ជាតិ
អ្នកកាសែតកាន់តែច្រើនត្រូវបានបំពាក់ជំនាញប្រើប្រាស់បណ្ដាញសង្គមដោយសុវត្ថិភាព
01, Sep 2023 , 4:39 pm        
រូបភាព
ក្លិបអ្នកកាសែតកម្ពុជាបន្តត្រៀមបើកវគ្គបណ្ដុះបណ្ដាលដល់អ្នកកាសែតអំពីការប្រើប្រាស់បណ្ដាញសង្គមដោយសុវត្ថិភាព។ អ្នកសារព័ត៌មានជិត១០០នាក់ បានរៀនពីរបៀបការពារខ្លួនពីការវាយប្រហារ ការគំរាមកំហែងតាមអ៊ីនធឺណិត និងការបោកប្រាស់តាមបណ្តាញសង្គមដែលកំពុងកើតឡើងនៅជុំវិញពិភពលោក។

 
នេះជាវគ្គបណ្តុះបណ្តាលសម្រាប់អ្នកសារព័ត៌មានលើកទី២ហើយក្នុងរយៈពេលពីរខែ លើប្រធានបទមួយចំនួនដូចជា៖ ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព ដោយផ្តោតសំខាន់ទៅលើ ហានិភ័យថ្មីៗ និងការគំរាមកំហែងតាមអ៊ីនធឺណិត, ចេះការពារសុវត្ថិភាពក្នុងការប្រើប្រាស់អ៊ីនធឺណិត/ អ៊ីមែល និងបណ្ដាញព័ត៌មានសង្គម, ចេះការពារឯកជនភាព និងទិន្នន័យផ្ទាល់ខ្លួន និងចេះកាពារខ្លួនពីការវាយប្រហារ ឬបោកប្រាស់តាមអនឡាញ។
 
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ជាអ្នកផ្តល់ទីកន្លែង និងផ្តល់គ្រូឧទ្ទេសនាមជំនាញៗនៅក្នុងវគ្គបណ្ដុះបណ្ដាលទាំងនេះ។ 
លោក ពុយ គា បានថ្លែងថា៖«អ្នកសារព័ត៌មានប្រៀបបាននឹងកងទ័ពជួរមុខមួយក្នុងការប្រើប្រាស់បណ្ដាញសង្គម។ ដូច្នេះអ្នកសារព័ត៌មានត្រូវមានចំណេះដឹងបន្ថែមក្នុងការការពារខ្លួន»។ 
 
ក្រៅពីជំនាញខាងលើ អ្នកសារព័ត៌មានក៏ត្រូវបានបំប៉នបន្ថែមលើចំណេះដឹងក្នុងការប្រើប្រាស់កម្មវិធីថត កាត់តវីដេអូតាមទូរស័ព្ទដៃ ការEditរូបថត ដាក់ក្រេឌីតលើរូបថតដោយប្រើទូរស័ព្ទដៃ និងការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ( Messenger, Telegram, What's App ) ។ល។
 
ក្នុងនាមក្លិបអ្នកកាសែតកម្ពុជា លោក ពុយ គា បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដែលបានពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន។
 
ដោយឡែកលោក លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងថា បច្ចេកវិទ្យាឌីជីថលចេះតែជឿនលឿនពីមួយថ្ងៃទៅមួយថ្ងៃ ដែលជាកត្តាចំបង តម្រូវឱ្យអង្គភាព ស្ថាប័ននានា ជាពិសេសបុគ្គលខ្លួនឯងតែម្តង ត្រូវចាប់យកបច្ចេកវិទ្យាឌីជីថលជាការចំបាច់ក្នុងជីវភាពការងារ និងការរស់នៅប្រចាំថ្ងៃ និងបន្តការយល់ដឹងបន្ថែម។
 
លោក សុផាណារិទ្ធិ បានបន្ថែមទៀតថា៖«ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បាននិងកំពុងខិតខំរៀបចំវគ្គបណ្តុះបណ្តាលជាច្រើន ដើម្បីបញ្ជ្រាបការយល់ដឹងអំពីការប្រើប្រាស់បច្ចេកវិទ្យា និងផលប៉ះពាល់នានា ដែលកំពុងមានការគំរាមកំហែង និងហានិភ័យថ្មីៗនៅលើប្រព័ន្ធអ៊ីនធឺណិតដល់មន្រ្តីរាជការ នៅតាមស្ថាប័ននានា។ក្រសួងក៏បាននិងកំពុងរៀបចំផ្សព្វផ្សាយមាតិការអំពីការយល់ដឹងបច្ចេកវិទ្យាឌីជីថលដើម្បី ប្រជាពលរដ្ឋអាចទទួលបានព័ត៌មាន និងងាយស្រួលយល់ដឹងអំពីបច្ចេកវិទ្យាថ្មីៗ។»។ 
 
អ្នកសារព័ត៌មានដែលមានបំណងចង់បន្ថែមចំណេះដឹង និងជំនាញលើការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព អាចទំនាក់ទំនងមកក្លិបអ្នកកាសែតកម្ពុជាដើម្បីក្លិបស្នើទៅលោករដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោកបណ្ឌិត ជា វ៉ាន់ដេត ដើម្បីរៀបចំបើកវគ្គបណ្តុះបណ្តាលបន្តទៀតដោយឥតគិតថ្លៃ៕
 






© រក្សាសិទ្ធិដោយ thmeythmey.com