ជាតិ
សេដ្ឋកិច្ច
ធនាគារជាតិ ត្រៀមចាត់វិធានការរក្សាស្ថិរភាពអត្រាប្តូរប្រាក់ ខណៈប្រាក់ដុល្លារបន្តឡើងថ្លៃ
29, Aug 2023 , 5:42 pm        
រូបភាព
លោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា​
លោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា​
ធនាគារជាតិនៃកម្ពុជា​ ប្រកាសត្រៀមចាត់វិធានការដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់លើផ្សារ។ ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីប្រាក់ដុល្លារអាម៉េរិក ឡើងថ្លៃគួរឱ្យកត់សម្គាល់​ នាប៉ុន្មានថ្ងៃចុងក្រោយនេះ។



បើតាមធនាគារជាតិ ហេតុផលចម្បងដែលធ្វើឱ្យលុយរៀលចុះថោក នាពេលបច្ចុប្បន្ន ដោយសារតែកត្តារដូវកាល និងសម្ពាធនៃការកើនឡើងថ្លៃនៃប្រាក់ដុល្លារអាម៉េរិក នៅលើទីផ្សារអន្តរជាតិ។ សេចក្តីជូនដំណឹងរបស់ធនាគារនាថ្ងៃទី២៩សីហានេះ​បានបញ្ជាក់ថា កត្តារដូវកាល កំណើនតម្រូវការប្រាក់រៀល បានថយល្បឿននៅក្នុងដំណាក់កាលនៃការបង្កបង្កើនផលកសិកម្ម និងរដូវកាល ដែលសកម្មភាពទេសចរណ៍មិនមានភាពមមាញឹក(Low Season) ។

រីឯ ប្រាក់ដុល្លារអាម៉េរិក បានបន្តឡើងថ្លៃធៀបនឹងរូបិយប័ណ្ណផ្សេងៗទៀតលើពិភពលោក ក្រោយពីធនាគារកណ្តាលអាម៉េរិក បន្តដំឡើងអត្រាការប្រាក់គោល។​ ការណ៍ដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលអាម៉េរិកនេះ​ បានទាក់ទាញមូលធនឱ្យហូរចូលទៅសហរដ្ឋអាម៉េរិក និងបង្កើនតម្រូវការប្រាក់ដុល្លារអាម៉េរិក លើទីផ្សារអន្តរជាតិ។

ជុំវិញបញ្ហានេះ ធនាគារជាតិកម្ពុជា នឹងចាត់វិធានការតាមការចាំបាច់ណាមួយ ដើម្បីរក្សាស្ថិរភាពទីផ្សារអត្រាប្តូរប្រាក់នៅកម្ពុជា។ ការត្រៀមខ្លួនរបស់ធនាគារជាតិនេះ ធ្វើយ៉ាងណារក្សាអំណាចទិញនៃចំណូលប្រជាជនកម្ពុជា ឱ្យមានស្ថិរភាព។ វិធានការរបស់ធនាគារជាតិនោះ គឺធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ និងការប្រើប្រាស់ឧបករណ៍នយោបាយរូបិយវត្ថុដទៃទៀត នៃគោលនយោបាយរូបិយវត្ថុ។ 

កម្ពុជា ជាប្រទេសប្រកាន់យករបបអត្រាប្តូរប្រាក់អណ្តែត ដោយមានការគ្រប់គ្រងដោយធនាគារជាតិនៃកម្ពុជា ដែលអនុញ្ញាតឱ្យអត្រាប្តូរប្រាក់រៀលប្រែប្រែលក្នុងកម្រិតសមស្របណាមួយ។ អត្រាប្តូរប្រាក់គោលរវាងរូបិយប័ណ្ណផ្សេងៗជាមួយប្រាក់រៀលប្រចាំថ្ងៃទី២៩សីហានេះ  គឺ ៤ ១៥២រៀល ក្នុងដុល្លារអាម៉េរិក ខណៈអត្រាប្តូរប្រាក់នៅទីផ្សារមានតម្លៃ៤ ១៦០រៀល ដុល្លារអាម៉េរិក៕

Tag:
 ធនាគារនិងហិរញ្ញវត្ថុ
 ​ NBC
© រក្សាសិទ្ធិដោយ thmeythmey.com