កីឡាអន្តរជាតិ
អន្តរជាតិ
មេសហព័ន្ធបាល់ទាត់អេស្ប៉ាញ នឹងចេញពីតំណែងជុំវិញអាស្រូវថើបកីឡាការិនីនៅ World Cup
25, Aug 2023 , 2:41 pm        
រូបភាព
នាយកប្រតិបត្តិសហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) លោក ​Luis Rubiales នឹងចាកចេញពីតំណែង បន្ទាប់ពីត្រូវបានថ្កោលទោសខ្លាំងពីសំណាក់មជ្ឈដ្ឋានបាល់ទាត់ជុំវិញពិភពលោក ចំពោះការថើបលើកីឡាការិនីត្រង់បបូរមាត់ ក្រោយបញ្ចប់ការប្រកួត FIFA Women’s World Cup 2023។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយជាច្រើន នៅថ្ងៃទី២៤ ខែសីហា។



បើតាមរយៈរបាយការណ៍ដែលបានចុះផ្សាយ លោក Rubiales វ័យ ៤៦ឆ្នាំ នឹងដាក់សំណើរលាលែងពីតំណែងរបស់លោកក្នុងនាមជានាយកប្រតិបត្តិ RFEF នៅថ្ងៃទី២៥ ខែសីហា នៅឯមហាសន្និបាតវិសាមញ្ញនៃបាល់ទាត់អេស្ប៉ាញ។
 
បន្ទាប់ពីការប្រកួតក្រុមនារីអេស្ប៉ាញបានយកឈ្នះលើក្រុមនារីអង់គ្លេស ១-០ នៃជំនួបវគ្គផ្តាច់ព្រ័ត្រ World Cup 2023 ក្នុងទីក្រុងសីដ៍នីប្រទេសអូស្ត្រាលី លោក Rubiales បានថើបកីឡាការិនីខ្សែបម្រើ Jenni Hermoso ត្រង់បបូរមាត់នាកម្មវិធីបំពាក់មេដាយមាសដល់សមាជិក ដើម្បីជាការអបអរដល់ជ័យជម្នះ។
 
បុរសវ័យ ៤៦ឆ្នាំ ទទួលរងសម្ពាធខ្លាំងចំពោះមុខតំណែងរបស់លោក ក្រោយមានរឿងអាស្រូវនៃការថើបលើកីឡាការិនីកើតឡើង។ ជាមួយនឹងការរិះគន់ជាច្រើន ក្នុងនោះក៏រួមមានពីសំណាក់នាយករដ្ឋមន្ត្រីអេស្ប៉ាញលោក Pedro Sanchez និងលីគបាល់ទាត់ស្រ្តីអេស្ប៉ាញ ព្រមទាំងក្របខណ្ឌ La Ligaផង។
 
ស្របពេលគ្នានេះដែរ កាលពីថ្ងៃទី២៣ ខែសីហា កីឡាការិនី Jenni Hermoso សមាជិក្រុមជម្រើសជាតិអេស្ប៉ាញ បានស្នើឱ្យមានវិធានការប្រឆាំងលើនាយកប្រតិបត្តិសហព័ន្ធបាល់ទាត់អេស្ប៉ាញ (R​FEF) លោក Luis Rubiales ជុំវិញការថើបរូបនាងនៅលើបបូរមាត់អំឡុងពេលពិធីបំពាក់មេដាយដល់ក្រុមនារីអេស្ប៉ាញ ជើងឯក FIFA Women’s World Cup។ 
 
FUTPRO គឺជាសមាគមបានបង្កើតឡើងដោយស្ត្រីបាល់ទាត់ដែលកំពុងប្រកួតប្រជែងនៅក្នុងប្រទេសអេស្ប៉ាញ។
 
លើសពីនេះសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) ក៏នឹងចាត់វិធានការនៃនីតិវិធីច្បាប់របស់ខ្លួនដើម្បីដាក់ពិន័យលើលោក Rubiales ចំពោះការថើបលើកីឡាការិនី Jenni Hermoso ដូចគ្នាដែរ ស្របទៅតាមការរិះគន់របស់មតិក្នុងពិភពបាល់ទាត់៕
 

Tag:
 Women’s World Cup 2023
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com