ជាតិ
សេដ្ឋកិច្ច
រដ្ឋមន្ត្រីពាណិជ្ជកម្មថ្មី សន្យាបន្តដឹកនាំថែរក្សា ក្រុមគ្រួសារពាណិជ្ជកម្មជាធ្លុងមួយ នៅគ្រប់កាលៈទេសៈ
26, Aug 2023 , 8:20 pm        
រូបភាព
លោកស្រី ចម និម្មល រដ្ឋមន្ត្រីថ្មីរបស់ក្រសួងពាណិជ្ជកម្ម។ រូបថត៖ MoC
លោកស្រី ចម និម្មល រដ្ឋមន្ត្រីថ្មីរបស់ក្រសួងពាណិជ្ជកម្ម។ រូបថត៖ MoC
«ខ្ញុំសន្យាបន្តដឹកនាំថែរក្សា ក្រុមគ្រួសារពាណិជ្ជកម្មជាធ្លុងមួយ នៅគ្រប់កាលៈទេសៈ មានសំឡេងតែមួយ នៅលើគ្រប់សមរភូមិពាណិជ្ជកម្ម ទោះត្រជាក់ ទោះក្តៅ ទោះសមរភូមិធំឬតូច»។ រដ្ឋមន្ត្រីពាណិជ្ជកម្មថ្មី លោកស្រី ចម និម្មល បានអះអាងបែបនេះចំពោះ លោក ប៉ាន សូរស័ក្តិ អតីតរដ្ឋមន្ត្រីពាណិជ្ជកម្ម និងមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២៥សីហា។​

 
ក្នុងពិធី​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រសួងពាណិជ្ជកម្ម លោកស្រី ចម និម្មល​ បាន​ថ្លែងអំណរគុណ និង​អបអរសាទរ​​ចំពោះ លោក ប៉ាន សូរ​ស័ក្តិ សមាជិក​រដ្ឋសភា និង​ទទួលយក​គំរូ​វីរភាព តាមរយៈ​ស្នាដៃ និង​សមិទ្ធផល ដែល​សម្រេចបាន​ក្នុង​អាណត្តិ​កន្លងមក។ លោកស្រី  បញ្ជាក់ថា  ​សមិទ្ធផល​ទាំងនេះ​ បាន​ក្លាយជា​មូលដ្ឋានគ្រឹះ និង ​ផែនទី​បង្ហាញផ្លូវ​ដ៏​រឹងមាំសម្រាប់​ក្រសួងពាណិជ្ជកម្ម យកទៅ​ត្រងត្រាប់​និង​អនុវត្ត​បន្ត ដើម្បី​អាច​សម្រេចបាន​នូវ​សមិទ្ធផល​ធំៗ​ថ្មី​បន្ថែមទៀត​ ជូន​ដល់​រាជរដ្ឋាភិបាល​ក្នុង​នីតិកាល​ទី​៧ នៃ​រដ្ឋសភា​។
 

រដ្ឋមន្ត្រីពាណិជ្ជកម្មថ្មី លោកស្រី ចម និម្មល ឈរថតរូបជាមួយ លោក ប៉ាន សូរ ស័ក្តិ សមាជិក រដ្ឋសភា និង ជាអតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ រូបថត៖ MoC

នាឱកាស​នោះ ​លោក ប៉ាន សូរ​ស័ក្តិ សមាជិក​រដ្ឋសភា និង​ជា​អតីតរដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម ក៏បាន​អំណរគុណ​​ចំពោះ​ការលះបង់ និង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ទាំង​អស់នៃ​ក្រសួងពាណិជ្ជកម្ម ព្រមទាំង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដែល​បាន​រួមចំណែក​សម្រេចបាន​នូវ​ជោគជ័យ​ទាំងឡាយ នា​អាណត្តិ​រាជរដ្ឋាភិបាល​ក​ន្ល​ង​មក​ ផងដែរ។
 
លោកស្រី ចម និម្មល ដែល​ត្រូវបាន​គេ​ស្គាល់​ថា ​គឺជា​តំណាងរាស្ត្រ​ស្ត្រី​ដែលមាន​វ័យក្មេង​ជាងគេ​បំផុត​ក្នុងចំណោម​ឥស្សរជន​ស្ត្រី​ផ្សេងទៀត ដែល​បាន​ជាប់​ជា​តំណាងរាស្ត្រ​សម្រាប់​អាណត្តិ​ទី​៧​។ លោកស្រី គឺជា​កូនស្រី​បង្កើត​របស់លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ អតីតរដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​៕​ ​

Tag:
 ពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com