កីឡាជាតិ
ជាតិ
AFC Cup៖ លោក Oleg ថាជំនួប ភ្នំពេញក្រោន-Tampines Rover អាចចាញ់ឈ្នះដោយភ្លាត់ស្នៀត
23, Aug 2023 , 7:59 am        
រូបភាព
ការប្រកួតរវាងភ្នំពេញក្រោន ជាមួយ Young Elephant FC ក្នុងព្រឹត្តិការណ៍ AFC Cup
ការប្រកួតរវាងភ្នំពេញក្រោន ជាមួយ Young Elephant FC ក្នុងព្រឹត្តិការណ៍ AFC Cup
ភ្នំពេញក្រោន ត្រូវប្រកួតជាមួយ Tampines Rover FC ក្នុងវគ្គជម្រុះបឋម AFC Cup នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៦:៣០ ល្ងាច នៅកីឡដ្ឋាន Jalan Besar ប្រទេសសិង្ហបុរី។ លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន ជឿថាជំនួបនេះ នឹងតានតឹង ហើយប្រសិនជាក្រុមណាមួយ បង្កើតកំហុស ឬក៏ភ្លាត់ស្នៀត នឹងខកខានទៅវគ្គបន្ត។ បន្ថែមលើសពីនេះ កីឡាករ អ៊ន់ ចាន់ប៉ូលីន ប្រធានក្រុមភ្នំពេញក្រោន យល់ថា ក្រុមសិង្ហបុរី Tampines Rover FC មានប្រៀបច្រើនជាង ដោយសារលេងនៅក្នុងទឹកដីរបស់គេ។ ទោះបីជាយ៉ាងនេះក៏ដោយ ប្រធានក្រុមរូបនេះ បញ្ជាក់ថា កូនក្រុម នឹងប្រឹងឲ្យអស់ពីសមត្ថភាព។



ភ្នំពេញក្រោន និង Tampines Rover FC ត្រូវការឈ្នះដូចគ្នា ដើម្បីបានកៅអីទៅវគ្គចែលពូល នៃពានរង្វាន់ AFC Cup។ លោក Oleg Starynskyi ដូចជាមិនទាន់រំពឹងលើលទ្ធផលឈ្នះទាំងស្រុកទេ ទៅលើក្រុមម្ចាស់ផ្ទះ ប៉ុន្ដែគ្រូបង្វឹករូបនេះ ជឿថាក្រុមទាំងសងខាង ត្រូវលេងដោយប្រុងប្រយ័ត្ន ប្រសិនជាបង្ករកំហុស ឬភ្លាត់ស្នៀត ប្រាកដជាចាញ់។
 
យោងទៅលើការផ្សាយលើហ្វេសប៊ុក របស់ក្លិបភ្នំពេញក្រោន លោក Oleg Starynskyi បាននិយាយដូច្នេះថា៖«សម្រាប់ការប្រកួតថ្ងៃស្អែកនេះ យើង រំពឹងថា ជាការប្រកួតដ៏តានតឹងសម្រាប់ក្រុមទាំង២ ហើយប្រសិនជាក្រុមណាមួយមានកំហុសនោះ នឹងធ្វើឲ្យមានការប្រែប្រួល ខ្ញុំមិនគិតថាក្រុមទាំង ២ មានឱកាសច្រើននោះទេ ប៉ុន្តែនៅថ្ងៃស្អែកយើង នឹងបង្ហាញឲ្យអស់ ដើម្បីឲ្យអ្នកគាំទ្ររីករាយជាមួយនឹងការប្រកួតនេះ។»។
  
លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន រូបពីក្លិបភ្នំពេញក្រោន

ក្នុងសន្និសីទដដែរនេះ កីឡាករ អ៊ន ចាន់ប៉ូលីន ទទួលស្គាល់ថា Tampines Rover FC គឺជាក្រុមខ្លាំងមួយ នៅប្រទេសសិង្ហបុរី ដោយមានកីឡាករ ដែលមានគុណភាពល្អច្រើន។ ប្រធានក្រុមនេះ បន្ថែមទៀត ក្រុមម្ចាស់ផ្ទះ មានប្រៀបច្រើនជាង ព្រោះជាការប្រកួតនៅក្នុងទឹកដីខ្លួន ដែលមានអ្នកគាំទ្ររបស់គេជាច្រើនផងដែរ ប៉ុន្ដែអ្វី ដែលអាចធ្វើបានសម្រាប់ភ្នំពេញក្រោន គឺជាការត្រៀមខ្លួនឲ្យបានល្អ និងប្រឹងប្រកួតអស់ពីសមត្ថភាព។
 
«យើង ព្យាយាមរៀបចំក្រុមបន្ថែមទៀត ហើយសម្រាប់ការប្រកួតនេះយើងដឹងថាពួកគេជាក្រុមខ្លាំង ជាមួយនិងកីឡាករល្អៗ ហើយមួយទៀតនោះគឺពួកគេលេងនៅក្នុងដីរបស់គេ ដែលនេះគឺជាផលចំណេញមួយសម្រាប់គេ។ ប៉ុន្តែ សម្រាប់យើង អ្វី ដែលសំខាន់នោះគឺការរៀបចំការប្រកួតនេះ យើងនឹងព្យាយាមឲ្យអស់ពីលទ្ធភាពក្នុងនាមជាក្រុមតំណាងឲ្យកម្ពុជា។»។ តាមរយៈហ្វេសប៊ុកក្លិបភ្នំពេញក្រោន ប្រធានក្រុមរូបនេះ បានប្រាប់ដូច្នេះ។
 
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ភ្នំពេញក្រោន ម្ចាស់ជើងឯកលីគកំពូលកម្ពុជា រដូវកាល២០២២ បានយកឈ្នះ លើម្ចាស់ជើងឯកលីគកំពូលឡាវ Young Elephant FC ក្នុងលទ្ធផល ៣-០ នៅក្នុងវគ្គជម្រុះបឋម។ ដោយឡែកក្នុងវគ្គដដែរនេះ ភ្នំពេញក្រោន ត្រូវប្រកួតជាមួយ Tampines Rover FC ដើម្បីដណ្ដើមកៅអីទៅវគ្គចែកពូល ក្នុងព្រឹត្តិការណ៍ AFC Cup៕
 

Tag:
 បាល់ទាត់
  AFC Cup
© រក្សាសិទ្ធិដោយ thmeythmey.com