ជាតិ
សេដ្ឋកិច្ច
របាយការណ៍៖ អ្នកខ្ចី​ប្រាក់​មីក្រូហិរញ្ញវត្ថុភាគច្រើន​ជាប់​​បំណុល​​លើស​លប់
31, Aug 2023 , 9:59 pm        
រូបភាព
រូបតំណាង៖ អាជីវករម្នាក់កំពុងលក់ផ្លែឈើ នៅផ្សារបាវិត នៃខេត្តស្វាយរៀង កាលពីថ្ងៃទី២សីហា ឆ្នាំ២០២៣
រូបតំណាង៖ អាជីវករម្នាក់កំពុងលក់ផ្លែឈើ នៅផ្សារបាវិត នៃខេត្តស្វាយរៀង កាលពីថ្ងៃទី២សីហា ឆ្នាំ២០២៣
របាយ​ការណ៍ថ្មីមួយ​ដែល​សិក្សា​ដោយ​អង្គការ​លីកាដូ ​និង​អង្គការ​សមធម៌​កម្ពុជា​ បាន​រក​ឃើញ​ថា អ្នក​ខ្ចី​ប្រាក់​ភាគ​ច្រើន​គឺ ​«ជាប់​ជំពាក់​បំណុល​លើស​លប់»​ ហើយ​ក៏​មាន​ករណី​លក់​ដី ​ដើម្បី​សង​បំណុល​ផង​ដែរ។ របាយការណ៍​​នេះចំណង​ជើង​ថា ​ហានិភ័យ​នៃ​បំណុល៖​ ការ​សិក្សា​ស្រាវ​ជ្រាវ​បែប​បរិមាណ​ នៃ​អ្នក​ជាប់​ជំពាក់​កម្ចី​ខ្នាត​តូច​ នៅ​ខេត្ត​កំពង់ស្ពឺ។​ របាយ​ការណ៍​នេះ ​ស្ទង់​មតិ​ទៅ​លើ​ប្រជា​ពលរដ្ឋ​ចំនួន​៧១៧​ខ្នង​ផ្ទះ ​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ ​កាល​ពី​ដើម​ឆ្នាំ​២០២២ ដែលទើបបានចេញផ្សាយនៅថ្ងៃទី២៩សីហា ឆ្នាំ២០២៣។

 
យោងតាមរបាយការណ៍នេះ ​អ្នក​ខ្ចី​ប្រាក់​ជាង​២/៣ ​«យល់​ស្រប​ទាំង​ស្រុង» ​ឬ ​«យល់​ស្រប»​ថា​ ​គ្រួសារ​របស់​ពួក​គេ​ជំពាក់​បំណុល​ច្រើន​ពេក។  អ្នក​ខ្ចី​ជាង​២៧ភាគរយ​ទៀត កំពុង​ចំ ណាយ​ប្រាក់​ចំណូល​របស់​ពួក​គេដល់ទៅ​ជាង​៧០ភាគរយ ​លើ​ការ​បង់​សង​បំណុល​ ជា​រៀង​រាល់​ខែ។  
 
ដោយឡែក ​ប្រជា​ពលរដ្ឋ​តាមខ្នង​ផ្ទះមាន​ជាង​៩២ភាគរយ ​ត្រូវ​បាន​តម្រូវ​ឱ្យ​ដាក់​បណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​យ៉ាង​តិច​មួយ ​ដើម្បី​វាយ​តម្លៃ​ពី​កម្ចី​ឥណទាន​ខ្នាត​តូច​មួយ។​ ​របាយ​ការណ៍​បន្ត​បង្ហាញថា  ​ប្រជា​ពលរដ្ឋ​តាម​ខ្នង​ផ្ទះ ​៦,១ភាគរយ ​នៃ​ចំនួន​ខ្នង​ផ្ទះ​សរុប​៧១៧​ ដែល​ត្រូវ​បាន​សម្ភាស បាន​លក់​ដីដើម្បី​សង​បំណុល។​
 
ពលកម្ម​កុមារ​ និង​កុមារ​បោះបង់​ការ​សិក្សា​ដោយ​សារ​បំណុល​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ ឬ​ធនាគារ​ គឺ​កើត​ឡើង​ញឹក​ញាប់​ខ្លាំង។​ ប្រមាណ​ជា​៣ភាគរយ ​នៃ​ប្រជា​ពលរដ្ឋ​តាម​ខ្នង​ផ្ទះ ​បាន​ឱ្យ​កូន​បោះបង់​ការ​សិក្សា​ ដោយសារ​តែ​កម្ចី​មីក្រូ​ហិរញ្ញ​វត្ថុ​ ឬ​ធនាគារ​ ដោយ​កុមារ​ជា​ច្រើន ​ត្រូវ​ទៅ​ធ្វើការ​ជួយ​រក​ប្រាក់​ ដើម្បី​បង់​សង​កម្ចី​ទាំង​នោះ​វិញ។​ នេះ​បើ​តាម​របាយ​ការណ៍។​ 
 
អ្នក​ផ្ដល់​បទ​សម្ភាសន៍​ជិត​១/៥​ (១៨,៣ភាគរយ)​ បរិភោគ​អាហារ​តិច​ជាង​មុន ​ក្រោយ​ពេល​យក​កម្ចី​ពី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ ​ឬ​ធនាគារ។​ ប្រជា​ពលរដ្ឋ ​កំពុង​បង្កើន​ការ​យក​កម្ចី​ថ្មី​ ដើម្បី​ទៅ​សង​កម្ចី​ចាស់។​ បើ​តាម​របាយ​ការណ៍​នេះ អ្នក​ខ្ចី​ភាគ​ច្រើន​ មិន​បាន​យល់​ដឹង​ពី​ដំណើរ​ការ​ផ្លូវ​ច្បាប់​ ក្នុង​ករណី​ខក​ខាន​ការ​បង់​សង​កម្ចី ​ឬ​មិន​ជឿ​ថា មាន​ការ​ប្រើ​ប្រាស់​ដំណើរ​ការ​ផ្លូវ​ច្បាប់។​
 
បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​អង្គការ​​​លីកាដូ ​និង​អង្គការ​សមធម៌​កម្ពុជា ​ ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ ​បានបង្ហាញ​ពីការ​រីក​រាល​ដាល ​នៃ​ភាព​ជំពាក់​បំណុល​ច្រើន​លើស​លប់ ​បាន​នាំ​ឱ្យ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ជា​ច្រើន រួម​មាន​ភាព​អត់​ឃ្លាន​ ពលកម្ម​កុមារ ​និង​ការ​លក់​ដី​ដោយ​បង្ខំជា​ដើម ​នៅ​ទូទាំង​ខេត្ត​កំពង់ស្ពឺ។ សេចក្តីថ្លែងការណ៍ដដែលបន្តរៀបរាប់ថា៖  «អ្នក​ខ្ចីប្រាក់ ​កំពុង​ធ្វើ​ការ​លះ​បង់​ដោយ​មិន​សម​ស្រប​ជា​ច្រើន ​ដើម្បី​បង់​សង​កម្ចី​ដែល​តម្រូវ​ឱ្យ​ដាក់​ធានា​នូវ​បណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​ដ៏​ច្រើន​លើស​លប់ ​ហើយ​ជា​រឿយៗ ​វា​តែង​តែ​លើស​ពី​ប្រាក់​ចំណូល ​និង​សមត្ថ​ភាព​របស់​អ្នក​ខ្ចី​ក្នុង​ការ​បង់​សង»។​
 
សម្រាប់លោកស្រី ពីឡូក ណាលី ​នាយិកា​ទទួល​បន្ទុក​កិច្ចការ​ក្រៅ​តំបន់ ​នៃ​អង្គការ​លីកា ការ​ស្រាវជ្រាវ​នេះ បាន​ផ្ដល់​នូវ​ភស្តុតាង​បន្ថែម​ទៀត ​ពីការ​រំលោភ​សិទ្ធិ​មនុស្ស ​គឺ​កំពុង​កើត​ឡើង​ជា​ញឹក​ញាប់ ​និង​ជា​លក្ខណៈ​ប្រព័ន្ធ​ នៅ​ក្នុង​វិស័យ​ឥណទាន​ខ្នាត​តូច​នៅ​កម្ពុជា។​ លោកស្រី ពីឡូក ណាលី បានបន្ថែមនៅក្នុងថ្លែង​ក្នុង​សេចក្តី​ការណ៍នេះ​ថា ៖ «​ប្រជា​ពលរដ្ឋ​អ្នក​ខ្ចី​ប្រាក់​ មិន​មាន​ពេល​វេលា​សម្រាប់​ការ​ពន្យារ​ពេល​ទៀត​នោះ​ទេ ​ហើយ​ពួកគេ​ត្រូវ​ការ​ការ​អនុ​គ្រោះ​បំណុល​បន្ទាន់ ​សម្រាប់​អ្នក​ជាប់​ជំពាក់​បំណុល​ច្រើន​លើស​លប់​ជាង​គេ​ ដើម្បី​ទប់​ស្កាត់​វិបត្តិ​សិទ្ធិ​មនុស្ស​នេះ ​កុំ​ឱ្យ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត»។​
 
លោក អៀង វុទ្ធី ដែលជានាយកប្រតិបត្តិនៃអង្គការសមធម៌កម្ពុជា​ បានជំរុញ​ដល់​វិនិយោគិន​ អាជ្ញាធរ ​និង​តួអង្គ​អភិវឌ្ឍន៍​នានា ​ត្រូវ​ចាត់​វិធានការ​បន្ទាន់ ​ដើម្បី​ផ្ដល់​ដំណោះ​ស្រាយ​សម្រាប់​អ្នក​ខ្ចី​ប្រាក់។ លោក អៀង វុទ្ធី បញ្ជាក់៖ «គ្រប់ភាគីពាក់ព័ន្ធត្រូវ​ធានា​ថា​ ការ​អនុវត្ត​បែប​កេង​ប្រវ័ញ្ច​ទាំង​នេះ​ នឹង​ត្រូវ​បញ្ឈប់ ​ព្រមទាំង​ដាក់​ចេញ​នូវ​វិធាន​ការ​ច្បាប់​ការពារ​អ្នក​ប្រើប្រាស់ ​ដើម្បី​អាច​ឱ្យ​យើង​ធានា​បាន​ថា​ សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន​របស់​អ្នក​ខ្ចី​ប្រាក់​ត្រូ វ​បាន​គោរព»។​
 
ជុំវិញនៃរបាយការណ៍​​ខាងលើនេះ សមាគមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) កំពុងសិក្សាលម្អិត ដែលមិនទាន់មានការឆ្លើយតបឡើយ។ ប៉ុន្តែ លោក កាំង តុងងី ប្រធាន​នាយក​ដ្ឋាន​ទំនាក់​ទំនង និងជាអ្នកនាំពាក្យ​ CMA បានអះអាងប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey) នា​ព្រឹក​ថ្ងៃទី៣១សីហានេះថា ៖ «កិច្ចការពារអតិថិជន តែងតែជាអាទិភាព​ក្នុងវិស័យ​មីក្រូ​ហិរញ្ញវត្ថុ ដើម្បីធានាបាននូវនិរន្តភាពវិស័យ នឹងបំពេញបាននូវបេសកម្មរបស់ខ្លួន ​ក្នុងការ​កាត់​បន្ថយ​ភាពក្រីក្រ និងកំណើនសេដ្ឋកិច្ច ដូចដែលយើងបានធ្វើ ​ក្នុងរយៈពេលជាង៣០ឆ្នាំ​មកនេះ»។
 
បើតាម លោក តុងងី កន្លងមក​ស្ថាប័ន​មីក្រូ​ហិរញ្ញ​វត្ថុ​មួយ​ចំនួន​ ក៏​ធ្លាប់​ចូល​រួម​ដោះស្រាយ​បញ្ហា​បំណុល​ដល់​ប្រជា​ពលរដ្ឋ​ដែរ ដើម្បី​ជួយ​សម្រាល​បន្ទុក​បញ្ហា​បំណុល ​ប្រសិន​បើ​ពួក​គេ​ជួប​ស្ថាន​ភាព​លំបាក។​ អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា​រូបនេះ លើកចិត្ត​ដល់​ពលរដ្ឋ ជាពិសេសអ្នកមានបំណុល ឱ្យបង្ហាញភាពស្មោះត្រង់ និងកុំខ្លាចក្នុងការយកបញ្ហា ឬការលំបាករបស់ខ្លួន ទៅជជែកជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬធនាគារ។ «ការបង្ហាញ​ភាព​ស្មោះត្រង់បែបនេះ គឺដើម្បីឱ្យគេយល់ពីបញ្ហារបស់យើង យល់ពីលទ្ធភាពជាក់ស្តែង​របស់យើង ហើយដាក់ចេញនូវដំណោះស្រាយណាមួយ ដើម្បីធានាបានថា ​ប្រជាពលរដ្ឋ​យើងនៅបន្តបង់ប្រាក់ ឬបន្តជីវភាពរស់នៅបានដោយសមរម្យ»។ ​នេះជាការលើកឡើង របស់លោក តុងងី ដោយហាមពលរដ្ឋដាច់ខាត កុំទៅខ្ចីលុយផ្លូវក្រៅការ ជាពិសេស កម្ចីតាមប្រព័ន្ធអនឡាញ ដែលវាធ្វើឱ្យបញ្ហាកាន់តែរីកធំ ហើយពលរដ្ឋកាន់តែប្រឈមនឹង ការក្ស័យធន។​
 
យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៣ ទ្រព្យ​សកម្ម​ក្នុងវិស័យវិស័យមីក្រូហិរញ្ញវត្ថុ មានទំហំ ១១,៨ពាន់លានដុល្លារ ក្នុងនោះឥណ​ទាន​អតិថិជនបានកើនឡើង ៩,៧ពាន់លានដុល្លារ ដោយមាន២,២លានគណនី។ ឥណទាន  ទាំ​ង​នោះ មាន៣៤ភាគរយ ត្រូវបានផ្តល់ទៅឱ្យអង្គភាពគ្រួសារ មាន​២៣,២​ភាគរយ ក្នុង​វិស័យពាណិជ្ជកម្ម និងជំនួញមាន១៧,៦ភាគរយ ក្នុងវិស័យកសិកម្ម។ ​វិស័យ​សេវា​មាន ១៣,៤ភាគរយ។ ជាមួយគ្នានេះ វិស័យដឹកជញ្ជូនមាន ៤,២ភាគរយ  សំណង់​មាន៤,៤​ភាគរយ​ កម្មន្តសាលមាន ១,៩ភាគរយ និងវិស័យផ្សេងមៗមាន១,៣ភាគរយ៕​
 

Tag:
 មីក្រូហិរញ្ញវត្ថុ
  កំពង់ស្ពឺ
© រក្សាសិទ្ធិដោយ thmeythmey.com