កីឡាអន្តរជាតិ
អន្តរជាតិ
តុលាការឥណ្ឌូណេស៊ី លុបចោលការដោះលែងមន្ត្រីប៉ូលិសពីររូប ករណីរត់ជាន់គ្នាស្លាប់ក្នុងកីឡដ្ឋាន
25, Aug 2023 , 8:59 pm        
រូបភាព
តុលាការកំពូលឥណ្ឌូណេស៊ី នៅថ្ងៃទី២៤ ខែសីហា សម្រេចលុបចោលការដោះលែងមន្ត្រីប៉ូលិស ២រូប ដែលត្រូវបានចោទប្រកាន់ពីបទធ្វេសប្រហែសបណ្តាលឱ្យមានមនុស្សស្លាប់ក្នុងគ្រោះមរត់ជាន់គ្នាក្នុងកីឡដ្ឋានដ៏សាហាវបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់។ ការសម្រេចនេះ បន្ទាប់ពីតុលារការ កាត់ទោសប៉ូលិសទាំងពីរឱ្យជាប់គុក ស្របពេលមានការរិះគន់ពីសំណាក់ក្រុមគ្រួសារជនរងគ្រោះថា​មានភាពធូស្រាល។



ឧប្បត្តិហេតុរត់ជាន់គ្នាបណ្តាលឱ្យមនុស្សប្រមាណ ១៣៥នាក់ ដោយរួមមានក្មេងចំនួន ៤០នាក់ កាលពីខែតុលាឆ្នាំ ២០២២ ក្នុងកីឡដ្ឋាន Kanjuruhan របស់ក្លិប Arema FC នៃលីគកំពូលឥណ្ឌូណេស៊ី បន្ទាប់ពីក្រុមប៉ូលិសការពារសុវត្ថិភាពក្នុងការប្រកួតបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកបំបែកហ្វូងមនុស្សចូលអុកឡុកក្នុងទីលានប្រកួត។ អ្នកគាំទ្រក្រុមម្ចាស់ផ្ទះសម្រុកចូលអុកឡុកក្នុងទីលានក្រោយក្រុមខ្លួនរងបរាជ័យលទ្ធផល ៣-២ ក្រោមថ្វីជើងក្រុមគូប្រជែងក្នុងទីក្រុង Malang ភាគខាងកើតខេត្តជ្វា តែមួយគឺក្រុម Persebaya Surabaya។
 
សាច់ញាតិជនរងគ្រោះបានសម្តែងការអស់សង្ឃឹម និងស្រក់ទឹកភ្នែក បន្ទាប់ពីតុលាការភាគខាងកើតខេត្តជ្វា បានកាត់ក្តីកាលពីខែមីនា ដើម្បីអនុញ្ញាតឱ្យមន្ត្រីប៉ូលិសដែលជាមេគ្រប់គ្រងលើផ្នែកសណ្តាប់ធ្នាប់នាការប្រកួតមានសេរីភាព។ ប៉ុន្តែឯកសាររបស់តុលាការដែលបានចែករំលែកជាមួយនឹងទីភ្នាក់ងារសារព័ត៌មាន AFP បាននិយាយថាមន្ត្រីប៉ូលិសទាំងពីររូប ដែលមានលោក Bambang Sidik Achmadi អាយុ ៤៨ឆ្នាំ និងលោក Wahyu Setyo Pranoto វ័យ ៣៥ឆ្នាំ ត្រូវបានគេរកឃើញថាមានពិរុទ្ធភាពកាលពីថ្ងៃទី២៣ ខែសីហា ពីបទធ្វេសប្រហែសបណ្តាលឱ្យមនុស្សស្លាប់និងរបួស។
 
ឯកសារបានបង្ហាញថា សេចក្តីសម្រេចបានធ្វើឡើងបន្ទាប់ពីព្រះរាជអាជ្ញាបានដាក់បណ្តឹងឧទ្ធរណ៍ដើម្បីជំទាស់នឹងការលើកលែងទោស កាលពីមុន។ លោក Achmadi ត្រូវបានកាត់ទោសជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ខណៈលោក Pranoto ត្រូវបានកាត់ទោសឱ្យជាប់រយៈពេល ២ឆ្នាំកន្លះ។ 
 
បើតាមការអះអាងពីសំណាក់ព្រះរាជអាជ្ញា លោក Pranoto មិនបានអើពើនឹងបទប្បញ្ញតិ្តរបស់សហព័ន្ធបាល់ទាត់អន្តរជាតិ FIFA ដែលហាមឃាត់មិនឱ្យមានការប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកក្នុងការប្រកួតបាល់ទាត់ ខណៈដែលលោក Achmadi ត្រូវបានចោទប្រកាន់ពីបទបញ្ជាឱ្យមន្ត្រីក្រោមឱវាទរបស់លោកបាញ់ឧស្ម័នបង្ហូរទឹកភ្នែក។
 
ទោះជាយ៉ាងណាក្រុមគ្រួសារនៃជនរងគ្រោះក្នុងឧប្បត្តិហេតុរត់ជាន់គ្នាក្នុងកីឡដ្ឋាន បានបង្ហាញអារម្មណ៍មិនពេញចិត្តចំពោះការសម្រេចចិត្តដាក់ទោសពីសំណាក់តុលាការ ដោយបានចាត់ទុកថាការកាត់ទោសមានភាពធូរស្រាលពេក៕
 

Tag:
 បាល់ទាត់​
  ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com