កីឡាអន្តរជាតិ
អន្តរជាតិ
ចូលកាន់តំណែងគ្រូអារ៉ាប៊ីសាអូឌីតភ្លាម លោក Mancini ដាក់គោលដៅលើកពាន Asian Cup
29, Aug 2023 , 11:51 am        
រូបភាព
ចូលកាន់តំណែងភ្លាម លោក Roberto Mancini ដាក់គោកដៅនាំក្រុមកីឡាបាល់ទាត់ជម្រើសជាតិអារ៉ាប៊ីសាអូឌីត ឈ្នះពានរង្វាន់ Asian Cup ជាលើកដំបូងក្នុងរយៈពេល ២៧ឆ្នាំ។ នេះបើតាមការដកស្រង់សម្តីរបស់សហព័ន្ធអារ៉ាប៊ីសាអូឌីត (SAFF) នាកម្មវិធីបង្ហាញខ្លួនរបស់គ្រូបង្វឹកថ្មី នាថ្ងៃទី២៨ សីហា ក្នុងទីក្រុងរីយ៉ាដ។


អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីតាលីរូបនេះបានរៀបរាប់ពីបំណងប្រាថ្នារបស់គាត់ក្នុងការលើកកម្ពស់ក្រុមនៅអាស៊ី។ Mancini បានរៀបរាប់លម្អិតពីផែនការរយៈពេលវែង និងរយៈពេលខ្លីរបស់ខ្លួន ដោយលោកនឹងវាយតម្លៃជ្រើសរើសកីឡាករ ដើម្បីបំពេញគោលបំណងក្នុងការឈ្នះការប្រកួតប្រជែងនៅក្នុងទ្វីបអាស៊ី។
 
«គោលដៅរបស់យើងនោះគឺការឈ្នះពានរង្វាន់ Asian Cup បន្ទាប់ពីរង់ចាំរយៈពេល ២៧ឆ្នាំ។ នេះជាគោលដៅរបស់យើងមុន កាលប្រកួតមិត្តភាពចំនួន ៤លើករបស់យើង ហើយយើងក៏ត្រូវតែឈ្នះការប្រកួតជម្រុះ World Cup និងបន្ទាប់ពីប្រកួតប្រជែងរួច យើងមានរយៈពេល ២០ថ្ងៃហ្វឹកហាត់សម្រាប់ត្រៀមខ្លួនពានរង្វាន់ Asian Cup។[…]»។ លោក Mancini បាននិយាយក្នុងសេចក្តីថ្លែងការណ៍ក្នុងកម្មវិធីបង្ហាញខ្លួនរបស់លោកបែបនេះ។ អារ៉ាប៊ីសាអូឌីតឈ្នះ Asian Cup លើកចុងក្រោយនៅឆ្នាំ១៩៩៦ ក្រោយឈ្នះពីរលើកនៅឆ្នាំ ១៩៨៤ និង ១៩៨៨។
 
ក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីតគឺជាក្រុមតែមួយគត់ស្ថិតក្នុងព្រឹត្តិការណ៍ World Cup 2022 ដែលបានបំបាក់ក្រុមម្ចាស់ជើងឯកអាហ្សង់ទីន ដោយនៅក្នុងវគ្គចែកពូលលទ្ធផល ២-១។ ជ័យជម្នះបានធ្វើឱ្យប្រទេសអារ៉ាប៊ីសាអូឌីតមានភាពល្បីល្បាញខ្លាំងចាប់តាំងពីព្រឹត្តិការណ៍ World Cup រួចមក។ 
 
មុនពេលមកដឹកនាំក្រុមអារ៉ាប៊ីសាអូឌីត គ្រូបង្វឹកសញ្ជាតិអ៊ីតាលីសរសើរអំពីភាពរីកចំរើននៃវិស័យបាល់ទាត់នៅក្នុងប្រទេសស្ថិតក្នុងតំបន់មជ្ឈិមបូព៌ាថាលឿនរហ័សគួរឱ្យគត់សម្គាល់។​ លោក Mancini បានលើកឡើងដូច្នេះថា ៖«មានកីឡាករបរទេសល្បីឈ្មោះជាច្រើន ដែលបានមកប្រកួតប្រជែងនៅទីនេះ ហើយវានឹងជុំរុញយើងយើងច្រើននៅការលូតលាស់ វាពិតជាល្អសម្រាប់កីឡាករអារ៉ាប៊ីសាអូឌីត។»។
 
ប្រទេសអារ៉ាប៊ីសាអូឌីតមួយរយៈកាលប៉ុន្មានខែចុងក្រោយមកនេះ បានវិនិយោគខ្លាំងទៅលើវិស័យលីគបាល់ទាត់កំពូល ដោយក្រោមគម្រោងមូលនិធិវិនិយោគសាធារណៈអារ៉ាប៊ីសាអូឌីត​ (PIF) បាននាំយកកីឡាករល្បីៗពីតំបន់អឺរ៉ុប ដើម្បីដំណើរការគម្រោងនៃលីគបាល់ទាត់កំពូល។ ក្លិបដែលស្ថិតក្នុងគម្រោង PIF មានដូចជាក្លិប Al-Ittihad, Al-Ahli, Al-Nassr និង Al-Hilal។
 
បាល់ទាត់អារ៉ាប៊ីសាអូឌីតចាប់ផ្តើមមានការចាប់អារម្មណ៍ខ្លាំង ក្រោយពេលដែលលីគកំពូលមួយនេះបាននាំយកខ្សែប្រយុទ្ធ Cristiano Ronaldo មកចូលរួមតាំងពីដើមឆ្នាំ ២០២៣។ នាទីផ្សារដោះដូរកីឡាកររដូវក្តៅកីឡាករល្បីៗឈ្មោះតំបន់អឺរ៉ុបដូចជា Karim Benzema, Neymar ជាដើម្បីបានផ្លាស់មកប្រកបអាជីពនៅទីនេះ ក្នុងនោះក៏រួមមានគ្រូបង្វឹកសញ្ជាតិអង់គ្លេស​លោក Steven Gerrard ម្នាក់ផងដែរ៕
 

Tag:
 Roberto Mancini
  Asian Cup
  អារ៉ាប៊ីសាអូឌីត
© រក្សាសិទ្ធិដោយ thmeythmey.com