្មពិភពលោក និង ៣២,៥ភាគរយនៃការវិនិយោគសកល។
 
«អាសិប គឺជា​ប្រធាន​បទ​ដែលខ្ញុំស្រលាញ់ពេញចិត្តយ៉ាងខ្លាំងក្នុង​អាណត្តិជារដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម»។ នេះជាការលើកឡើងរបស់លោកប៉ាន សូរស័ក្តិ ដោយបន្តថា កម្ពុជាយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក រាប់ចាប់តាំងពីកម្ពុជាចូលជាសមាជិកអាស៊ានក្នុងឆ្នាំ១៩៩៩។ កម្ពុជា បានប្រើប្រាស់តួនាទីរបស់ខ្លួនយ៉ាងសកម្មក្នុងការពង្រឹងដំណើរការនៃទីផ្សារនិងមូលដ្ឋានផលិតកម្មតែមួយរបស់អាស៊ាន ព្រមទាំងចូលរួមលើកកម្ពស់អាស៊ានជាតំបន់ពាណិជ្ជកម្ម វិនិយោគ និងខ្សែច្រវាក់ផ្គត់ផ្គង់សកល។
 
ផ្អែកតាមលទ្ធផលនៃការសិក្សារបស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា(ERIA) បានបង្ហាញថា កម្ពុជាអាចមានកំណើនប្រចាំឆ្នាំនៃការនាំចេញចំនួន៧,៣ភាគរយ  វិនិយោគចំនួន២៣,៤ភាគរយ និងផលិតផលក្នុងស្រុកសរុបប្រមាណ២ភាគរយ លើផលិតផលក្នុងស្រុកដែលមានបច្ចុប្បន្ន។  
 
កម្ពុជាទទួលបានភាពអនុគ្រោះពីកិច្ចព្រមព្រៀងនេះលើមុខទំនិញសំខាន់ជាច្រើន។ រួមមាន ទំនិញកសិកម្ម៖ គ្រាប់ស្វាយចន្ទី​ ពោត ដូង​​ ស្វាយស្រស់ ចេក ដំលូងជ្វា ទឹកឃ្មុំ ម្សៅរម្សៀត ក្រូច ល្ហុង ទុរេន ត្របែក និងស្រកានាគ...ជាដើម។ ទំនិញកសិកម្មកែច្នៃ៖ មានគុយទាវ នំក្រៀម សំបុកត្រចៀកកាំ ទំនិញកែច្នៃពីត្រី ដំណាប់ស្វាយ ដំណាប់ទុរេន មីកញ្ចប់..., ទំនិញឧស្សាហកម្ម៖ មាន កង់ សម្លៀកបំពាក់ ស្បែកជើង គ្រឿងបង្គុំអេឡិចត្រូនិក ខ្សែកាប​ កាបូបយួរដៃ​ វ៉ាលិស... ជាដើម។​
 
គួរជម្រាបថា ​​៧ខែមកនេះ  ទំហំពាណិជ្ជកម្មរបស់កម្ពុជា​ជាមួយទីផ្សារប្រទេសក្នុងពិភពលោកសម្រេច បានសរុប២៧ពាន់លានដុល្លារ ថយចុះ១៥,៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ក្នុងនោះការនាំចេញរបស់កម្ពុជាសម្រេចបាន១៣ពាន់លានដុល្លារ ថយចុះ១,៨ភាគរយ ខណៈការនាំចូលវិញថយចុះ២៥,៦ភាគរយ ដែលសម្រេចបានក្នុងរង្វង់ទឹកប្រាក់១៤ពាន់លានដុល្លារ៕ 
 

Tag:
 ពាណិជ្ជកម្ម
  អាសិប​
© រក្សាសិទ្ធិដោយ thmeythmey.com