ជាតិ
សេដ្ឋកិច្ច
លោកនាយករដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត ជួបភ្ញៀវអន្តរជាតិបន្តបន្ទាប់
28, Aug 2023 , 6:59 pm        
រូបភាព
លោកហ៊ុន ម៉ាណែត ជួបជាមួយ លោកស្រី ម៉ារីយា ដែល ខាមែន ម៉ូរេណូកអគ្គរដ្ឋទូតសហភាពអឺរ៉ុបដែលបញ្ចប់អាណត្តិនៅកម្ពុជា។
លោកហ៊ុន ម៉ាណែត ជួបជាមួយ លោកស្រី ម៉ារីយា ដែល ខាមែន ម៉ូរេណូកអគ្គរដ្ឋទូតសហភាពអឺរ៉ុបដែលបញ្ចប់អាណត្តិនៅកម្ពុជា។
នាថ្ងៃទី២៨សីហានេះ លោកនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត បានទទួលជួបភ្ញៀវអន្តរជាតិជាបន្តបន្ទាប់ នៅវិមានសន្តិភាព។ លោកបានជួបលោកស្រី ម៉ារីយា ដែល ខាមែន ម៉ូរេណូ (Maria Del Carmen Moreno) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបដែលបញ្ចប់អាណត្តិនៅកម្ពុជា។ លោកបន្តជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្មប្រទេសកូរ៉េខាងត្បូង​ ហើយបន្តពិភាក្សាការងារជាមួយរដ្ឋមន្ត្រីទេសចរណ៍ប្រទេសទីម័រខាងកើត។

 
ក្នុងជំនួបជាមួយលោកស្រី ម៉ារីយា ដែល ខាមែន ម៉ូរេណូ លោក ហ៊ុន ម៉ាណែត បានលើកឡើងអំពី និរន្តរភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលបន្តចាប់តាំងពីការដាក់ចេញយុទ្ធសាស្រ្តត្រីកោណ និង យុទ្ធសាស្រ្តចតុកោណទាំង ៤ ដំណាក់កាល។  លោកបានបញ្ជាក់ថា សម្រាប់អាណត្តិនេះ រដ្ឋាភិបាលនឹងផ្តោតជាពិសេសបំផុត ទៅលើការកសាងមូលធនមនុស្ស, ការកែទម្រង់វិស័យសុខាភិបាលនៅថ្នាក់មូលដ្ឋាន និងការកែទម្រង់វិស័យមុខងារសាធារណៈ។
 
លោកស្រី ម៉ារីយា ដែល ខាមែន ម៉ូរេណូ ដែលបញ្ចប់អាណត្តិនៅកម្ពុជា​ នឹងទៅបន្តបេសសកកម្មបន្ទាប់នៅប្រទេសស្រីលង្កា បានសាទរ និងវាយតម្លៃខ្ពស់ ចំពោះជោគជ័យជាច្រើនកន្លងមករបស់កម្ពុជា តាមរយៈការគ្រប់គ្រងវិបត្តិនៃជំងឺកូវីដ-១៩, ការដាក់ចេញនូវកម្មវិធីជំនួយសង្គម ដ៏មានប្រសិទ្ធភាព, និង ការធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ ប្រកបដោយមោទនភាព រួមទាំងការដាក់នូវគោលនយោបាយសេដ្ឋកិច្ច-សង្គមនានារបស់រដ្ឋាភិបាលអាណត្តិថ្មីនេះ។ លោកស្រី បានបង្ហាញនូវជំហរដ៏មុតមាំរបស់សហភាពអឺរ៉ុប ក្នុងការបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធបន្ថែមទៀតជាមួយកម្ពុជា ជាពិសេស គឺជាមួយរាជរដ្ឋាភិបាល។
 
ជាមួយគ្នានេះ ថ្នាក់ដឹកនាំទាំងពីរបានប្តេជ្ញាបន្តជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និង សហភាពអឺរ៉ុប ឱ្យកាន់ជិតស្និទ្ធ ក៏ដូចជាការពង្រីកទិសដៅកិច្ចសហប្រតិបត្តិការទៅលើវិស័យថ្មីៗបន្ថែមទៀត។​ ដូចជា៖ វិស័យអប់រំ និង ការអភិវឌ្ឍធនធានមនុស្ស, វិស័យសុខាភិបាល និងវិស័យមុខងារសាធារណៈ ដែលជាកិច្ចការសំខាន់ និងចាំបាច់ក្នុងការចូលរួមកសាងនូវស័ក្ដិសិទ្ធភាព និង ប្រសិទ្ធភាព ក្នុងការផ្ដល់សេវាសាធារណៈ។
 
ដោយឡែក ជំនួបការងាររវាងលោក ហ៊ុន ម៉ាណែត និងលោក ឆុង វ៉ាងគឺន (Chung Heang-Keun) រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្បៀង និងកិច្ចការជនបទ ប្រទេសកូរ៉េខាងត្បូង។ ជំនួបនេះ ភាគីទាំងពីរនឹងជជែកផ្តោតជាសំខាន់លើកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងកម្ពុជា និងកូរ៉េខាងត្បូង ព្រមទាំងបញ្ហាសន្តិសុខស្បៀងដែលជាប្រឈមរបស់សាកលលោកនាពេលបច្ចុប្បន្ន។
 
ជំនួបរវាងលោកនាយករដ្ឋមន្ត្រីជាមួយលោក Francisco Kalbuadi Lay ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច និងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងបរិស្ថាន នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ក៏ត្រូវបានធ្វើឡើងនៅថ្ងៃនេះផងដែរ។ ជំនួបត្រូវបានរំពឹងថា នឹងពិភាក្សាលើកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ប្រទេសទាំងពីរដែលរងគ្រោះពីវិបត្តិកូវីដ-១៩។

ប្រមុខរដ្ឋាភិបាលថ្មី​របស់កម្ពុជា នារសៀលថ្ងៃទី​២៨ ខែសីហា ក៏បានអនុញ្ញាតឱ្យគណ:ប្រតិភូមន្ត្រីព្រឹទ្ធសភាអាមេរិក ដឹកនាំដោយលោក​ អាឡិច​ ខាន​ (Alex Carnes) ក្រឡាបញ្ជីនៃក្រុមភាគច្រេីនរបស់អនុគណ:កម្មាធិការស្តីពី​ប្រតិបត្តិការរបស់រដ្ឋ​ និងបរទេស​ និងកម្មវិធីពាក់ព័ន្ធនានា​ របស់គណ:កម្មាធិការគ្រប់គ្រង​ និងបែងចែកថវិកាជាតិរបស់ព្រឹទ្ធសភាអាមេរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ផងដែរ៕
 

Tag:
 ​ហ៊ុន ម៉ាណែត
© រក្សាសិទ្ធិដោយ thmeythmey.com