កីឡាអន្តរជាតិ
អន្តរជាតិ
Lehmann តារាបាល់ទាត់ស្រីដ៏ស្រស់ស្អាតរបស់ Aston Villa បន្តកុងត្រាថ្មី ៣ឆ្នាំ
24, Aug 2023 , 10:19 pm        
រូបភាព
​កីឡាការិនី Alisha Lehmann បានប្តេជ្ញាសម្រាប់អនាគតរបស់នាងចំពោះក្លិប​ Aston Villa ដោយនាងបានបន្តកិច្ចសន្យារយៈពេល ៣ឆ្នាំ ជាមួយនឹងក្រុមស្ថិតក្នុងប្រទេសអង់គ្លេសមួយនេះ។



កីឡាការិនីសញ្ជាតិស្វ៊ីស បានយល់ព្រមបន្តស្នាក់នៅជាមួយនឹងក្រុម ដើម្បីបន្តប្រកួតប្រជែងក្នុងពានរង្វាន់ Women’s Super League នៃប្រទេសអង់គ្លេសរហូតដល់ឆ្នាំ ២០២៦ ជាមួយនឹងជម្រើសបន្តច្រើនឆ្នាំបន្ថែមទៀត។
 
ក្រោយការចុះកិច្ចសន្យា អ្នកចាត់ការ Aston Villa លោកស្រី Carla Ward អះអាងលើគេហទំព័រក្លិបដូច្នេះថា ៖ «Alisha ត្រូវបានក្លាយជាផ្នែកមួយនៃដំណើរផ្សងប្រេងរបស់យើង ចាប់តាំងពីការមកដល់របស់ខ្ញុំ ហើយនាងគឺជាផ្នែកមួយដ៏សំខាន់នៃគម្រោងរបស់យើងដើម្បីប្រជែងពាន។ នាងជាមនុស្សម្នាក់ដែលខ្ញុំពេញចិត្តនឹងការធ្វើការងារជាមួយ ហើយយើងរីករាយដែលនាងប្តេជ្ញាអនាគតដ៏យូអង្វែងរបស់នាងជាមួយយើង។»។
  


កីឡាការិនីវ័យ ២៤ឆ្នាំ បានបង្ហាញខ្លួនចំនួន ៥៤ប្រកួតឱ្យក្រុម Aston Villa ដោយនាងរកបាន ១០គ្រាប់កាលពីរដូវកាលមុន ដោយជួយក្រុមឈរនៅចំណាត់ថ្នាក់លេខ ៥ ក្នុងតារាងពានរង្វាន់ WSL និងឈានជើងដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Women’s FA Cup លើកដំបូងបំផុត។ ​
 
កាលពីពេលថ្មីនេះ Lehmann បានបង្ហាញវត្តមានលេងឱ្យក្រុមនារីស្វ៊ីសនៅក្នុងការប្រកួត Women’s World Cup 2023 ដែលធ្វើឡើងនៅក្នុងប្រទេសអូស្ត្រាលី និងនូវែលសេឡង់។ ស្វ៊ីសធ្លាក់ចេញពីការប្រកួតត្រឹមវគ្គ ១៦ក្រុមក្រោយរងបរាជ័យក្រោមថ្វីជើងអេស្ប៉ាញលទ្ធផល ៥-១។
 
«ជាមួយនឹងកីឡាការិនីដែលយើងមាននៅពេលនេះ យើងអាចទទួលបានជោគជ័យគ្រប់យ៉ាង ជាមួយក្រុមនេះ យើងមានភាពជាប់លាប់ ហើយវាជាដំណើរការល្អយើងពិតជារីករាយបំផុត។ យើងមានទំនាក់ទំនងជាក្រុមមួយ រាលើថ្ងៃយើងហ្វឹកហាត់រួមគ្នា ហើយក៏មាននូវទស្សនៈដូចៗគ្នាផងដែរ។»។ Lehmann បាននិយាយប្រាប់គេហទំព័រ LiveScore បែបនេះកាលពីខែមីនា ទាក់ទងនឹងទំនាក់ទំនងរវាងមិត្តរួមក្រុម៕
 
 

Tag:
 Aston Villa
  Alisha Lehmann
© រក្សាសិទ្ធិដោយ thmeythmey.com