កីឡាអន្តរជាតិ
អន្តរជាតិ
Tiago កូនប្រុស Messi ត្រូវបញ្ចូលឈ្មោះក្នុងក្រុម U12 Inter Miami
29, Aug 2023 , 9:29 am        
រូបភាព
ក្លិប Inter Miami នៃលីគកីឡាបាល់ទាត់កំពូលអាម៉េរិក (MLS) បានប្រកាសបញ្ចូលឈ្មោះ Thiago Messi កូនប្រុសច្បងរបស់ខ្សែប្រយុទ្ធ Lionel Messi ទៅក្នុងបញ្ជីឈ្មោះក្រុមឈុតយុវជនអាយុក្រោម ១២ឆ្នាំ សម្រាប់រដូវកាល ២០២៣-២៤។



ក្រុមយុវជនរបស់ក្លិប ​Miami ត្រូវប្រកាសនៅថ្ងៃទី២៧ ខែសីហា ដោយមានកីឡាករសរុបប្រមាណ ១៥០នាក់ សម្រាប់ ៧ក្រុមយុវជនផ្សេងគ្នា ទៅតាមកម្រិតនៃអាយុនីមួយៗ។ ក្រុមយុវជនរបស់ក្លិបមានចាប់ពី U12 ដល់ U19 ដែលហ្វឹកហាត់នៅក្នុងមជ្ឈមណ្ឌលបាល់ទាត់ Florida Blue ហើយកីឡាករចំណូលថ្មីចំនួន ៣៥រូប ចំណោម ១៥០រូប ត្រៀមសម្រាប់រដូវកាលថ្មី។
ស្ថិតក្នុងការប្រកាសនូវបញ្ជីឈ្មោះដ៏អស្ចារ្យរបស់ក្លិប Inter Miami ក្នុងចំណោមនោះគឺកូនប្រុសច្បងរបស់ Lionel Messi ដែលជួយអាហ្សង់ទីនឈ្នះជើងឯក FIFA World Cup 2022 ក៏មានវត្តមានក្នុងក្រុមU12 ផងដែរ។
  


«យើងបានសម្លឹងឆ្ពោះទៅមុខសម្រាប់រដូវកាលថ្មីដ៏អស្ចារ្យ បន្ទាប់ពីទទួលបានភាពជោគជ័យនៃរដូវកាល ២០២២-២៣។ គម្រោងនៃការអភិវឌ្ឍយុវជនកំពុងមានសក្តានុពល និងការរួមចំណែកពង្រឹងយុវជនទាំង ៦ កម្រិតរបស់យើងរហូតដល់ក្រុមធំ។»។ នេះបើតាមការប្រកាសរបស់ក្លិប Inter Miami។
 
ក្រុមយុវជនអាយុក្រោម ១២ឆ្នាំ មាន Thiago កូនប្រុសច្បងរបស់ Messi នឹងចូលរួមប្រកួតប្រជែងក្នុងវិស័យបាល់ទាត់ក្នុងក្របខណ្ឌលីគយុវជន Florida Academy។ 
 
ក្រុម U12 របស់ក្លិប Inter Miami រួមមានកីឡាករយុវជនចំណូលថ្មីដូចជា ៖ Bautista Apablaza, Rylan Hand, Jelove Lundy, Jacob Mascarena, Thiago Messi, Kevin O’Donovan, Ammar Osman, Matias Rodriguez និង​ Romeo Rodrigues។
 
Thiago ដែលមានអាយុក្រោម ១០ឆ្នាំ កូនប្រុស Messi និងអ្នកស្រី Antonela Roccuzzo បានកើតនៅថ្ងៃទី២ ខែវិច្ឆិការ ឆ្នាំ ២០១២ នៅក្នុងទីក្រុង Barcelona។ Thiago ទើបតែសម្រេចចូលលេងបាល់ទាត់នៅក្លិបដែលឪពុកគេកំពុងប្រកបអាជីព ដោយពីមុនមករូបគេមិនដែលស្ថិតក្រោមឈុតយុវជនរបស់ក្លិបណាមួយឡើយ។
 
Messi ជាមួយនឹងប្រពន្ធមានកូនប្រុសចំនួន ៣រូប ដោយមាន Thiago ជាបងប្រុស Mateo និង Ciro បានធ្វើដំណើរមកកាន់ទីក្រុង Miami ក្រោយចាកចេញពីក្រុម Paris Saint Germain បន្ទាប់ពីលេងនៅបារាំងរយៈពេល ២ឆ្នាំ៕
 
 

Tag:
 Inter Miami
  Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com