កីឡាអន្តរជាតិ
អន្តរជាតិ
Gerrard ថាដំណឹង Greenwood ទៅរួមក្រុមខ្លួន Al-Ettifaq ជា Fake News
23, Aug 2023 , 7:29 pm        
រូបភាព
លោក ​Steven Gerrard គ្រូបង្វឹកក្រុម Al-Ettifaq នៃលីគកំពូលអារ៉ាប៊ីសាអូឌីត Saudi Pro league  បានច្រានចោលព័ត៌មានដែលថា ខ្លួនអនុញ្ញាតឱ្យកីឡាករ Mason Greenwood ទៅរួមក្រុម ​ដើម្បីកសាងទម្រង់លេងឡើងវិញក្រោយចាកចេញពី Manchester United។ Gerrard ចាត់ទុកព័ត៌មាននេះជា ព័ត៌មានក្លែងក្លាយ (Fake News)។



ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស វ័យ ២១ឆ្នាំ ត្រូវបានផ្សាយថាកំពុងតែស្វែងរកក្រុមថ្មីសម្រាប់ចូលរួមបន្ទាប់ពីរូបគេបានសម្រេចចែកផ្លូវជាមួយនឹងក្រុម Manchester United កាលពីថ្ងៃទី២១​ ខែសីហា។ Greenwood សម្រេចចេញពីបិសាចក្រហម ស្របពេលខ្លួនស្ថិតក្រោមការស៊ើប​អង្កេត​លើការចោទប្រកាន់ពីបទប៉ុនប៉ងរំលោភ និងប្រើអំពើហិង្សារយៈពេលជាង ១ខែរួចមក។
 
ទាក់ទងនឹងពាក្យចចាមអារ៉ាម លើការផ្លាស់ប្តូរ Greenwood ទៅកាន់ក្លិប Al-Ettifaq​​ អតីតខ្សែបម្រើក្រុមជម្រើសជាតិអង់គ្លេស​ និងអតីតគ្រូបង្វឹកក្រុម Aston Villa បានបង្ហោះសារនៅលើបណ្តាញសង្គម Instagram ថាជាព័ត៌មានក្លែងក្លាយ។
 
Greenwood ត្រូវបានក្រុមបិសាចក្រហមព្យួរពីក្រុមនៅក្នុងខែមករា ឆ្នាំ ២០២២ ទាក់ទង់នឹងបញ្ហាដែលរូបគេត្រូវបានចោទប្រកាន់ថាប៉ុនប៉ងរំលោភ ហើយថែមទាំងបានបង្កអំពើហិង្សាលើមិត្តស្រីរបស់គេ។ ព័ត៌មានទាំងអស់នោះត្រូវបានបង្ហោះនៅលើបណ្តាញសង្គម ហើយត្រូវបានគេចែករំលែកបន្តបន្ទាប់។
 
ការកាត់ទោសលើកីឡាករវ័យ ២១ឆ្នាំ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ប៉ុន្តែការចោទប្រកាន់ព្រហ្មទណ្ឌទាំងអស់ដែលប្រឆាំងលើរូបគេក៏នឹងត្រូវទម្លាក់នៅក្នុងខែកុម្ភៈ ឆ្នាំ​ ២០២៤។ ក្រុម Man United ក៏អះអាងថាខ្លួននឹងបើកការស៊ើប​អង្កេតលើ Greenwood ដែរបន្ទាប់ពីបទចោទទាំងឡាយលើរូបគេត្រូវបានទម្លាក់ ដោយក្លិបបានលើកឡើងកីឡាករវ័យ ២១ឆ្នាំ បានធ្វើឱ្យប៉ះពាល់ដល់តម្លៃក្លិប៕
 

Tag:
 Steven Gerrard
  Mason Greenwood
© រក្សាសិទ្ធិដោយ thmeythmey.com