អន្តរជាតិ
លោកសេដ្ឋា ប្រាប់លោកប្រាយុទ្ធ ឱ្យរីករាយនឹងជីវិត និងធ្វើដំណើរកម្សាន្តនៅបរទេស
01, Sep 2023 , 4:09 pm        
រូបភាព
លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ (ឆ្វេង) ជួបជាមួយលោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីផុតអាណត្តិ នៅវិមានរដ្ឋាភិបាលថៃ ក្នុងថ្ងៃទី២៤ ខែសីហា។ រូបភាព Twitter_Khaosod English
លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ (ឆ្វេង) ជួបជាមួយលោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីផុតអាណត្តិ នៅវិមានរដ្ឋាភិបាលថៃ ក្នុងថ្ងៃទី២៤ ខែសីហា។ រូបភាព Twitter_Khaosod English
លោកសេដ្ឋា​ ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ នៅថ្ងៃទី១ ខែកញ្ញា បានប្រាប់ឱ្យលោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីថៃផុតអាណត្តិ ឱ្យរីករាយនឹងជីវិត និងធ្វើដំណើរកម្សាន្តនៅបរទេស ក្រោយកាន់តំណែងជិត ៩ឆ្នាំ។

 
ឆាប់ៗខាងមុខនេះ រដ្ឋាភិបាលថៃថ្មី នឹងចាប់ផ្តើមការងារ។ គណៈរដ្ឋមន្រ្តីថ្មី ត្រូវបានរំពឹងថា នឹងបើកកិច្ចប្រជុំលើកដំបូង នៅថ្ងៃទីថ្ងៃទី១២ ខែកញ្ញា ក្រោយការតែងតាំង និងស្បថនៅចំពោះមុខព្រះមហាក្សត្រ។ 
 
ពីទីស្នាក់ការកណ្តាលបក្សភឿថៃ នៅថ្ងៃទី១ ខែកញ្ញា លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ បានប្រាប់លោកប្រាយុទ្ធ ចន្ទអូចា ឱ្យរីករាយក្នុងជីវិតតាមរយៈការធ្វើដំណើរទៅបរទេស។ 
 
ទន្ទឹមនេះ លោកសេដ្ឋា បានបញ្ជាក់ថា បញ្ជីគណៈរដ្ឋមន្រ្តីថៃ នឹងបញ្ជូនទៅព្រះមហាក្សត្រ ដើម្បីសុំការតែងតាំងនៅថ្ងៃទី១ ខែកញ្ញានេះ ប្រសិនបើក្រុមប្រឹក្សារដ្ឋថៃ ត្រួតពិនិត្យពីសមាសភាពរបស់សមាជិកគណៈរដ្ឋមន្រ្តីរួចរាល់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod English។ 
 
លោកសេដ្ឋាក៏បានលើកឡើងពីការស្នើសុំលើកលែងទោសរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្រ្តីថៃផងដែរ ដោយប្រមុខរដ្ឋាភិបាលថ្មីចាត់ទុកបញ្ហានោះ ជាកិច្ចការផ្ទាល់ខ្លួនរបស់លោកថាក់ស៊ីនសុទ្ធសាធ។ 
 
កន្លងមក លោក ប្រាយុទ្ធ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា លោកនឹងក្លាយជាពលរដ្ឋសាមញ្ញដោយគ្មានឯកសិទ្ធិពិសេស ហើយចង់សម្រាក និងចំណាយពេលជាមួយគ្រួសារ។
 
ក្នុងជំនួបនៅវិមានរដ្ឋាភិបាលនៅពេលកន្លងមក លោកប្រាយុទ្ធ បានផ្តល់អនុសាសន៍ឱ្យលោកសេដ្ឋាមានភាពអំណត់ក្នុងការដឹកនាំ រួមទាំងប្រកាន់យកគោលការណ៍ «ជាតិ, សាសនា និងព្រះមហាក្សត្រ»។ លោកសេដ្ឋាថា លោកប្រាយុទ្ធ ជាបុគ្គលមួយរូប ដែលគួរតែទទួលបានការគោរព។ 
 
តាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ លេខាធិការដ្ឋានគណៈរដ្ឋមន្រ្តីថៃ បានបញ្ជូនបញ្ជីគណៈរដ្ឋមន្រ្តី ទៅមហាក្សត្រថៃហើយ ដើម្បីសុំការតែងតាំង មុននឹងស្បថចូលកាន់តំណែង។ ការបញ្ជូននេះ ធ្វើឡើងក្រោយក្រុមប្រឹក្សារដ្ឋថៃ បានពិនិត្យរួចរាល់ពីសមាសភាពនៃគណៈរដ្ឋមន្រ្តី ដោយមិនបានរកឃើញមានបញ្ហា។ 
 
ក្រោយសេចក្តីថ្លែងការណ៍ស្តីពីគោលនយោបាយថ្មី​ ត្រូវបានរៀបចំរួចរាល់ លោកសេដ្ឋា នឹងជូនដំណឹងទៅប្រធានរដ្ឋសភា លោក Wan Muhammad Nor Matha ដែលជាអ្នកកោះប្រជុំសមាជិករដ្ឋសភាទាំងអស់។ 
 
បើសិនបើគ្មានការប្រែប្រួលទេ រដ្ឋាភិបាលថៃថ្មីគ្រោង ថ្លែងពីគោលនយោបាយរបស់ខ្លួនទៅកាន់សភា នៅថ្ងៃទី៨ ខែកញ្ញា ហើយគណៈរដ្ឋមន្រ្តីថ្មី អាចបើកកិច្ចប្រជុំលើកដំបូង នៅប៉ុន្មានថ្ងៃបន្ទាប់៕
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com