ជាតិ
សង្គមជាតិ
ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ឱ្យបក្សនយោបាយរូតរះដាក់ពាក្យសុំចូលជាសមាជិក
30, Aug 2023 , 12:09 pm        
រូបភាព
កិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ នាពេលកន្លងមក។ រូបពី ហ្វេសប៊ុកលោក គង់ ម៉ូនីកា
កិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ នាពេលកន្លងមក។ រូបពី ហ្វេសប៊ុកលោក គង់ ម៉ូនីកា
ភ្នំពេញ៖ លេខាធិការដ្ឋាន ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ប្រាប់ឱ្យបណ្ដាបក្ស នយោបាយ ដែលបានចុះបញ្ជីត្រឹមត្រូវ រួតរះដាក់លិខិតស្នើសុំចូលជាសមាជិក ក្នុងអាណត្តិ នៃឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់។

 
តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន លេខាធិការដ្ឋានឧត្ដមក្រុមប្រឹក្សាពិគ្រោះ និង​ផ្ដល់យោបល់ បញ្ជាក់ឱ្យ​បក្សនីមួយៗ ភ្ជាប់លិខិតចុះបញ្ជីបក្សដែលទទួលពីក្រសួងមហាផ្ទៃ ព្រមទាំងបញ្ជីឈ្មោះ​ថ្នាក់ដឹកនាំបានតម្កល់ទុក នៅក្រសួងមហាផ្ទៃផងដែរ ជាមួយ​នឹង​ពាក្យស្នើសុំនោះ​។ ការប្រកាសឱ្យប្រញាប់ប្រញាល់​នេះ ធ្វើឡើងក្រោយ ព្រះរាជក្រឹត្យ ស្ដីពី​ការរៀបចំ និងការប្រព្រឹត្តទៅ​នៃឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និងផ្ដល់យោបល់​បានអនុម័ត។ 
 
ការបង្កើតឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ គឺមានគោលបំណង​លើកស្ទួយ​របប​នយោបាយ ប្រជាធិបតេយ្យសេរីពហុបក្ស ដើម្បីប្រមូលធាតុចូលនៃទស្សនៈ ពហុគំនិត​ជា​ប្រយោជន៍ដល់ការស្ថាបនាជាតិ។ បក្សនយោបាយទាំងអស់ ដែលចុះបញ្ជីត្រឹមត្រូវអាច​ចូលរួមក្នុងឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដាល់យោបល់បាន ដើម្បីរួមគ្នាពិគ្រោះ​និងផ្ដល់ យោបល់ដល់រដ្ឋាភិបាល ក្រៅក្របខណ្ឌសភា ក្នុងគោលដៅលើស្ទួយប្រសិទ្ធភាពការងារ បម្រើ​ពលរដ្ឋ និងអភិវឌ្ឍសង្គមជាតិ។ នេះបើតាមព្រះរាជក្រឹត្យ ដែលមាន៧ជំពូក និង២១ មាត្រា។ 
 
«ប្រតិភូគណបក្សនយោបាយនីមួយៗ មានសិទ្ធិពេញលេញ ក្នុងការចុះតាមដានដំណើរ ការអនុវត្តច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅជួយរកឱ្យយើងនូវភាព អសកម្ម ភាពមិនប្រក្រតី អំពើពុករលួយ និងការរំលោភបំពាន អំណាចពីសំណាក់បុគ្គល ជាមន្ត្រី ឬអាជ្ញាធរគ្រប់ផ្នែក និងគ្រប់ថ្នាក់»។ នេះជាសិទ្ធិអំណាចរបស់ ឧត្តមក្រុមប្រឹក្សា ពិគ្រោះនិងផ្តល់យោបល់ ដែលមានចែកក្នុងមាត្រា១៤ នៃព្រះរាជក្រឹត្យ។ សិទ្ធិបំពេញ ភារកិច្ចនេះ គឺដូចគ្នានឹងឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់អាណត្តិមុខដែរ។ ក៏ប៉ុន្តែក្នុង អាណត្តិមុន ក្រោយពីប្រតិភូបក្សក្នុងមួយចំនួនក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់​យោបល់ បានចុះបំពេញការងារពាក់ព័ន្ធនឹងបញ្ហាដីធ្លី រដ្ឋាភិបាលក៏បានចេញសេចក្ដី​សម្រេចបន្ថែម ឱ្យឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់បញ្ឈប់ ការចុះដោះស្រាយ​ទំនាស់ដីធ្លីទាំងឡាយណា ដែលនាយករដ្ឋមន្រ្តី និងតុលាការបានដោះស្រាយ​បញ្ចប់រួចរាល់ រួមទាំងហាមឃាត់មិនឱ្យសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ រាយការណ៍ពីបញ្ហាទំនាស់ដីធ្លីរវាងបុគ្គល និងបុគ្គលផងដែរ។
 
សូមជម្រាបថា ក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ បក្សស្ថាបនិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ អាចមានតំណាង៣រូប ដែលមួយរូបជាប្រធានប្រតិភូ មានឋានៈស្មើទេសរដ្ឋមន្ត្រី មួយរូបជាអនុប្រធានប្រតិភូឋានៈស្មើរដ្ឋមន្ត្រី និងមួយរូបទៀត ជាសមាជិកប្រតិភូ មានឋានៈស្មើរដ្ឋលេខាធិការ។ ចំណែក គណបក្សផ្សេងទៀត អាចមានតំណាង២រូប ដែលធ្វើជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់។ តំណាងទាំង២រូបនៃគណបក្សនីមួយៗ ជាទូទៅ ជាប្រធានគណបក្ស និងជាអនុប្រធានគណបក្ស។ ពេលចូលជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ប្រធានគណបក្ស មានឋានៈស្មើទេសរដ្ឋមន្រ្តី​ ហើយអនុប្រធានគណបក្សមានឋានៈស្មើរដ្ឋមន្រ្តី។ ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ជួបពិភាក្សាផ្ទាល់ជាមួយនាយករដ្ឋមន្រ្តីម្តងនៅរៀងរាល់៦ខែ៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com