កីឡាអន្តរជាតិ
អន្តរជាតិ
លោក Mancini ត្រូវតែងតាំងជាគ្រូបង្វឹកអារ៉ាប៊ីសាអូឌីត ក្រោយចែកផ្លូវពីអ៊ីតាលី ២សប្តាហ៍
28, Aug 2023 , 6:44 pm        
រូបភាព
លោក Roberto Mancini ថ្ងៃទី២៧ ខែសីហា ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីត ត្រឹម ២សប្តាហ៍ក្រោយប្រកាសលាលែងពីតំណែងជាគ្រូបង្វឹកនៅក្រុមជម្រើសជាតិអ៊ីតាលី។ បុរសវ័យ ៥៨ឆ្នាំ ធ្លាប់បានដឹកនាំអ៊ីតាលីឈ្នះជើងឯកពានរង្វាន់ UEFA Euro 2020 ដោយបំបាក់អង់គ្លេសនៅវគ្គស៊ុតបាល់ទាត់សេចក្តី​ ១១ម៉ែត្រ។



លោក Mancini បានចុះកិច្ចសន្យាជាមួយនឹងក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីតរហូតដល់ឆ្នាំ ២០២៧ ​ដោយការប្រកួតដំបូងរបស់លោកដឹកនាំ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៨ ខែកញ្ញា ដោយត្រូវជួបតទល់ក្រុមកូស្តារីកា នាកីឡដ្ឋាន St James’ Park របស់ក្រុម Newcastle United។
 
«ខ្ញុំជឿជាក់ថានេះគឺជាឱកាសមួយដ៏ល្អសម្រាប់ខ្ញុំ ដើម្បីអាចស្វែងយល់ពីបាល់ទាត់អាស៊ីនៅក្នុងប្រទេសថ្មីមួយ ជាពិសេសប្រទេសដែលកំពុងតែរីកចំរើនខ្លាំងនៃប្រជាប្រិយភាពបាល់ទាត់ក្នុងប្រទេស និងទ្វីបអាស៊ី។ ការបង្ហាញវត្តមាននៅកីឡាករកំពូលៗជាច្រើននៅក្នុងក្របខណ្ឌ Saudi Pro league គឺជាការបង្ហាញពីការលូតលាស់យ៉ាងល្អខ្លាំងក្លានៃក្រុមជម្រើសជាតិ។»។ លោក Mancini បាននិយាយបែបនេះ។
  


កាលពីឆ្នាំ ២០២២ ក្នុងព្រឹត្តិការណ៍ World Cup ក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីត​ដែលបានដឹកនាំដោយលោក Herve Renard គឺជាក្រុមគួរឱ្យភ្ញាក់ផ្អើលបំផុតដែលបានបំបាក់ក្រុមម្ចាស់ជើងឯកអាហ្សង់ទីននៅវគ្គចែកពូល ដោយលទ្ធផល ២-១ នៅក្នុងប្រទេសកាតា។ អារ៉ាប៊ីសាអូឌីតមិនអាចឆ្លងផុតវគ្គចែកពូល តែពួកគេក៏សាងប្រវត្តិសាស្ត្រល្បីពេញមួយពិភពលោកដោយជាក្រុមតែមួយគត់អាចបំបាក់ក្រុមជើងឯក World Cup។
 
លោក Mancini ជាអតីតគ្រូបង្វឹកក្រុម Manchester City ហើយបានជួយក្រុមដែលកំពុងមានភាពខ្លាំងនាពេលបច្ចុប្បន្នមួយនេះឈ្នះពានរង្វាន់ Premier league លើកដំបូងក្នុងប្រវត្តិសាស្ត្រនៅក្នុងឆ្នាំ ២០១២។ អ្នកចាត់ការសញ្ជាតិអ៊ីតាលីក៏បានចូលដឹកនាំក្រុម Fiorentina, Lazio, Inter Milan, Galatasaray និង Zenit St Petersburg ជាដើម៕
 

Tag:
 Roberto Mancini
  អារ៉ាប៊ីសាអូឌីត
© រក្សាសិទ្ធិដោយ thmeythmey.com