កីឡាអន្តរជាតិ
អន្តរជាតិ
​ក្លិប Luton Town ត្រៀមប្រើកីឡដ្ឋានផ្ទាល់ខ្លួនលើកដំបូងនៅ Premier league
01, Sep 2023 , 8:59 pm        
រូបភាព
ការរង់ចាំដ៏យូរបស់ក្លិប Luton Town ក្នុងការប្រកួតក្នុងដី នៅក្របខណ្ឌលីគកំពូលអង់គ្លេស Premier League ក្នុងកីឡដ្ឋាន Kenilworth Road រៀបចំរួចរាល់ហើយថ្ងៃទី១ ខែកញ្ញា ដោយត្រូវទទួលក្រុម West Ham United ដែលជាការប្រកួតក្នុងផ្ទះលើកដំបូង។



ក្លិប Luton Town បានវិលត្រលប់មកកាន់ការប្រកួតនៅក្នុងក្របខណ្ឌកំពូលវិញ ដោយខកខានចាប់តាំងពីឆ្នាំ ១៩៩២ ក្លិបចំណូលថ្មីនៅក្របខណ្ឌ Premier League មួយនេះបានផ្អាកការប្រកួតក្នុងទឹកដីរបស់ខ្លួនក្នុងជំនួបទល់ Burnley ខណៈដែលការជួសជុលកីឡដ្ឋានមិនទាន់បញ្ចប់រួចរាល់កាលពីប៉ុន្មានសប្តាហ៍មុន។
 
​ការបរាជ័យក្នុងការប្រកួតបើកឆាកដើមរដូវកាលដ៏ធ្ងន់ធ្ងរក្រោមថ្វីជើង Brighton & Hove Albion និង Chelsea គឺមិនមែនជារឿងដែលសំខាន់សម្រាប់ក្លិប Luton Town ក្នុងការប្រជែងរក្សាកៅអីនៅក្នុងក្របខណ្ឌ Premier League ឡើយ។ ប៉ុន្តែការទន្ទឹងរង់ចាំក្នុងការស្វាគមន៍ការប្រកួតនៃលីគកំពូលលំដាប់ពិភពលោក ដោយត្រូវទទួលក្រុម West Ham United នាកីឡដ្ឋាន Kenilworth Road លើកដំបូងនៅក្នុងរយៈពេល ៣១ឆ្នាំ ជារឿងដែលក្លិបមួយនេះទន្ទឹងរង់ចាំ។
 
បើទោះបីមានការកែលម្អរកីឡដ្ឋានឡើងវិញដោយបានប្រើប្រាស់ប្រាក់ប្រមាណជាង ១០លានផោន (១២,៦៨លានដុល្លារ) ក្នុងការដំឡើងថ្មីនៃទីតាំងអង្គុយ Bobbers Stand កីឡដ្ឋានរបស់ក្លិប ​Luton Town អាចផ្ទុកអ្នកទស្សនាបានត្រឹម ១១,៣០០នាក់ ប្រហាក់ប្រហែលទៅនឹងក្លិប AFC Bournemouth’s កីឡដ្ឋាន Vitality។ កីឡដ្ឋានរបស់ Luton Town មានអាយុកាលប្រមាណ ១១៨ឆ្នាំ។
 
កីឡដ្ឋាន Kenilworth Road ទោះជាមានការកែលម្អរនូវត្រង់កន្លែងអង្គុយ ប៉ុន្តែរូបរាងនៃកីឡដ្ឋានហាក់មានសភាពដដែលដូចទៅនឹងរដូវកាលមុន ដែលពួកគេបានប្រកួតក្នុងក្របខណ្ឌ Championships។ ច្រកចូលនៃកីឡដ្ឋានរបស់ក្លិប Luton Town នៅតែបន្តយកច្រកចូលដដែល ក៏ដូចជាតាមរយៈច្រកចូលកាត់តាមក្រោយផ្ទះរបស់អ្នករស់នៅក្បែកីឡដ្ឋាននោះដដែល។
 
កាលឆ្នាំ​ ១៩៩២ Luton town គឺជាក្រុមដែលធ្វើបានល្អបំផុតសម្រាប់ការប្រកួតនៅក្នុងទឹកដី ដោយការប្រកួត ៨លើកចុងក្រោយពួកគេមិនដែលបរាជ័យឡើយ បើទោះជាក្រុមត្រូវបានធ្លាក់ទៅលីគ២ យ៉ាងណាក៏ដោយ។ កាលនោះ West Ham United គឺជាក្រុមចុងក្រោយដែលបានបំបាក់ Luton town នៅក្នុងកីឡដ្ឋាន Kenilworth Road៕

Tag:
 Luton Town
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com