ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក យ៉ែម បុញ្ញឫទ្ធិ ចែកផ្លូវពីលោក ញឹក ប៊ុនឆៃ
01, Sep 2023 , 10:12 am        
រូបភាព
លោក យ៉ែម បុញ្ញឫទ្ធិ បានប្រកាសបញ្ចប់នូវកិច្ចព្រមព្រៀងទាំងអស់ និងសុំលាលែងពីតួនាទីទាំងអស់ ព្រមទាំងសមាជិកភាពរបស់គណបក្សខ្មែររួមរួមជាតិ។ នេះបើតាមលិខិតរបស់អតីតមន្ត្រីគណបក្សប្រឆាំងរូបនេះ ផ្ញើទៅលោក ញឹក ប៊ុនឆៃ កាលពីថ្ងៃទី៣១ ខែសីហា។


លោក យ៉ែម បុញ្ញឫទ្ធិ បានបង្កើតគណបក្សកម្ពុជានិយម ដើម្បីចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ហើយដល់ខែតុលា ឆ្នាំ២០២២ លោកបានច្របាច់បញ្ចូលជាមួយគ្នាខ្មែររួបរួមជាតិ សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ដោយលោក ញឹក ប៊ុនឆៃ ជាប្រធាន ហើយលោកជាអនុប្រធាន។

គណបក្សខ្មែររួបរួមជាតិ មិនបានទទួលសអាសនៈណាមួយឡើយ។ ក្រោយការបោះឆ្នោតភ្លាមៗ មេដឹកនាំទាំងពីរ បាននាំគ្នាទៅលើកទឹកចិត្តថ្នាក់ដឹកនាំបក្សនៅតាមមូលដ្ឋាន ប៉ុន្តែរយៈពេលចុងក្រោយ លោក យ៉ែម បុញ្ញឫទ្ធិ បានបង្ហាញពីជំហរច្បាស់លាស់របស់ខ្លួនក្នុងការមិនចូលរួមក្នុងក្រុមឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ ខណៈដែលលោក ញឹក ប៊ុនឆៃ ធ្លាប់បានចូលរួមកាលពីអាណត្តិកន្លងមក។

លិខិតលាលែង លោក យ៉ែម បុញ្ញឫទ្ធិ មិនបានលើកយកបញ្ហានេះ មកនិយាយឡើយ។ «ខ្ញុំបាទសូមបញ្ចប់នូវកិច្ចព្រមព្រៀងទាំងអស់ដែលបានចុះហត្ថលេខាដោយរូបខ្ញុំបាទផ្ទាល់។ ទន្ទឹមនឹងនេះ ខ្ញុំបាទក៏សុំលាលែងពីតួនាទីទាំងអស់ និងពីសមាជិកភាពរបស់គណបក្សខ្មែររួបរួមជាតិ»។ លោកបានសរសេរយ៉ាងដូច្នេះ។

ជាមួយគ្នានេះ លោកបានលើកសរសើរលោក ញឹក ប៊ុនឆៃ បន្ថែមថា៖ «វីរភាពតស៊ូ ការលះបង់គ្រប់បែបយ៉ាងរបស់ ឯកឧត្ដមប្រធាន ដើម្បីផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ ស្ថិតនៅក្នុងការចងចាំរបស់ខ្ញុំ ដោយក្ដីគោរពកោតសរសើរបំផុត»៕


 



© រក្សាសិទ្ធិដោយ thmeythmey.com