ជាតិ
សេដ្ឋកិច្ច
គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ​នឹងប្រើស្តង់ដារួមលើការផ្តល់កម្ចីក្រោម​៥ម៉ឺនដុល្លារ ​ដល់អតិថិជន
30, Aug 2023 , 2:39 pm        
រូបភាព
គ្រប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ នឹងអនុវត្តស្តង់ដារួមលើ​កិច្ចសន្យាឥណទាន និងខចែងនៃកិច្ចសន្យាឥណទានចំពោះអតិថិជនដែលមានកម្ចីក្រោម៥ម៉ឺនដុល្លារ ចាប់ពីថ្ងៃទី១វិច្ឆិកា តទៅ។ ការអនុវត្តនូវស្តង់ដារួមនេះ គឺជាការផ្តល់ភាពងាយស្រួលដល់អតិថិជនដែលមានខ្លឹមសារដូចគ្នា​ សំដៅដល់ការធានាបាននូវកិច្ចការពារអតិថិជន តម្លាភាព និងការប្រកួតប្រជែងដោយស្មើភាពក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ ដើម្បីរក្សានិរន្តរភាពរបស់វិស័យហិរញ្ញវត្ថុទាំងមូល។​

 
ស្ថាប័នដែលនឹងអនុវត្តស្តង់ដារួមលើ​កិច្ចសន្យាឥណទាន និងខចែងនៃកិច្ចសន្យាឥណទានចំពោះអតិថិជននេះ គឺធនាគារពាណិជ្ជ ធនាគារឯកទេស ​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលបានប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ  គ្រឹះស្ថានឥណទានជនបទ និងក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ។ 
 
ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់​ស្តង់ដា​កិច្ចសន្យាឥណទាន និង​ខចែង​ស្តង់ដា​កិច្ច​សន្យា​ឥណទាន នៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ នាថ្ងៃទី២៩សីហា​ លោក សុខ វឿន ប្រធាន​ក្រុម​ប្រឹក្សាភិបាល​សមាគមមី​ក្រូហិរញ្ញវត្ថុ​កម្ពុជា (CMA) បានបញ្ជាក់ថា ​ស្តង់ដា​នេះ ​អនុវត្តចំពោះ​តែការផ្តល់​ឥណទានថ្មី ឬ​អតិថិជន​ថ្មីប៉ុណ្ណោះ ដែលមាន​ប្រសិទ្ធភាព​​ ចាប់​ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ តទៅ។ លោកបន្តរៀបរាប់ដោយសង្កត់ធ្ងន់យ៉ាងដូច្នេះ៖ « ចំពោះទំហំប្រាក់កម្ចី​តូចជាង ឬស្មើ៥ម៉ឺនដុល្លារអាម៉េរិក គ្រប់គ្រឹះស្ថានធនាគារ និង​ហិរញ្ញ​វត្ថុ​ទាំងអស់ ត្រូវប្រើទម្រង់ និងលក្ខខណ្ឌដូចគ្នា នៃស្តង់ដាកិច្ចសន្យាឥណទាន ដែលចេញដោយសមាគមធនាគារនៅកម្ពុជា និងសមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា »។
 
លោក សុខ វឿន ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA)។

បើតាមប្រធាន CMA ស្តង់ដា​កិច្ចសន្យា​ឥណទាន​ដែលប្រើទម្រង់ និងលក្ខខណ្ឌដូចគ្នា ដែលគ្រប់ស្ថាប័នហិរញ្ញវត្ថុត្រូវប្រើប្រាស់ចំពោះអតិថិជននោះមាន ស្តង់ដា​កិច្ចសន្យា​ខ្ចី​មាន​ទ្រព្យធានា, ស្តង់ដា​កិច្ចសន្យា​ខ្ចីគ្មាន​ទ្រព្យធានា, កិច្ចព្រមព្រៀង​ភតិសន្យា​ហិរញ្ញវត្ថុ​ចលនវត្ថុ និងស្តង់ដា​កិច្ចសន្យា​ឥណទាន​ជាក្រុម។ ដោយឡែក ចំពោះ​​​ឥណទានលើសពី៥ម៉ឺនដុល្លារ ​ដល់ ១០ម៉ឺនដុល្លារ ក៏តម្រូវឱ្យគ្រប់​គ្រឹះស្ថាន​ធនាគារ​និងហិរញ្ញវត្ថុ​ ​បញ្ចូល​ខចែង​ស្តង់ដារ​​ កិច្ចសន្យា​ទាំងបួននេះទៅ​ក្នុង​កិច្ចសន្យាឥណទាន​​របស់ខ្លួន ផងដែរ។
 
សម្រាប់​ លោក រ័ត្ន សោភ័ណ អនុប្រធានសមាគមធនាគារនៅកម្ពុជា(ABC) ​ការអនុវត្តនូវស្តង់ដានេះ មិនត្រឹមជួយលើកកម្ពស់ការប្រកួតប្រជែង និងការពារអតិថិជនប៉ុណ្ណោះ។ ប៉ុន្តែ វាក៏នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍវិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជាប្រកបដោយស្ថិរភាព ចីរភាព និងបរិយាប័ន្ន ផងដែរ។ 
 
លោក រ័ត្ន សោភ័ណ អនុប្រធានសមាគមធនាគារនៅកម្ពុជា(ABC) ។

ស្តង់ដាដែលអនុម័តដោយក្រុមប្រឹក្សាភិបាលសមាគមធនាគារ និងមីក្រូហិរញ្ញវត្ថុកម្ពុជា​ក្រោមការគាំទ្រពីធនាគារជាតិនេះ ត្រូវបានលោក  សោភ័ណ ជឿជាក់ ថា វាក៏ចូលរួមពង្រឹងយន្តការបណ្តឹងតវ៉ារបស់អតិថិជនឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ 
 
ជុំវិញនៃការអនុវត្តស្តង់ដាកិច្ចសន្យាឥណទាន និងខចែងស្តង់ដានៃ​កិច្ច​សន្យា​ឥណ​ទាន​សម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនេះ  គឺជាការចូលរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្រ្តបញ្ជកោណ ដំណាក់កាលទី១  នៃនីតិកាលទី៧ របស់រាជរដ្ឋាភិបាល។ នេះជាការលើកឡើងរបស់ លោកស្រី ជា សិរី ទេសាភិបាធនាគារជាតិនៃកម្ពុជា​ ដោយលើកទឹកចិត្តដល់គ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ រួមទាំងភាគីពាក់ព័ន្ធទាំងអស់រួមគ្នា​អនុវត្ត​ស្តង់ដានេះ។​
 
បើតាមលោកស្រី ជា សិរី ការអនុវត្តនូវស្តង់ដានេះ  គឺជាការបង្ហាញនូវការរួម​ចំណែក​ ជាមួយធនា​គារជាតិ ក៏ដូចជារដ្ឋាភិបាល ក្នុងការងារគាំទ្រកិច្ចការពារអតិថិជន និង​ពង្រឹង​បរិយា​ប័ន្ន​ហិរញ្ញវត្ថុនៅកម្ពុជា ដែលឆ្លុះបញ្ចាំងតាមរយៈការផ្តល់សេវាប្រកបដោយការទទួលការទទួលខុសត្រូវ និងការ​ប្រកួត​ប្រជែង​ប្រកបដោយក្រមសីលធម៌។ អគ្គទេសាភិបាលធនាគាររូបនេះ​ បានបញ្ជាក់ថា ៖ «ការធ្វើនេះនឹងផ្តល់នូវតម្លាភាព និងភាពងាយស្រួលក្នុងការប្រៀបធៀបការផ្តល់ឥណទានពីគ្រឹះស្ថានមួយទៅគ្រឹះស្ថានមួយទៀត ដែលកិច្ចសន្យានេះត្រូវបានកំណត់អំពី ការគិតកម្រៃការប្រាក់និងកម្រៃផ្សេងៗរបស់គ្រឹះស្ថានហិរញ្ញវត្ថុ»។ ដូចជា៖​​ ការកំណត់រយៈពេលត្រូវជូនដំណឹងក្នុងករណីអតិថិជនមានបំណងបង់ផ្តាច់មុនពេលកំណត់,  រយៈអាចដកបណ្ណកម្មសិទ្ធក្រោយទូទាត់បំណុលទាំងស្រុង និងការបង្ហាញលេខបណ្តឹងតវ៉ា ជាដើម។
 
លោកស្រី ជា សិរី ទេសាភិបាធនាគារជាតិនៃកម្ពុជា។

គិតត្រឹមឆមាសទី១ ឆ្នាំ២០២៣ ទ្រព្យសកម្មក្នុងប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាមានសរុប ៨២,២ពាន់លានដុល្លារ។ ក្នុងនោះវិស័យធនាគារគ្រប់ដណ្តប់ប្រមាណ៨៥ភាគរយ នៃទ្រព្យសកម្មភាពសរុប ស្របពេលដែលវិស័យមីក្រូហិរញ្ញវត្ថុមានចំណែក១៤,៤ភាគរយ ខណៈវិស័យភតិសន្យា ​មានចំណែក០,៦ភាគរយ។ ដោយឡែក ចំពោះឥណទានអតិថិជនវិញមានចំនួន៥៨,៦ពាន់លានដុល្លារ និងប្រាក់បញ្ញើមានចំនួន ៤៤,៤ពាន់លានដុល្លារ។ ជាមួយគ្នានេះ ដើមទុនក្នុងប្រព័ន្ធធនាគារមានចំនួន ៨,៧ពាន់លានដុល្លារ។ 
 
ប្រព័ន្ធធនាគារនៅកម្ពុជា គឺមានធនាគារពាណិជ្ជកម្មចំនួន ៥៩, ធនាគារឯកទេស៥, គ្រឹះស្ថានហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ៥, គ្រឹះស្ថានហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើមាន៨២, គ្រឹះស្ថានឥណទានជនបទ​មាន១១៨, គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុមាន១៧។ នេះបើយោងតាមរបាយការណ៍ប្រចាំឆមាសទី១ របស់ធនាគារជាតិនៃកម្ពុជា៕ 
 

Tag:
 ហិរញ្ញវត្ថុ
  កម្ចី
© រក្សាសិទ្ធិដោយ thmeythmey.com