កីឡាអន្តរជាតិ
អន្តរជាតិ
អូឡាំពិក​ប៉ារីស៖ ធ្លាយប្រព័ន្ធលូបង្ហូរទឹក ជាហេតុនាំឱ្យលុបចោលការធ្វើតេស្តកីឡាហែលទឹកក្នុងទន្លេសែន
25, Aug 2023 , 8:39 am        
រូបភាព
ធ្លាយប្រព័ន្ធលូបង្ហូរទឹកទំនងជាបានបង្កឱ្យមានការឆ្លងមេរោគទៅកាន់ទឹកនៅក្នុងដងទន្លេសែន (Siene) ក្នុងក្រុងប៉ារីស ដែលនាំឱ្យការប្រកួតកីឡាករហែលទឹកពិភពលោក ក៏ដូចជាការធ្វើតេស្តកីឡាហែលទឹកត្រៀមព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ ត្រូវលុបចោលជាបន្តបន្ទាប់។ ក្រុមប្រឹក្សាក្រុងប៉ារីសបាននិយាយបែបនេះកាលពីថ្ងៃទី២៣ សីហា។



បើតាមក្រុមប្រឹក្សាទីក្រុងប៉ារីស ក្រោយពីការស៊ើប​អង្កេត​ដោយអាជ្ញាធរសាធារណៈ បានចង្អុលទៅសន្ទះលូមួយកន្លែងបានលេចធ្លាយដែលបានបិទទ្វារទឹកមិនត្រឹមត្រូវនៃប្រព័ន្ធលូបង្ហូរទឹក ជាទីកន្លែងដែលត្រូវរៀបចំកម្មវិធីប្រកួតនានាកាលសប្តាហ៍មុន។
 
«សន្ទះបិទបើកដែលការពារទឹកភ្លៀងពីការហូចូលទៅក្នុងទឹកទន្លេសែន ហាក់ដូចជាលេចធ្លាយ។»។ លោក Amelie Oudea-Castera រដ្ឋមន្ត្រីក្រសួងកីឡាបាននិយាយប្រាប់កាសែត Le Parisien បែបនេះ។ ព័ត៌មាននៃបញ្ហាលេចធ្លាយនៃប្រព័ន្ធលូបង្ហូរទឹកនេះត្រូវបានចេញផ្សាយដោយកាសែត ​Le Canard Enchaine និង Le Parisien របស់បារាំង។



កាលពីសប្តាហ៍មុន ការធ្វើតេស្តកីឡាទ្រីយ៉ាត្លុង ត្រៀមសម្រាប់ព្រឹត្តិការណ៍ Paris 2024 ត្រូវបានលុបចោល ក្រោយពីពិនិត្យឃើញថាបញ្ហានៃគុណភាពទឹកក្នុងទន្លេសែនមិនអំណោយផលសម្រាប់ការប្រកួត។ កាលពីដើមខែសីហាព្រឹត្តិការណ៍កីឡាហែលទឹកពិភពលោក Water Swimming World Cup ក៏ត្រូវបានលុបចោល បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងធ្វើឱ្យគុណភាពទឹកប្រែជាកង្វក់ និងក្រោមស្តងដារនៃសុខភាព។
 
បច្ចុប្បន្នទីក្រុងប៉ារីស បានបន្តខិតខំប្រឹងប្រែងសម្អាតទឹកក្នុងដងទន្លេសែន ដើម្បីអាចសម្រួលដល់ការប្រកួតហែលទឹកបានឡើងវិញ។ បញ្ហានេះធ្លាប់កើតឡើងដូចនៅក្នុងអំឡុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ១៩០០ ផងដែរ៕
 
 

Tag:
 Paris 2024
  អូឡាំពិក
© រក្សាសិទ្ធិដោយ thmeythmey.com