អន្តរជាតិ
ជប៉ុនផ្អាកការបាញ់បង្ហោះគ្រាប់រ៉ុក្កែត H-IIA ទៅលើព្រះច័ន្ទដោយសារបញ្ហាខ្យល់ខ្លាំង
29, Aug 2023 , 12:59 pm        
រូបភាព
រូបភាព Kyodo
រូបភាព Kyodo
ដោយ៖ ងួនសៅ ពុទ្ធិឫទ្ធិ 

ទីភ្នាក់ងារអវកាសរបស់ជប៉ុន នៅថ្ងៃទី២៨ ខែសីហាបានប្រកាសផ្អាកបេសកកម្មទៅឋានព្រះចន្ទ Moon Sniper ជាលើកទីបី ដោយសារបញ្ហាខ្យល់ខ្លាំង។

 
បើទោះបីជារ៉ុក្កែត H-IIA ត្រូវបានរំពឹងថា មានអត្រានឹងជោគជ័យប្រមាណ៩៨ភាគរយក៏ដោយ ប៉ុន្តែបញ្ហខ្យល់ដែលមិនអំណោយផលនៅលើផ្ទៃអាកាសបានបង្ខំឱ្យការបាញ់បង្ហោះរ៉ុក្កែតផ្អាក២៧នាទីមុនពេលវេលាគ្រោងទុក។ 
 
«ខ្យល់ដែលមានកម្លាំងខ្លាំងបានបង្កជាឧបសគ្គដល់យើងក្នុងការបាញ់បង្ហោះ»។ ប្រធានអង្គភាពបាញ់បង្ហោះ Mitsubishi Heavy Industries Ltd. (MHI) H-IIA លោក Tatsuru Tokunaga បាននិយាយបែបនេះ។
 
ជាមួយគ្នានេះ ទីភ្នាក់ងាររុករកអវកាសជប៉ុន (JAXA) ក៏បានបញ្ចាក់ថាខ្យល់បក់ខ្លាំងជិត ១០៨ គីឡូម៉ែត្រក្នុងមួយម៉ោងត្រូវបានគេសង្កេតឃើញនៅរយៈកម្ពស់ ៥,០០០-១៥,០០០ម៉ែត្រ ហើយព្យុះទីហ្វុងដែលកើតឡើងនៅជុំវិញជប៉ុនក៏អាចប៉ះពាល់ដល់លក្ខខណ្ឌខ្យល់ដែលកើតមានខាងលើផងដែរ។ 
 
កាលបរិច្ឆេទនៃការបាញ់បង្ហោះជាថ្មីម្ដងទៀតមិនទាន់ត្រូវបានសម្រេចនោះទេ ប៉ុន្តែវានឹងមិនកើតឡើងមុនថ្ងៃទី៣១ ខែសីហានោះទេ ដោយសារតែដំណើរការចាំបាច់ដូចជាការបញ្ឆេះឡើងវិញជាដើម។ យ៉ាងណាក្ដី MHI និង JAXA បានបញ្ជាក់ថាការបាញ់បង្ហោះអាចធ្វើឡើងនៅថ្ងៃទី១៥ ខែកញ្ញាខាងមុខ។
 
គួរបញ្ជាក់ថា រ៉ុក្កែតខាងលើនេះត្រូវរៀបបម្រុងនឹងបាញ់បង្ហោះចេញពីមជ្ឈមណ្ឌលអវកាស Tanegashima របស់ JAXA នៅភាគខាងត្បូងនៃជប៉ុននៅព្រឹកថ្ងៃទី២៨ ខែសីហា ប៉ុន្ដែវាត្រូវបានពន្យារពេលពីរដងរួចមកហើយដោយសារបញ្ហាអាកាសនេះដូចគ្នា៕ 
 

Tag:
 ជប៉ុន
  អវកាស
© រក្សាសិទ្ធិដោយ thmeythmey.com