កីឡាអន្តរជាតិ
អន្តរជាតិ
លោក ​Henry ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមអាយុក្រោម ២១ឆ្នាំបារាំង
23, Aug 2023 , 8:39 am        
រូបភាព
អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិបារាំងលោក Thierry Henry ត្រូវបានតែងតាំងជាគ្រូបង្វឹករបស់ក្រុមអាយុក្រោម ២១ឆ្នាំ បារាំង រហូតដល់ឆ្នាំ ២០២៥។ សហព័ន្ធកីឡាបាល់ទាត់បារាំង FFF បានប្រកាសនាថ្ងៃទី២១ ខែសីហា។



វីរបុរសក្រុមកាំភ្លើងធំ Arsenal ក៏នឹងមានភារកិច្ចដឹកនាំក្រុមយុវជនមាន់គកបារាំងប្រកួតនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ ផងដែរ។ លោក Henry បានជំនួសតំណែងលោក Sylvain Ripoll ដែលត្រូវបានក្រុមបារាំងបញ្ចប់តំណែងកាលពីដើមឆ្នាំ បន្ទាប់ពីក្រុមធ្លាក់ចេញពីការប្រកួតក្នុងពានរង្វាន់ UEFA Euro U21។
 
រួមដំណើរជាមួយនឹងលោក Henry អតីតអ្នកចាត់ការក្រុម ​Angers លោក Gerald Baticle នឹងមកជួយដល់អតីតខ្សែប្រយុទ្ធក្រុម Arsenal ក្នុងនាមជាជំនួយការគ្រូបង្វឹក។
 
អតីតខ្សែប្រយុទ្ធបារាំងដ៏មុតស្រួច និងជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេនៅក្រុមជម្រើសជាតិបារាំង Henry នឹងវិលមកដឹកនាំក្រុមឡើងវិញ ក្រោយចាកចេញពីតំណែងក្នុងនាមជាគ្រូជំនួយក្រុមជម្រើសជាតិបែលហ្ស៊ិក ក្រោយក្រុមធ្លាក់ចេញពីការប្រកួត World Cup 2022 ត្រឹមវគ្គចែកពូល។
 
Henry វ័យ ៤៦ឆ្នាំ អតីតកីឡាករក្រុម Barcelona រូបនេះ ក៏ធ្លាប់បានដឹកនាំក្រុមយុវជនរបស់ក្លិប Arsenal ព្រមទាំងក្រុម AS Monaco នៅក្របខណ្ឌ Ligue 1 និងក្រុម Montreal នៃក្របខណ្ឌ Major League Soccer។
 
លោក Henry បានបញ្ចប់អាជីពនៅឆ្នាំ ២០១៤ ដោយលោកជាកីឡាករដែលរកបានគ្រាប់បាល់ច្រើនជាងគេនៅក្រុមកាំភ្លើង ដោយរកបាន ២២៨គ្រាប់ និងបានបង្ហាញខ្លួនឱ្យបារាំងចំនួន ១២៣ប្រកួត រកបាន ៥១គ្រាប់។ Henry នឹងចូលដឹកនាំក្រុមអាយុក្រោម ២២ឆ្នាំ បារាំងដំបូងនៅក្នុងជំនួបទល់ក្រុមដាណឺម៉ាកនៅថ្ងៃទី៧ ខែកញ្ញា មុនពេលក្រុមត្រូវជួបស្លូវ៉ានីក្នុងការប្រកួតជម្រុះពានរង្វាន់ Euro នៅ ៤ថ្ងៃ បន្ទាប់៕
 

Tag:
 Thierry Henry
© រក្សាសិទ្ធិដោយ thmeythmey.com