ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន ម៉ាណែត៖ ឆ្នាំងបាយដែលសាងហើយ ត្រូវថែឱ្យបាន អ្វីដែលសំខាន់យើងត្រូវបង្កើនអង្ករក្នុងឆ្នាំង
29, Aug 2023 , 9:31 am        
រូបភាព
ដោយ: រួបរួម
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ពីជំហរយ៉ាងច្បាស់លាស់ ក្នុងការអនុវត្តគោលនយោបាយបន្តពីអាណត្តិចាស់ តាមរយៈអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» ជាមួយ​នឹងកំណែទម្រង់ឱ្យកាន់តែមុតស្រួច។ នេះជាការថ្លែងជាសាធារណៈលើកដំបូង របស់លោក ហ៊ុន ម៉ាណែត ក្នុងឋានៈជានាយករដ្ឋមន្ត្រី នៅចំពោះមុខកម្មករ-កម្មការិនី ១៨ ០០០នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែសីហា។



«អ្នកខ្លះថា ហ៊ុន ម៉ាណែត បើដើរតាមបន្ទាត់នយោបាយដដែលគឺជាជនផ្តាច់ការ។ ទាល់តែផ្ទុយពីហ្នឹង បានគេហៅប្រជាធិបតេយ្យ»។ លោក ហ៊ុន ម៉ាណែត បានតបនឹងការលើកឡើងថា សន្តិភាពនៅតែសំខាន់ដូចកាលពី៤០ឆ្នាំ ២០ឆ្នាំមុន រួមទាំងបច្ចុប្បន្ន និងអនាគត។

លោកបានលើកឡើងពីការក្រឡាប់ចាក់ប្រទេសជាតិ ដោយសារតែការផ្លាស់ប្តូររបបជាញឹកញាប់។ សម្រាប់នាយករដ្ឋមន្ត្រីថ្មីរូបនេះ រដ្ឋាភិបាលរបស់លោក បន្តអនុវត្តគោលនយោបាយដែលបានសន្យាជាមួយប្រជាពលរដ្ឋ តាមរយៈការដាក់ចេញផែនការសកម្មភាព ដើម្បីអនុវត្ត ហើយកុំឱ្យគេថា ជាការឃោសនាប្រជាភិថុត ឬសន្យាខ្យល់។

«ឆ្នាំងបាយដែលកសាងហើយ ត្រូវថែឆ្នាំងបាយហ្នឹងឱ្យបាន។ អ្វីដែលសំខាន់ យើងត្រូវបង្កើនចំនួនអង្ករនៅក្នុងឆ្នាំង»។ លោក បានអះអាងយ៉ាងដូច្នេះ ដោយសន្យាសម្រួចឱ្យកាន់តែស្រួច និងមានប្រសិទ្ធភាព បន្តពីគោលនយោបាយអាណត្តិមុន ដែលបានជំរុញកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ។

លោកនាយករដ្ឋមន្ត្រីបានបន្ថែមថា រដ្ឋាភិបាលរបស់លោក មិនយកគោលនយោបាយពីមុនមកអនុវត្តទាំងស្រុងនោះទេ ប៉ុន្តែត្រូវយកមូលដ្ឋាននោះដើម្បីកែសម្រួល និងសម្រួចមុំ ដោយផ្តល់អាទិភាពបន្ថែម ទៅលើចំណុចណាមួយជាក់ស្តែង ការដាក់បញ្ចូលបច្ចេកវិទ្យា ក្នុងយុទ្ធសាស្ត្របញ្ចកោណជាដើម។

«មានអ្នកអង្គុយចាំមើល ហើយអង្គុយចាំវៃ»។ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា វាជាសិទ្ធិក្នុងការវិភាគ ប៉ុន្តែលោកបានសំណូមពរដល់បណ្តាបញ្ញវន្ត កុំវិភាគបែបមើលងាយ ហើយគួរផ្តល់ការរិៈគន់ និងលើកយោបល់។ ទោះបីជាយ៉ាងណាក៏ដោយ លោកទទួលស្គាល់ថា ជាសិទ្ធិបុគ្គលម្នាក់ ហើយរដ្ឋាភិបាលរបស់លោក បន្តខំប្រឹងប្រែងឱ្យចេញជាលទ្ធផលការងារ៕



© រក្សាសិទ្ធិដោយ thmeythmey.com