កីឡាអន្តរជាតិ
អន្តរជាតិ
Bernardo Silva ជឿជាក់ Man City នៅតែធ្វើបានល្អ ទោះអវត្តមានលោក Guardiola
28, Aug 2023 , 10:29 pm        
រូបភាព
ខ្សែបម្រើ Bernardo Silva ជឿជាក់ថាក្រុម Manchester City នឹងសម្របខ្លួនបានល្អក្នុងពេលអវត្តមានរបស់លោក Pep Guardiola ដែលកំពុងតែទទួលការវះកាត់ព្យាបាលបញ្ហាឈឺខ្នង។ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញអវត្តមានក្នុងជំនួបជ័យជម្នះក្រុមមេឃខៀវ ២-១ លើក្រុម Sheffield United រួចមកហើយ និងត្រូវបាត់មុខ២ប្រកួតបន្តបន្ទាប់ទៀត។



Guardiola កំពុងតែទទួលការព្យាបាលបន្ទាប់ពីវះកាត់ត្រង់ខ្នងនៅក្នុងទីក្រុង Barcelona ហើយលោក Juanma Lillo ដែលជាជំនួយការបានចូលដឹកនាំការប្រកួតរបស់ក្រុម Man City ជំនួស។ អ្នកចាត់ការវ័យ ៥២ឆ្នាំ អវត្តមាន ក្នុង​ជ័យជម្នះរបស់ Man Citt លើក្រុម Sheffield United លទ្ធផល ២-១ រួចហើយ។ 
 
Silva កីឡាករវ័យ ២៩ឆ្នាំ សញ្ជាតិព័រទុយហ្កាល់ដែលទើបបន្តកិច្ចសន្យាជាមួយនឹង Man City បាននិយាយថាក្រុមមេឃខៀវត្រូវតែសម្របខ្លួនឱ្យបានល្អពេលគ្មានលោក Guardiola។ ខ្សែបម្រើសញ្ចាតិព័រទុយហ្កាល់ បាននិយាយប្រាប់គេហទំព័រក្លិបដូច្នេះថា ៖«វាមានផលប៉ះពាល់តិចតួច ក្នុងន័យថា ប្រសិនបើគ្មានគាត់រយៈពេល ២ឬ៣ខែ នោះវាអាចមានផលប៉ះពាល់ផ្សេងៗគ្នា។ ប៉ុន្តែ ២ប្រកួតមុនថ្ងៃ FIFA Day កីឡាករមួយចំនួនដែលធ្លាប់បានលេងក្រោមការដឹកនាំរបស់ Pep រយៈពេល ៧ឆ្នាំ ដឹងច្បាស់ថាគាត់ចង់បានអ្វីពីយើង​ និងក្រុមការងារគ្រប់គ្នា។»។
 
ក្រោយការប្រកួតរបស់ក្រុមមេឃខៀវយកឈ្នះលើក្រុម Sheffield United លទ្ធផល ២-១ ការប្រកួតបន្ទាប់របស់ពួកគេនឹងត្រូវបន្តជួបក្រុម Fulham នៅថ្ងៃទី២ ខែកញ្ញា ដោយគ្មានវត្តមានលោក Guardiola។ ការព្យាបាលរបស់លោក Guardiola ត្រូវបានក្លិបអះអាងថាលោកនឹងវិលត្រលប់មកដឹកនាំក្រុមវិញក្រោយពេលបញ្ចប់ការប្រកួត FIFA Day រួចរាល់។
 
ក្រោយកឈ្នះការប្រកួតទី៣ នៃ Premier League ក្រុម Man City រកបាន ៩ពិន្ទុពីជ័យជម្នះទាំង ៣ នាដើមរដូវកាលថ្មី ២០២៣-២៤។​ Man City ជាក្រុមការពារតំណែងជើងឯក Premier league នឹងជាក្រុមដែលឈ្នះពានរង្វាន់ ៣ ក្នុងមួយរដូវកាលផងដែរ៕
 

Tag:
 Bernardo Silva
  Manchester City
© រក្សាសិទ្ធិដោយ thmeythmey.com