កីឡាអន្តរជាតិ
អន្តរជាតិ
Kane បន្តរកបាន ២គ្រាប់ឱ្យ Bayern Munich តែ Tuchel មិនសប្បាយចិត្ត
28, Aug 2023 , 5:29 pm        
រូបភាព
​​Harry Kane រកបាន ២គ្រាប់នៅក្នុងការបង្ហាញខ្លួនឱ្យ  Bayern Munich ក្នុងទឹកដី Allianz Arena លើកដំបូង ក្នុងជ័ជម្នះលើក្រុម Augsburg លទ្ធផល ៣-១ ក្នុងជំនួបលីគអាល្លឺម៉ង់ នាថ្ងៃទី២៧ ខែសីហា។ លោក Thomas Tuchel អ្នកចាត់ការទូទៅ Bayern Munich នៅតែមិនសប្បាយចិត្តចំពោះលទ្ធផលនេះ។



ផ្លាស់ទៅចូលរួម Bayern Munich ក្នុងតម្លៃបំបែកកំណត់ត្រាប្រមាណ ១០០លានអឺរ៉ូ (១០៨លានដុល្លារ) ពីក្រុម ​Tottenham Hotspur កាលពីសប្តាហ៍មុន Kane បានគ្រាប់បាល់ជ័យជម្នះសម្រាប់ការបង្ហាញខ្លួននៅក្នុងក្របខណ្ឌ Bundesliga រួចមកហើយ ក្នុងជ័យជម្នះ ៤-០ លើក្រុម Werder Bremen។ 
 
នៅសប្តាហ៍ទី២ នៅកីឡដ្ឋាន Allianz Arena ខ្សែប្រយុទ្ធវ័យអន្តរជាតិអង់ក្លេស វ័យ ៣១ឆ្នាំ បន្តរកបាន២គ្រាប់បន្ថែមទៀត សម្រាប់ Bayern។ បង្ហាញខ្លួននៅក្នុងក្របខណ្ឌ Bundesliga ចំនួន ២លើក Kane រកបាន ៣គ្រាប់ហើយ ស្របពេលរូបគេជាកីឡាករទីបីរបស់ក្រុមជើងឯកលីគកំពូលអាល្លឺម៉ង់ដែលធ្វើបានកំណត់ត្រានេះ ចាប់តាំងពីលោក Adolfo Valencia ធ្វើបាននៅឆ្នាំ ១៩៩៣។
 
ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស ត្រូវបានក្រុម Bayern Munich ចំណាយប្រាក់ច្រើនសន្ធឹកសន្ធាប់លើកដំបូងប្រចាំប្រវត្តិសាស្រ្តរបស់ខ្លួន ដើម្បីស្វែងរកខ្សែប្រយុទ្ធមុតស្រួចបំពេញចន្លោះខ្វះខាត់ត្រង់តំបន់ប្រយុទ្ធជួរមុខ ចាប់តាំងពី Robert Lewandowski បានចាកចេញពីក្រុមនៅរដូវកាល ២០២២-២៣។ ទោះបីជាការឈ្នះ ២ប្រកួតជាប់គ្នានៅការចាប់ផ្តើមក្របខណ្ឌ Bundesliga ប៉ុន្តែគ្រូបង្វឹកលោក Thomas Tuchel បង្ហាញអារម្មណ៍មិនសប្បាយចិត្តជាមួយនឹងទម្រង់លេងរបស់ក្រុមនៅឡើយ។
 
«យើងលេងមិនបានល្អខ្លាំងដូចដែលយើងបានដឹងថាយើងមានសមត្ថភាពនៅលើទឹកដីខ្លួននោះទេ។ យើងនៅតែធ្វើមិនបានកម្រិតដូចក្នុងពេលយើងហ្វឹកហាត់។ យើងមានបញ្ហាជាមួយនឹងល្បឿនរបស់យើង និងវិធីដែលយើងកំពុងប្រយុទ្ធនៅលើទីលាន ហើយពេលខ្លះសំណាងបានជួយដល់យើងពីដំបូង បន្ទាប់ពីយើងរកបានគ្រាប់បាល់ យើងចាប់ផ្តើមប្រមូលអារម្មណ៍បានល្អខ្លាំងជាងនេះ និងភាពច្បាស់លាសជាងមុន។»។ លោក Tuchel បាននិយាយបែបនេះ។
 
ក្រោយឆ្លងកាត់ ២ប្រកួតនៃក្របខណ្ឌ Bundesliga ក្រុម Bayern Munich រកបាន ៦ពិន្ទុ ឈរចំណាត់ថ្នាក់លេខ ២​ ជាមួយនឹងក្រុមដែលមាន ៦ពិន្ទុដូចគ្នារួមមាន Union Berlin, Bayer Leverkusen Wolfsburg និង Freiburg៕
 

Tag:
 Harry Kane
  Bayern Munich
© រក្សាសិទ្ធិដោយ thmeythmey.com