កីឡាអន្តរជាតិ
អន្តរជាតិ
Liverpool ច្រានចោលសំណើពីក្លិបអារ៉ាប៊ីសាអូឌីត ដែលចង់បាន Salah
25, Aug 2023 , 5:19 pm        
រូបភាព
ក្លិប Liverpool បានច្រានចោលសំណើពីសំណាក់ក្លិប Al Ittihad មកពីប្រទេសអារ៉ាប៊ីសាអូឌីត ដែលចង់បានខ្សែប្រយុទ្ធ​ឆ្នើម Mohamed Salah ។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍ ESPN នាថ្ងៃទី២៤ ខែសីហា។



Salah វ័យ ៣១ឆ្នាំ បានក្លាយជាគោលដៅរបស់ Al Ittihad ដែលមានខ្សែប្រយុទ្ធម្ចាស់ពានរង្វាន់ Ballon d’Or ឆ្នាំ ២០២២ Karim Benzema កំពុងតែប្រកបអាជីព។ Salah ជាគោលដៅចុងក្រោយដែលក្លិបស្ថិតក្នុងក្របខណ្ឌ Saudi Pro league ចង់នាំយកទៅក្នុងនាមជាកីឡាករល្បីឈ្មោះពីតំបន់អឺរ៉ុបចុងក្រោយគេ ផ្លាស់ទៅកាន់ប្រទេសស្ថិតក្នុងតំបន់មជ្ឈិមបូព៌ា។
 
អតីតមិត្តរួមក្រុម Liverpool របស់គេរួមមាន ខ្សែបម្រើ Fabinho បានចាកចេញពីក្រុមទៅចូលរួមក្រុម Al Ittihad ជាមួយតម្លៃនៃការផ្ទេរប្រមាណ ៥០លានដុល្លារ កាលពីខែកក្កដា ហើយក្លិបម្ចាស់ជើងឯកលីគកំពូលអារ៉ាប៊ីសាអូឌីត ក៏បានត្រៀមកញ្ចប់លុយសន្ធឹកសន្ធាប់ សម្រាប់ការដេញថ្លៃនាំយក Salah។ ខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីប មានកិច្ចសន្យាជាមួយ​ Liverpool ដល់ឆ្នាំ២០២៥។
 
បើតាមរយៈប្រភពដដែលបានអះអាងថា ក្លិបស្ថិតក្នុងប្រទេសអង់គ្លេស មិនមានចេតនាណាមួយ ក្នុងការចែកផ្លូវជាមួយតារាបាល់ទាត់ឆ្នើមរបស់ពួកគេឡើយ។ កាលពីមុន Liverpool ក៏បានដឹងអំពីចំណាប់អារម្មណ៍របស់ក្លិប Al Ittihad ចំពោះ Salah តែពួកគេមិនទាន់ទទួលបានសំណើដែលផ្តល់ជូនណាមួយជាផ្លូវការ ឬមិនផ្លូវការនៅឡើយ ពីក្លិបមកពី Saudi Pro League។ ទោះជាយ៉ាងណា ក្លិប Liverpool នឹងច្រានចោលរាល់សំណើដែលនឹងដាក់សម្រាប់នាំយក Salah។
 
ដោយឡែកការផ្ទេរកីឡាករ ក្នុងទីផ្សារដោះដូរនៅក្នុងក្របខណ្ឌ Premier League នឹងត្រូវបិទនៅត្រឹមថ្ងៃទី១ ខែកញ្ញា ក៏ដោយក្តី តែទីផ្សារដោះដូរកីឡាករ សម្រាប់ក្លិបនៅ Saudi Pro league នៅតែអាចបន្តនាំយកកីឡាករ បានរយៈពេលជាង ២សប្តាហ៍បន្ថែមទៀត ដោយទីផ្សារនឹងត្រូវបិទនៅថ្ងៃទី២០ ខែកញ្ញា។ ពេលវេលានៃការដោះដូរកីឡាកររបស់ក្លិបនៅ Saudi Pro league បានឱកាសបន្ថែម ដល់ក្លិបក្នុងការនាំយកកីឡាករចូលរួមក្រុមបន្ថែមពីតំបន់អឺរ៉ុប។
 
ក្លិប Liverpool ក៏ជាក្លិបដែលមានកីឡាករចាកចេញ ទៅកាន់ក្លិបនៅប្រទេសអារ៉ាប៊ីសាអូឌីតច្រើនរូប​ដែរ ដោយរួមមានខ្សែប្រយុទ្ធ Roberto Firmino ខ្សែបម្រើ Fabinho និង Jordan Henderson ដែលជាអតីតប្រធានក្រុមម្នាក់ផងដែរ៕
 

Tag:
 Liverpool
  Mohamed Salah
© រក្សាសិទ្ធិដោយ thmeythmey.com