ជាតិ
«វង់ទស្សនា» ជាផ្នែកមួយជំរុញទេសចរឱ្យទស្សនាប្រាសាទតូចៗ
27, Aug 2023 , 2:40 pm        
រូបភាព
ទេសចរមួយក្រុម កំពុងទស្សនាប្រាសាទបន្ទាយសំរ៉ែ កាលពីថ្ងៃទី១ ខែ សីហា ឆ្នាំ២០២៣។ រូបថត៖ សែម វណ្ណា
ទេសចរមួយក្រុម កំពុងទស្សនាប្រាសាទបន្ទាយសំរ៉ែ កាលពីថ្ងៃទី១ ខែ សីហា ឆ្នាំ២០២៣។ រូបថត៖ សែម វណ្ណា
សៀមរាប៖ អាជ្ញាធរជាតិអប្សរា បានរៀបចំវង់ទស្សនាប្រាសាទក្នុងរមណីយដ្ឋានអង្គរ។ ការរៀបចំនេះ មានគោលបំណងគ្រប់គ្រងលំហូរភ្ញៀវទេសចរ សណ្ដាប់ធ្នាប់ និងជំរុញទេសចរ ឱ្យមានពេលវេលាបន្ថែមទស្សនាប្រាសាទតូចៗដ៏ស្រស់ស្អាត ក្នុងរមណីយដ្ឋានអង្គរ។

 

អាជ្ញាធរជាតិអប្សរា បានរៀបចំវង់ទស្សនាមួយទៀត នៅក្រុងអង្គរធំ ដើម្បីសម្រួលការទស្សនារបស់ភ្ញៀវទេសចរឱ្យកាន់តែល្អប្រសើរ។ វង់ទស្សនានេះ ចាប់ផ្តើមពីទីសក្ការៈព្រះអង្គងោក និងបញ្ចប់នៅប្រាសាទទេពប្រណម្យ ក្នុងក្រុងអង្គរធំ។ 
 
លោក ឡុង កុសល អគ្គនាយករង អាជ្ញាធរជាតិអប្សរា បានថ្លែងថា​ វង់ទស្សនាប្រាសាទ ដែលអាជ្ញាធរជាតិអប្សរា បានរៀបចំឡើង មានគោលបំណងសំខាន់ ណែនាំទេសចរឱ្យទស្សនាប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ ដោយមិនចំណាយពេលវេលាច្រើនលើសលុបនៅតែក្នុងប្រាសាទមួយកន្លែង។ ជាមួយគ្នានេះ ការរៀបចំនេះ ក៏បានជួយកាត់បន្ថយចំនួនភ្ញៀវទេសចរ ដែលកកស្ទះនៅប្រាសាទមួយផងដែរ។ ទេសចរ អាចទស្សនាប្រាសាទនានាផ្សេងទៀតក្នុងរមណីយដ្ឋានអង្គរច្រើនជាងមុន។ 
 
«យើងបានរៀបចំទីតាំងផ្សេងៗ សេវាកម្មផ្សេងៗ ដើម្បីឱ្យភ្ញៀវចេញពីមួយទីតាំងទៅមួយទីតាំងបានសព្វគ្រប់ និងបានពេញលេញ។ ក្នុងនាមយើង ជាម្ចាស់ផ្ទះ យើងបានរៀបចំកន្លែងណាខ្លះ សម្រាប់ទេសចរ គួរទៅទស្សនា និងកន្លែងណាខ្លះ សម្រាប់គាត់ អាចអង្គុយសម្រាកជាដើម»។ លោក ឡុង កុសល ថ្លែងដូច្នេះ។ 
 
ក្រោយមានការរៀបចំវង់ទស្សនាត្រឹមត្រូវ ភ្ញៀវទេសចរ អាចទស្សនាប្រាសាទ បានគ្រប់ជ្រុងជ្រោយជាងមុន។ ជាមួយគ្នានេះ ទេសចរ ក៏មិនបានដើរកាត់ស្មៅក្នុងតំបន់ប្រាសាទ ឱ្យខូចសោភ័ណភាពដូចមុនដែរ។ ការណ៍នេះ ធ្វើឱ្យរមណីយដ្ឋានអង្គរ កាន់តែមានសម្រស់ស្រស់ត្រកាលជាមុន។ 
 
អាជ្ញាធរជាតិអប្សរា កំពុងរៀបចំបន្ថែមខ្សែទស្សនាគយគន់ថ្ងៃលិច និងថ្ងៃរះ។ បច្ចុប្បន្ននៅក្នុងរមណីយដ្ឋានអង្គរមានទីតាំងគយគន់ថ្ងៃលិច និងថ្ងៃរះដ៏មានភាពទាក់ទាញ  និងពេញនិយមចំនួនពីរគឺ ប្រាសាទអង្គរវត្ត និងប្រាសាទភ្នំបាខែង។ ដើម្បីធ្វើឱ្យមាន ភាពសម្បូរបែបនិងបញ្ចៀសការកកកុញលំហូរនៃភ្ញៀវទេសចរនៅក្នុងតំបន់អង្គរ អាជ្ញាធរជាតិអប្សរា បានរៀបចំខ្សែទស្សនាគយគន់ថ្ងៃលិច និងថ្ងៃរះដែលមាន សក្តានុពលនៅប្រាសាទភ្នំក្រោម ស្រះស្រង់ ខ្លោងទ្វារទន្លេអុំ កំពែង អង្គរធំ(ប្រាសាទជ្រុងទិសនិរតី) និងបារាយណ៍ខាងលិច បន្ថែមទៀត ក្រៅពីប្រាសាទអង្គរវត្ត និងប្រាសាទភ្នំបាខែង៕ 

Tag:
 (វង់ទស្សនា
  ឡុង កុសល
  អង្គរវត្ត
  រមណីយដ្ឋានអង្គរ)
© រក្សាសិទ្ធិដោយ thmeythmey.com