ជាតិ
​យុវជន​​មួយ​ចំនួន​ចង់​ដើរ​លើ​វិថី​​ភាពយន្ត ប៉ុន្តែ​ពិបាក​រក​សាលារៀន​​​ជំនាញ​
27, Aug 2023 , 9:20 am        
រូបភាព
ភ្នំពេញ៖​ យុវជន​មួយ​ចំនួន ​​​ចង់​ឱ្យ​មាន​​វគ្គ​បណ្ដុះ​បណ្ដាលខ្លីនិង​​វែង​​ ពាក់​ព័ន្ធ​នឹង​វិស័យ​ភាព​យន្ត​ ពិសេស​ផ្នែក​និពន្ធ​សេណារីយោ​​ភាព​យន្ត​ និង​ការ​ដឹក​នាំ​រឿង ឱ្យ​បាន​ច្រើន​និង​ទូលំទូលាយ​​​​​។ យុវជនទាំង​នោះ​​ បាន​លើក​ឡើង​ស្រដៀង​គ្នា​ថា​ ពួក​គេ​​ពិត​ជា​​ចង់​ប្រឡូក​ក្នុង​វិស័យ​​ភាព​យន្ត​ ប៉ុន្តែ​ពិបាក​រក​កន្លែង​រៀន​។



កាល​ពី​ពេល​កន្លង​ទៅ​ មជ្ឈមណ្ឌល​បុប្ផា​ណា បាន​​អញ្ជើញ​កវីនិពន្ធ ប៉ុល ពិសី ដែល​ជា​អ្នក​និពន្ធ​សេណារីយោ​ភាព​យន្ត​​ជើង​ចាស់ មក​ចែក​រំលែក​បទ​ពិសោធ​ផ្ទាល់​ខ្លួន ពាក់​ព័ន្ធ​នឹងការ​និពន្ធសាច់​​រឿង​ភាព​យន្ត​​​ កំណាព្យ ចម្រៀង រឿង​ល្ខោន​វិទ្យុ និង​ប្រលោម​​លោក​ជា​ដើម​។ ប៉ុន្តែ​អ្នក​ចូល​រួម ហាក់​ចាប់​អារម្មណ៍​ច្រើន លើ​​ការ​និពន្ធ​សាច់​រឿង​ សម្រាប់​ភាព​យន្ត។​ ​ 
 
ស្ថិត​ក្នុង​បន្ទប់​បញ្ចាំង​កុន​ជាន់​ផ្ទាល់​ដី​ នៃ​​មជ្ឈមណ្ឌល​បុប្ផាណា ដែល​មាន​ទំហំ​អាច​ផ្ទុក​មនុស្ស​បាន​ប្រមាណ​​៣០​នាក់​ បទ​បង្ហាញក្រោម​​​ប្រធាន​បទ​ “បទ​ពិសោធ និង​គន្លឹះនៃ​ការ​​តែង​និពន្ធ​” បាន​ទាក់​ទាញ​យុវជន​ភាគ​ច្រើន​។​ ក្នុង​ស្ថាន​ភាព​បន្ទប់​ពេញ​ សឹង​តែ​ខ្វះ​កន្លែង​អង្គុយ​ ​​អ្នក​ចូល​រួម​ត្រូវ​អង្គុយ​ឈ្មៀត​គ្នា ​ពួក​គេ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ និង​លើក​ជា​សំណួរ​សួរ​វាគ្មិន​យ៉ាង​ផុល​ផុស​។
  

 រូបពីមជ្ឈមណ្ឌលបុប្ផាណា

អង្គុយ​នៅ​កៅអី​ជួរ​មុខ​បង្អស់​ យុវជន​ ពិសិដ្ឋ ម៉ារ៉ាតុង វ័យ២១​ឆ្នាំ គឺ​ជា​អ្នក​ចូល​រួម​​ដែល​សកម្ម​នឹង​ការ​បញ្ចេញ​មតិយោបល់ រួម​ទាំង​ការ​សួរ​សំណួរ​ទៅ​វាគ្មិន​។ យុវជន​មក​ពី​ខេត្ត​កំពង់​ធំ​រូប​នេះ កំពុង​សិក្សា​​ជំនាញបច្ចេក​ទេសកាមេរ៉ា នៅ​ក្នុង​អង្គការ​ដើម្បី​ភាព​​ញញឹម​​នៃ​កុមារ ហៅ​កាត់​ថា PSE។ 
 
ម៉ារ៉ាតុង លើក​ឡើង​ក្រោយ​ការ​ធ្វើ​បទ​បង្ហាញ​បាន​បញ្ចប់​ ថា​បទ​បង្ហាញ​នោះ ​ពិត​ជា​មាន​សារៈសំខាន់​សម្រាប់​យុវជន​ជំនាន់​ក្រោយ ដូច​ជា​រូប​លោក ដែល​ចង់​ប្រឡូក​ក្នុង​វិស័យ​ភាព​យន្ត​។ បុរស​សម្បុរ​ស ពាក់​អាវ​យឺត​ដៃ​ខ្លី និង​ស្លៀក​ខោ​ខូវប៊យពណ៌​ខៀវ​​រូប​​នេះ អះអាង​ថា​ខ្លួនយល់​ច្រើន​​​ ពី​ការ​បង្កើត​បុគ្គលិក​លក្ខណៈ​របស់​តួអង្គ នៅ​ក្នុង​សាច់​រឿង​។ 
 
ម៉ារ៉ាតុង ដែល​កំពុង​សិក្សា​​ឆ្នាំ​ទី​២​ ថា​ខ្លួន​ពុំ​ដែល​ដឹង​ច្បាស់ឡើយ​ ថា​​ការ​​​កំណត់​ឬ​បង្កើត​ បុគ្គលិក​លក្ខណៈ​របស់​តួ​អង្គ​ច្បាស់​លាស់​​ មាន​សារសំខាន់​ខ្លាំង ក្នុង​ការ​ធ្វើ​ឱ្យ​សាច់​រឿង​មួយ​​ ​ចេញ​ជា​រូប​រាង​​និង​​មាន​គុណ​ភាព​។
  

 រូបពីមជ្ឈមណ្ឌលបុប្ផាណា

បុរស​សក់​រួញកាត់​​​ខ្លី​រូប​នេះ​ពន្យល់​៖«​សរសេរ​រឿង​មួយ​ត្រូវ​តែ​ដឹង ​ពីចរិត​របស់​តួអង្គ​ឱ្យ​បាន​ច្បាស់​ ទើប​មិន​វង្វេង​ចរិត​តួអង្គ​។ មាន​ន័យ​ថា​ពេល​ដែល​យើង​ ចាប់​ផ្ដើម​សរសេរ​រឿង​មួយ យើង​ចាប់​ផ្ដើម​ពី​ការ​ស្គាល់​តួអង្គ​។ ធ្វើ​បែប​នេះ​ទើប​មិន​ធ្វើ​ឱ្យ​យើង​វង្វេង​តួ​ និង​សាច់​រឿង​។ ចំណុច​នេះ​ខ្ញុំ​មិន​ធ្លាប់​ បាន​ដឹង​​ពី​មុនឡើយ​​។ ខ្ញុំ​ធ្លាប់​ជួប​បញ្ហា សរសេរ​រឿង​យូរ​ទៅ មិន​ដឹង​ថា​រឿង​របស់​ខ្ញុំ​ចេញ​ទៅ​ច្រក​ណា ព្រោះ​​ខ្ញុំ​មិន​ច្បាស់​ចរិត​តួ​​​»។ 
 
ចំណែក​យុវជន​ ហាន មេសា ដែល​បាន​ចូល​ស្ដាប់​ការ​ធ្វើ​បទ​បង្ហាញ “​គន្លឹះ​​នៃ​ការ​តែង​និពន្ធ” ក៏​ជាសិស្ស​ផ្នែកបច្ចេកទេស​កាមេរ៉ា​​ដែរ​​។ មេសា ដែល​មក​ពី​ខេត្ត​សៀមរាប មាន​ក្ដី​ស្រមៃ ចង់​ក្លាយ​ជា​អ្នក​សម្ដែង ជា​អ្នក​ដឹក​នាំ​សម្ដែង និង​ជា​អ្នក​និពន្ធ​សេណារីយោ​ភាព​យន្ត​​ ទាំង​​ដែល​ពី​មុន​គេ​មិន​ចូល​ចិត្ត​មើល​កុន​។ មេសា ដែល​មាន​អាយុ​២៣​ឆ្នាំ ក៏​មាន​បញ្ហា​​សរសេរ​សាច់​រឿង រក​ទី​បញ្ចប់​មិន​ឃើញ​ ដោយ​សារ​វង្វេង​តួអង្គ​ដែរ​។ 
 
យ៉ាងណា​ក៏​ដោយ ក្រោយ​​បាន​ស្ដាប់​ការ​ណែនាំ​របស់​វា​គ្មិន​រួច យុវជន​រាង​ខ្ពស់​ស្រឡះ​ សក់​​រួញកាត់​ម៉ូ​ត​សំបុក​មាន់​រូប​នេះ ​បាន​ដឹង​​ពី​របៀប​​​សម្រួច​ចរិត​តួអង្គ​ និងវិធី​​បញ្ចប់​រឿង​​ផង​ដែរ​​។ 
«ខ្ញុំ​​ពូកែភាសាខ្មែរ ហើយ​ខ្ញុំ​​ចូល​ចិត្ត​និពន្ធ។ ខ្ញុំ​មិន​ចូល​ចិត្ត​មើល​កុន មិន​ចូល​ចិត្ត​ភាព​ងងឹត​ ហើយ​ក៏​មិន​ចូល​ចិត្ត​សំឡេងឮ​ខ្លាំង​​ដែរ។​ ប៉ុន្តែ​មិន​ដឹង​ថា​ហេតុ​អ្វី​ ពេល​នេះ​បែរ​ជា​មក​ស្រឡាញ់ ​ការ​និពន្ធនិង​ការ​ផលិត​កុន​ទៅ​វិញ​។ ខ្ញុំ​សរសេររឿង​​យូរ​ទៅ​​វង្វេង​តួ​ គាំង​សរសេរ​ទៅ​មុខ​មិន​​រួច ហើយ​ទម្ងន់​រឿង​ស្រាល​ពេក»​។ មេសា បន្ថែម​។
  

 រូបពីមជ្ឈមណ្ឌលបុប្ផាណា

រីឯ​កញ្ញា ឆែ ច័ន្ទនិកា ក៏​ចង់​ក្លាយ​ជា​អ្នក​ដឹក​នាំ​រឿង​​ភាព​យន្ត​ដែរ​។ ឈរ​នៅ​ជិត​កន្លែង​តាំង​ពិព័រណ៍​រូបថត នៃ​មជ្ឈមណ្ឌល​បុប្ផាណាជាន់​​ផ្ទាល់​ដី​ នារី​មក​ពី​​​ខេត្ត​កំពង់​ធំ​រូប​នេះ​ ថា​ខ្លួន​រៀន​​បច្ចេក​ទេស​​កាមេរ៉ា​បណ្ដើរ និង​រៀន​អនុវត្ត​ន៍​ការ​តែង​និពន្ធ​សេណារីយោ​បណ្ដើរ​។ ទោះ​ជា​យ៉ាងណា ច័ន្ទ​និកា ដែល​មាន​សក់​វែង​ស្លូត​ខ្មៅរលោង​ ថា​ការ​​រៀន​តែង​និពន្ធ ក្នុង​សាលា​ជំនាញ​បញ្ចេក​ទេស​ ពុំ​គ្រប់​គ្រាន់​សម្រាប់​អភិវឌ្ឍ​សមត្ថភាព​ ការ​សរសេរ​សេណារីយោ​កុន​ឡើយ​។ ពុំ​អាច​គ្រប់​គ្រាន់​សម្រាប់​អភិវឌ្ឍ​សមត្ថភាព ព្រោះ​​គ្រូ​​បង្រៀនជំនាញ​បញ្ចេក​ទេស ​​ពុំ​មាន​ជំនាញ​ខាង​សរសេរ​សាណា​រីយោ​​ ដោយ​​​អាចត្រឹម​​ចែក​រំលែក​ចំណេះ​ទាំង​នេះ​បាន​ខ្លះ​ៗ​ប៉ុណ្ណោះ​។
 
យុវតី​ដែល​អះអាង​ថា​ខ្លួន​ជា​មនុស្ស​ចូល​ចិត្ត​អាន ចូល​ចិត្ត​សង្កេត និង​សិក្សា​ស្វែង​យល់​​ពី​ជីវប្រវត្តិ​​របស់​​មនុស្ស​ជុំ​វិញ​ខ្លួនរូប​នេះ​ ធ្លាប់​បាន​គិត​ថា ការ​និពន្ធ​គឺ​គ្រាន់​តែ​ផ្ដើម​ចេញ​ពី​ការ​ស្រមើ​ស្រមៃ ក៏​អាចនិពន្ធ​បាន​​។ ប៉ុ​ន្តែ​ក្រោយ​​ពេលដែល​នាង​​បាន​រៀន​ ទើប​ដឹង​ថា​ការ​និពន្ធ គឺ​មាន​ក្បួន​ខ្នាត​ត្រឹម​ត្រូវ​។​
 
នារី​សម្បុរ​ស្រអែម​ស្រស់​ និកា ពន្យល់​៖«ពួក​យើង​​រៀន​​ជា​មួយ​នឹង​ការ​អនុវត្ត​ផ្ទាល់ ដោយ​សិស្ស​ត្រូវ​សិក្សា​ស្រាវ​ជ្រាវ​ខ្លួន​ឯង។ ខ្ញុំ​​ធ្លាប់​បាន​ស្រាវ​ជ្រាវ​ ពី​ការ​សរសេរ​សេណារីយោ​កុនដែរ​ ប៉ុន្តែ​ទទួល​បាន​តិច​តួច។ ដោយ​សារ​សាលា​ខ្ញុំ​រៀន​ ផ្ដោត​​លើ​ជំនាញ​បញ្ចេក​ទេស​​កាមេរ៉ា។ គ្រូ​ៗ​គាត់​អាច​ចែក​រំលែក​ការ​សរ​សេរ​បាន​ ប៉ុន្តែ​គាត់​​ឱ្យ​ពួក​យើង​ស្រាវ​ជ្រាវ​ខ្លួន​ឯង ព្រោះ​គាត់​មិន​មាន​ជំនាញ​ខាង​នេះ​ទេ​។ ខ្ញុំ​​ទទួល​បាន​ច្រើន​ពី​អ្នក​គ្រូ»។ 
  

 រូបពីមជ្ឈមណ្ឌលបុប្ផាណា

​កវីនិពន្ធ ប៉ុល ពិសី ដែល​មាន​ជំនាញ​ខាង​ សរសេរ​សេណារីយោ​ភាពយន្ត ប្រលោម​លោក កំណាព្យ និង​និពន្ធ​បទ​ចម្រៀង​ជា​ដើម បាន​​​ផ្ដល់​ដំបូន្មាន​ថា មុន​នឹង​ចាប់​ផ្ដើម​សរសេរ​រឿង​ ត្រូវ​​​ឆ្លង​កាត់​៦​ដំណាក់​កាល​។ ​ទី​១ត្រូវ​គិត​សិន ​ថា​ចង់​សរសេរ​ពី​អ្វី? បន្ទាប់​មក​ត្រូវ​​ប្រមូល​ព័ត៌​មាន ​ឬ​ប្រមូល​រឿង​ដែល​​ពាក់​ព័ន្ធ​។ ចំណែក​ទី​២ ត្រូវ​យក​​ព័ត៌​មាន​​​ទាំង​នោះ​មក​មើល ហើយ​ជ្រើស​រើស​ថា​ខ្លួន​ចង់​សរសេរ​ពី​អ្វី​? ​ទី​៣ គឺ​សង្ខេប​គោល​រឿងខ្លី​​។ ឯទី​៤ សង្ខេបរឿង​​វែង​។ ចំណែក​ឯ​ទី​៥ សរសេរ​​ឆ្អឹង​រឿង។ និង​​​ទី​៦ គឺ​បែង​ចែក​ជា​ឈុត​ ដែល​អាច​និយាយ​បាន​ថា ជា​សេណារីយោភាព​យន្ត​​នោះ​ឯង​។ 
 
អ្នក​និពន្ធ​ដែល​មាន​ស្រុក​កំណើត​ ​នៅ​ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល​រូប​នេះ ពន្យល់​បន្ថែម​ដូច្នេះ​៖«​ឧទាហរណ៍​ថា ​យើង​ចង់​សរសេរ ​ពី​អំពើ​ហិង្សា​ក្នុង​គ្រួ​សារ​។ យើង​ប្រមូល​បាន ​ព័ត៌​មាន​ពាក់​ព័ន្ធ​នឹង​អំពើ​ហិង្សា​ យក​មក​ដាក់​នឹង​មុខ​។ ឧទាហរណ៍​ថា​យើង​ប្រមូល​បាន​១០​ចំណុច ទើប​យើង​សង្ខេប​ខ្លី​មួយ​។ នោះ​ហើយ​គេ​ហៅ​ថា​គោល​រឿង»​។ 
  

 រូបពីមជ្ឈមណ្ឌលបុប្ផាណា

វិល​មក​ ពិសិដ្ឋ ម៉ារ៉ាតុង​ វិញ លោកយល់ថា​ វិស័យ​ភាព​យន្តនៅ​កម្ពុជា​ផ្នែក​បច្ចេក​ទេស(ការ​ថត​និង​ចាប់​ប្លង់​) មាន​ភាព​ល្អ​ប្រសើ​រ​ជាង​មុន។ ប៉ុន្តែ​ទាក់​ទង​និង​ការ​សរសេរ​សេណារីយោ និង​ការ​ដឹក​នាំ​រឿង នៅ​មាន​កម្រិត​នៅ​ឡើយ​ ស្រប​ពេល​ផ្នែក​ទាំង​នេះ ពុំ​ទាន់​មាន​កន្លែង​រៀន​​ទូលំទូលាយ​។ យុវ​ជនសំឡេង​ធំ ​និយាយ​មួយ​ៗ​ហើយ​ច្បាស់​​រូប​នេះ ថា​ខ្លួន​​​ពិត​ជា​ស្រឡាញ់​ភាព​យន្ត​ ហើយ​មាន​ក្ដី​ស្រមៃ​ចង់​ឃើញ​វិស័យ​ភាព​យន្ត នៅ​កម្ពុជា​​រីក​ចម្រើន និង​មាន​​ស្ដង់​ដា​​ខ្ពស់​។ 
 
ទោះ​ជា​យ៉ាង​ណា អ្នក​និព​​ន្ធ​ ប៉ុល ពិសី ដែល​មាន​ឪពុក​ជា​គ្រូ​បង្រៀន ​ជា​កវីកំណាព្យ ​​និង​ជា​សមាជិក​ឆ្លើយ​ឆ្លង ​នៃ​ក្រុម​ជំនុំទំនៀម​ទម្លាប់​ខ្មែរ នា​សម័យ​សង្គម​រាស្ត្រ​និយម​​​ បាន​បញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀត​ ថា​គាត់​​មិន​មាន​បញ្ញាបត្រឡើយ ​ដោយ​​មាន​តែ​សញ្ញា​ឃើញ​ ដ្បិត​វិធី​សាស្ត្រ​​ដែល​អ្នក​នាង​​​ចេះ​ ​អាច​​​​មាន​ការ​ប្រែ​ប្រួល​ ឬ​ល្អៀង​នឹង​​​វិធី​សាស្ត្រ​​​តែង​និពន្ធ​ នា​ពេល​​បច្ចុប្បន្ន​​នេះ​។


 រូបពីមជ្ឈមណ្ឌលបុប្ផាណា

យ៉ាង​ណា​ក៏​ដោយ​ អ្នក​ចូល​រួម​ទាំង​អស់​ បាន​ទទូច​ហើយ​ទទូច​ទៀត ស្នើ​សុំ​ឱ្យ​កវីនិព​ន្ធ​ ប៉ុល ពិសី បើក​វគ្គ​បង្រៀន​ភាព​យន្ត​ នៅ​ឱកាស​ក្រោយទៀត​ក្នុង​ពេល​​ឆាប់​ៗ បើ​ទោះ​បី​ជា​កវីនិពន្ធ​រូប​នេះ​ អះអាង​ថា​កំពុង​មមាញឹក​ខ្លាំង​ក្ដី​។ អ្នក​ចូល​រួម​ទាំង​អស់ អះអាង​ថា​​ពួក​គេ ​នឹង​ចូល​រួមក្រេប​​យក​ចំណេះ​ទាំងនោះ​ ​​ដោយ​យក​ចិត្ត​ទុក​ដាក់​បំផុត ប្រសិន​មាន​​វគ្គ​បង្រៀន​ភាព​យន្ត​លើក​ក្រោយ​​​។
 
សូម​បញ្ជាក់​ថា កន្លង​ទៅ​ លោក ប៉ុក បូរក្ស ប្រធាន​នាយក​ដ្ឋាន​ភាព​យន្ត​ និង​ផ្សព្វផ្សាយ​​វប្បធម៌​ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ ធ្លាប់​​បាន​ប្រាប់​សារព័ត៌​មាន​ថ្មីៗ​ថា ដោយ​សារ​​សាលា​ភាព​យន្ត​​ ត្រូវ​ការ​ចំណាយ​​ប្រាក់​​ច្រើន​ និង​ធនធាន​មនុស្ស​ខ្ពស់ ដូច្នេះ​កម្ពុជា​ត្រូវ​ការ​ដៃ​គូរ​​សហការ​។ ជា​មួយ​​គ្នា​នេះ នាយក​ដ្ឋាន​ភាព​យន្ត​ និង​ផ្សព្វ​ផ្សាយ​​​វប្បធម៌​ បាន​នឹង​កំពុង​ស្វះ​ស្វែង​រក​ដៃ​គូរ​សហការ​រួច​ហើយ​៕

Tag:
 សិល្បៈ​
  ភាពយន្ត​
  កុន
 
© រក្សាសិទ្ធិដោយ thmeythmey.com