កីឡាអន្តរជាតិ
អន្តរជាតិ
UCL ចាប់ផ្តើមពាក់កណ្តាលខែកញ្ញា ដែលជាការប្រកួតតាមវគ្គចែកពូល មុនប្ដូរទៅជាទម្រង់លីគ
28, Aug 2023 , 8:00 am        
រូបភាព
ការប្រកួតក្លិបជើងឯកកំពូលក្នុងតំបន់អឺរ៉ុបUEFA Champions Leagues  នឹងចាប់ផ្តើមនៅរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះហើយ។ រដូវកាល ២០២៣-២៤ ជាការប្រកួតចុងក្រោយដែលមានវគ្គចែកពូល មុនប្ដូរទៅជាទម្រង់លីគវិញ។


ការចាប់ក្រុមសម្រាប់វគ្គចែកពូលនឹងធ្វើឡើងនៅថ្ងៃទី៣១ ខែសីហា បន្ទាប់ពីក្រុមត្រូវប្រកួតប្រជែងវគ្គជម្រុះ Playoffs ដណ្តើមកៅអីវគ្គចែកពូលរួចរាល់។
 
ការចាប់ពូលដែលមាន២៦ក្រុម សុទ្ធសឹងតែជាក្រុមបញ្ចប់ចំណាត់ថ្នាក់កំពូលៗតារាងនៅលីគទាំងកំពូលធំៗតំបន់អឺរ៉ុប ខណៈដែលកៅអីចំនួន ៦ផ្សេងទៀតត្រូវប្រគល់ដល់ក្រុមដែលត្រូវឆ្លងកាត់វគ្គជម្រុះក្នុងតំបន់ជាបន្តបន្ទាប់។ ​ក្រុម Manchester City ជាក្រុមត្រូវការពារតំណែងជើងឯក​ ខណៈមានក្រុម ៣ផ្សេងទៀតមកពីអង់គ្លេសមានដូចជា ​Manchester United, Arsenal និង Newcastle United។



ការចាប់ពូលនឹងនៅដដែលដោយបែងចែកជា៨ពូល ១ពូលមាន៤ក្រុម។ សម្រាប់វគ្គចែកពូល ក្រុមដែលមកពីប្រទេសដូចគ្នានឹងមិនត្រូវចាប់ឱ្យប្រកួតទល់គ្នាឡើយក្នុងវគ្គចែកពូល។
 
ទោះយ៉ាងណា ការប្រកួតដែលមានរចនាសម្ព័ន្ធទម្រង់ការប្រកួតវគ្គចែកពូលនេះនឹងត្រូវបញ្ចប់ត្រឹមរដូវកាល ២០២៣-២៤ នេះដោយចាប់ពីរដូវកាល ២០២៤-២៥ ទៅការប្រកួត UEFA Champions League មានការកើតឡើងក្រុមដល់ទៅ៣៦ក្រុម ហើយចាប់ឱ្យស្ថិតក្នុងលីគតែមួយរួមគ្នាតែម្តងសម្រាប់ប្រជែងដណ្តើមកៅអីវគ្គ១៦ក្រុម។
 
ពីឆ្នាំ ២០២៤ ក្រុមណាដែលបញ្ចប់ចំណាត់កំពូលពីលេខ១ដល់៨នឹងត្រូវឆ្លងទៅវគ្គជម្រុះ ១៦ក្រុមដោយស្វ័យប្រវត្តិ ចំណែកក្រុមដែលមានចំណាត់ថ្នាក់ពីលេខ ៩ ដល់ ២៤ នឹងត្រូវប្រជែង Playoffs ដណ្តើមកៅអីវគ្គ ១៦ក្រុម ដោយការប្រកួតធ្វើឡើងចំនួន ២ជើងទៅវិញទៅមក។ 
 
កំណែរទម្រង់ការប្រកួតថ្មីនេះនឹងបង្កើនចំនួនការប្រកួតសម្រាប់ក្រុមនីមួយៗ ហើយការប្រកួតសរុប មាន១៨៩ ខណៈកាលពីមុនដែលមានត្រឹម១២៥ប្រកួតប៉ុណ្ណោះ៕
 
ខាងក្រោមនេះជាកាលវិភាគការប្រកួត Champions League រដូវកាល ២០២៣-២៤៖
 
ការប្រកួតវគ្គចែកពូល

ការប្រកួតទី១ ពីថ្ងៃទី១៩ ដល់ទី២០ ខែកញ្ញា
ការប្រកួតទី២ ពីថ្ងៃទី៣ ដល់ទី៤ ខែតុលា
ការប្រកួតទី៣ ពីថ្ងៃទី២៤ ដល់២៥ ខែតុលា
ការប្រកួតទី៤ ពីថ្ងៃទី៧ ដល់ទី៨ ខែវិច្ឆិកា
ការប្រកួតទី៥ ពីថ្ងៃទី២៨ ដល់ទី២៩ ខែវិច្ឆិកា
ការប្រកួតទី៦ ពីថ្ងៃទី១២ ដល់ទី១៣ ខែធ្នូ
 
ការប្រកួតវគ្គជម្រុះ ១៦ក្រុម

ការចាប់ឆ្នោតវគ្គ ១៦ក្រុមធ្វើឡើងនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២៣ 

ការប្រកួតវគ្គ ១៦ក្រុមជើងទីមួយចាប់ពីថ្ងៃទី១៣ ដល់ ១៤ និង ២០ ដល់ ២១ ខែកុម្ភៈ ឆ្នាំ ២០២៤
ការប្រកួតវគ្គ ១៦ក្រុមជើងទីពីរចាប់ពីថ្ងៃទី៥ ដល់ ៦ ១២ ដល់ ១៣ ខែមីនា ឆ្នាំ​២០២៤
 
ការប្រកួតវគ្គ ៨ក្រុមចុងក្រោយ

ការចាប់ឆ្នោតសម្រាប់វគ្គ ៨ក្រុមចុងក្រោយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២៤ឮ
ការប្រកួតវគ្គ ១/៤ជើងទីមួយ​ ចាប់ពីថ្ងៃទី៩ ដល់ ១០ ខែមេសា ឆ្នាំ ២០២៤
ការប្រកួតវគ្គ ១/៤ជើងទីពីរ ចាប់ពីថ្ងៃទី១៦ ដល់ ១៧ ខែមេសា ឆ្នាំ ២០២៤
 
ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
 
ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទីមួយពី ថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ​ ២០២៤
ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទីពីរ ពីថ្ងៃទី៧ ដល់ ៨ ខែឧសភា ឆ្នាំ​២០២៤
វគ្គផ្តាច់ព្រ័ត្រ UEFA Champions League រដូវកាល ២០២៣-២៤​ នឹងធ្វើឡើងនៅថ្ងៃទី១ ខែមិថុនា នាកីឡដ្ឋាន Wembley ប្រទេសអង់គ្លេស៕

Tag:
 (UEFA Champions League)
© រក្សាសិទ្ធិដោយ thmeythmey.com