កីឡាអន្តរជាតិ
អន្តរជាតិ
Messi រកបានគ្រាប់ដំបូងនៅ MLS តែជាគ្រាប់ទី១១ សម្រាប់ Inter Miami
28, Aug 2023 , 5:19 pm        
រូបភាព
ខ្សែប្រយុទ្ធ Lionel Messi រកបានគ្រាប់បាល់ដំបូងក្នុងការបង្ហាញខ្លួនលើកទី១ក្នុងក្របខណ្ឌលីគកំពូលអាម៉េរិក (MLS) សម្រាប់ក្រុម Inter Miami ជាមួយជ័យជម្នះលើក្រុម New York Red Bull លទ្ធផល ២-០ នាថ្ងៃទី២៧ ខែសីហា នាកីឡដ្ឋាន Red Bull Arena។ នេះមិនមែនជាគ្រាប់ទី១របស់ Messi ជាមួយ Miami ឡើយ តែជាគ្រាប់ទី១១ ក្នុងការបង្ហាញខ្លួន៩ប្រកួត។



អ្នកចាត់ការក្រុម Miami លោក Gerardo Martino មិនបានដាក់ឱ្យ Messi ចូលលេងតាំងតែនាទីដំបូងឡើយសម្រាប់ជំនួបក្នុងក្របខណ្ឌ MLS លើកដំបូង ប៉ុន្តែខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនវ័យ ៣៦ឆ្នាំ ដែលប្តូរចូលនៅវគ្គទីពីរ នៅតែអាចស៊ុតបញ្ចូលទីដំបូងនៅក្នុងលីគកំពូលអាម៉េរិកនេះ។
 
Messi បានប្តូរចូលនៅក្នុងនាទី៦០ ហើយកីឡាករម្ចាស់ពានរង្វាន់ World Cup 2022 បានរកគ្រាប់បាល់រក្សាជ័យជម្នះសម្រាប់ក្រុម Inter Miami នៅនាទី៨៩ ដែលជាគ្រាប់បាល់លើកដំបូងរបស់គេក្នុងលីគ MLS។ ១គ្រាប់ផ្សេងទៀតរកបានដោយកីឡាករ Diego Gomez នៅនាទី៣៧។ Messi រកបាន ១១គ្រាប់ហើយ ចំណោម៩ប្រកួត តាំងតែពីផ្លាស់ទៅកាន់ Inter Miami ក្រោយចាកចេញពីក្រុម Paris Saint Germain។
  


បន្ទាប់ពីបង្ហាញទម្រង់លេងបានយ៉ាងល្អជាមួយនឹង Inter Miami ហើយថែមទាំងរកបានគ្រាប់បាល់លើកដំបូងក្នុងលីគ MLS កីឡាករ Kamal Miller មិត្តរួមក្រុមរបស់ Messi មួយរូបបានសរសើរដល់កីឡាករខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនថាកីឡាករម្នាក់ដ៏អស្ចារ្យបំផុតនៅលើពិភពលោក។ កីឡាករ Miller បាននិយាយដូច្នេះថា៖ « ខ្ញុំបានមើលការលេងរបស់គាត់ ជំនួសឱ្យការផ្តោតលើការលេងរបស់ខ្លួនខ្ញុំ វាពិតជាពិបាកក្នុងការផ្តោតអារម្មណ៍នៅពេលដែលអ្នកមានឱកាសដ៏អស្ចារ្យបែបនេះ ក្នុងការមើលឃើញគាត់លេងផ្ទាល់ភ្នែក។»។
 
Miller ក៏បានសរសើរអំពីការយល់ចិត្តគ្នានៅលើទីលានរវាងកីឡាករ ​Sergio Busquets Jordi Alba និង Messi ថាពួកគេកំពុងបានរួមចិត្តតែមួយម្តងទៀតដូចកាលនៅ Barcelona។
 
ក្រៅពីមិត្តរួមក្រុមដែលបានសរសើរនៅពេលដែលម្ចាស់ពានរង្វាន់ Ballon d’Or ៧សម័យ រកបានគ្រាប់បាល់លើកដំបូងក្នុង MLS អ្នកគាំទ្រ ក៏ដូចជាមិត្តរួមក្រុមជម្រើសជាតិអាហង្ស់ទីន Angel Di Maria បានបង្ហោះសារអបអរ និងសរសើរ Messi នៅលើបណ្តាញសង្គម Instagram ផងដែរ។
 
ជ័យជម្នះរបស់ Inter Miami ក្នុងក្របខណ្ឌ MLS បានកើតឡើងក្រោយពេលដែលក្រុមទើបរកបានជ័យជម្នះក្នុងការប្រកួតពានរង្វាន់ US Open Cup ដោយឈានជើងឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ Inter Miami ក៏ទើបឈ្នះពានរង្វាន់ League Cup កាលពីដើមខែសីហាផងដែរ។
 
 យកឈ្នះលើក្រុម New York Red Bull នៅក្នុងក្របខណ្ឌ MLS ភាគខាងកើត គឺជាការឈ្នះការប្រកួតក្នុងលីគលើកដំបូងរបស់ Inter Miami ចាប់តាំងពីថ្ងៃទី១៤ ខែឧសភា មកមុនពេលបញ្ចប់ពាក់កណ្តាលរដូវកាលនៃលីគ។ ការប្រកួតបន្ទាប់ Messi នឹងត្រូវជួយក្រុម Miami ស្វាគមន៍ក្រុម Nashville នៅថ្ងៃ៦ ខែកញ្ញា នៃក្របខណ្ឌ MLS៕
 
 

Tag:
 Lionel Messi
  Inter Miami
© រក្សាសិទ្ធិដោយ thmeythmey.com