កីឡាអន្តរជាតិ
អន្តរជាតិ
ករណីថើបកីឡាការិនី៖ FIFA ព្យួរលោក Rubiales បណ្តោះអាសន្ន និងស្ថិតក្រោមការស៊ើបអង្កេត
29, Aug 2023 , 4:09 pm        
រូបភាព
សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ព្យួរលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) ពីសកម្មភាពបាល់ទាត់បណ្តោះអាសន្ន ជុំវិញការថើបបបូរមាត់កីឡាការិនីអេស្ប៉ាញក្រោយឈ្នះការប្រកួត Women’s World Cup 2023។ សហព័ន្ធ RFEF ក៏បានរៀបចំកិច្ចប្រជុំបន្ទាន់មួយទាក់ទងនឹងរឿងអាស្រូវ របស់លោក Rubiales នៅថ្ងៃទី២៨​ ខែសីហា ផងដែរ។



សម្រាប់លោក Rubiales បានបដិសេធមិនលាលែងពីតំណែងជុំវិញទង្វើរបស់ខ្លួន លើកីឡាការិនី Jenni Hermoso ដោយនាយកប្រតិបត្តិ ​RFEF និយាយថាការថើបគឺកើតឡើងពីការយល់ព្រម។ សមាជិកក្រុម និងគ្រូបង្វឹកមួយចំនួនក្នុងក្រុមនារីអេស្ប៉ាញទាមទារឱ្យ Rubiales ចុះចេញពីតំណែង មិនតែប៉ុណ្ណោះរដ្ឋាភិបាលអេស្ប៉ាញក៏ចង់ឱ្យចាកចេញដូចគ្នា។
 
« RFEF បានកោះហៅសហព័ន្ធក្នុងតំបន់ឱ្យចូលរួមកិច្ចប្រជុំវិសមញ្ញ និងបន្ទាន់បំផុត ដើម្បីវាយតម្លៃស្ថានភាពដែលសហព័ន្ធរកឃើញដោយខ្លួនឯង បន្ទាប់ពីមានការព្យួរលើលោក Rubiales។»។ នេះបើតាមអ្នកនាំពាក្យរបស់ RFEF បាននិយាយកាលពីថ្ងៃទី២៧ ខែសីហា។
 
FIFA កាលពីថ្ងៃទី២៦ ខែសីហា ក៏បានបើកដំណើរការនីតិវិធីប្រឆាំងនឹងទង្វើររបស់លោក Rubiales អំឡុងការប្រកួតថ្ងៃទី២០ ខែសីហា ហើយលោកក៏ត្រូវបាន FIFA ព្យួររយៈពេល ៣ខែ ពីសកម្មភាពបាល់ទាត់ជាតិ និងអន្តរជាតិនានា។ FIFA ក៏បើកការស៊ើប​អង្កេត​លើបញ្ហារបស់លោក Rubiales។
 
ចំពោះបញ្ហាពីសំណាក់ FIFA លោក Rubiales វ័យ ៤៦ឆ្នាំ ក៏បានអះអាងថាលោកនឹងប្រើប្រាស់ការស៊ើប​អង្កេត​របស់ FIFA ដើម្បីបង្ហាញពីភាពស្អាតស្អំរបស់លោក។
ទោះជាយ៉ាងណារឿងរ៉ាវអាស្រូវនៃការថើបលើបបូរមាត់លើកីឡាការិនី Jenni Hermoso ត្រូវបានមជ្ឈដ្ឋានជាច្រើននៃបាល់ទាត់ប្រទេសអេស្ប៉ាញ ជាពិសេសបាល់ទាត់នារីតែម្តង បានបង្ហាញការអំពាវនាវឱ្យស្វែងរកនូវយុត្តិធម៍សម្រាប់កីឡាការិនី Hermoso នឹងដាក់ទោសលើលោក Rubiales។
 
លោក Rubiales ៤៦ឆ្នាំ ទទួលរងសម្ពាធខ្លាំងចំពោះមុខតំណែងរបស់លោក ក្រោយមានរឿងអាស្រូវនៃការថើបលើកីឡាការិនីអេស្ប៉ាញ។ ជាមួយនឹងការរិះគន់ជាច្រើន ក្នុងនោះក៏រួមមានពីសំណាក់នាយករដ្ឋមន្ត្រីអេស្ប៉ាញលោក Pedro Sanchez និងលីគបាល់ទាត់ស្រ្តីអេស្ប៉ាញ ព្រមទាំងក្របខណ្ឌ La Ligaផង៕
 

Tag:
 អេស្ប៉ាញ
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com