ជាតិ
សម្រស់ធម្មជាតិខាងមុខអង្គរ​វត្ត ជួយបំបាត់ភាពនឿយហត់ក្នុងការទស្សនាប្រាសាទ
28, Aug 2023 , 8:30 am        
រូបភាព
សៀមរាប៖ នៅខាងមុខ ស្ពានហាលអង្គរ អាជ្ញាធរជាតិអប្សរា​ បានដាំដើមឈើជាច្រើនដើមបន្ថែម ដើម្បីឱ្យមានសោភ័ណភាព និងម្លប់ត្រជាក់ សម្រាប់ទេសចរ ដើរទៅទស្សនាប្រាសាទអង្គរវត្ត។ ដើមឡើយ ទីតាំងខាងមុខនេះ មានដើមឈើ មិនច្រើននោះទេ និងមានអ្នកលក់ដូរយ៉ាងច្រើន។

 

 

អំឡុងពេលកូវីដ-១៩ អាជ្ញាធរជាតិអប្សរា បានខិតខំបន្ថែមសម្រស់ដល់ប្រាសាទអង្គរវត្ត។ គ្មានទៀតឡើយ ការលក់ដូររញ៉េរញៃ និងគ្មានសណ្ដាប់ធ្នាប់ នៅខាងមុខប្រាសាទអង្គរវត្ត។ គ្មានទៀតឡើយ ដីហុយ សំឡេង ម៉ូតូ ឡាន និងសំឡេង អ្នកទិញ អ្នកលក់ តែមានសំឡេងសត្វយំ អមជាមួយរុក្ខជាតិស្រស់បំព្រង។ 
 
អាជ្ញាធរជាតិអប្សរា បានហាមមិនឱ្យមានរ៉ឺម៉ក់កង់បី ម៉ូតូកង់បីខ្មែរ ដឹកភ្ញៀវដល់ស្ពានហាលអង្គរ។ ផ្ទុយទៅវិញ អាជ្ញាធរជាតិអប្សរា បានរៀបចំផ្លូវដើរថ្មីសម្រាប់ទេសចរ និងបន្ថែមដើមឈើជាច្រើនដើម។ ទេសចរ ត្រូវដើរពីចំណតឡាន ម៉ូតូ មកកាន់ស្ពានហាលអង្គរ ដោយឆ្លងកាត់ក្រោមដើមឈើធំៗជាច្រើនដើម។ 
 
លោក ឡុង កុសល អគ្គនាយករង អាជ្ញាធរជាតិអប្សរា បានថ្លែងដូច្នេះ៖ «យើងរៀបចំធ្វើយ៉ាងណា ឱ្យទេសចរ មានអារម្មណ៍ផ្សារភ្ជាប់ធម្មជាតិ។ ចំណុចសំខាន់របស់អង្គរ មួយផ្នែកនោះ គឺធម្មជាតិ។ យើង ប្រឹងប្រែងដាំដើមឈើបន្ថែម ដើម្បីឱ្យមានភាពបៃតង»។ 
 
សូមជម្រាបថា មិនត្រឹមតែខាងមុខប្រាសាទអង្គរវត្តនោះទេ អាជ្ញាធរជាតិអប្សរា បានដាំដើមឈើជាច្រើន នៅទីធ្លាប្រាសាទអង្គរវត្ត។ ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា ក៏បានរៀបចំប្រព័ន្ធស្រោចស្មៅ ដើម្បីឱ្យទេសចរ ទទួលបានភាពស្រស់ស្រាយពីសម្រស់ធម្មជាតិក្នុងរមណីយដ្ឋានអង្គរ៕ 

Tag:
 (អង្គរវត្ត
  រមណីយដ្ឋានអង្គរ)
© រក្សាសិទ្ធិដោយ thmeythmey.com