អន្តរជាតិ
ទូត​អាមេរិក​ប្រចាំ​ជប៉ុន​ថា ទឹកដែលបញ្ចេញពីរោងចក្រ Fukushima មានសុវត្ថិភាពជាងទឹកបញ្ចេញដោយចិន
01, Sep 2023 , 9:59 pm        
រូបភាព
ដោយ៖ ងួនសៅ ពុទ្ធិឫទ្ធិ 
 
ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំជប៉ុន Rahm Emanuel បានធ្វើទស្សនកិច្ចនៅតំបន់ Fukushima ពីថ្ងៃទី៣១ ខែសីហា ដោយលោកបានបរិភោគអាហារសមុទ្រក្នុងតំបន់ថែមទៀត។ លោកក៏ឆ្លៀតរិះគន់ចិនដែលចាត់វិធានការប្រឆាំងការបញ្ចេញទឹកដែលធ្វើប្រព្រឹត្តកម្មរួចរាល់។

 
ពីខេត្ត Fukushima ទីដែលជប៉ុនកំពុងបញ្ចេញទឹកពីរោងចក្រថាមពលនុយក្លេអ៊ែរចូលមហាសមុទ្រប៉ាស៊ីហ្វិក អគ្គរដ្ឋទូតអាម៉េរិក Rahm Emanuel បានចេញមុខការពារការបញ្ចេញទឹកនេះ ដែលរងការរិះគន់ខ្លាំងពីចិន និងប្រជាជនកូរ៉េខាងត្បូង។ ចិនថែមទាំងប្រកាសហាមឃាត់​ការ​នាំ​ចូល​គ្រឿង​សមុទ្រ​ពី​ជប៉ុនដែលចាប់ផ្ដើមបញ្ចេញទឹកដែលធ្វើប្រតិកម្មពីរោងចក្រនុយក្លេអ៊ែរ Fukushimaកាលពីថ្ងៃទី២៤ ខែសីហាមក។
 
មិនសប្បាយចិត្តចំណាត់ការរបស់ចិន  មន្ត្រីជប៉ុនបានបង្ហាញលទ្ធភពប្តឹងចិនទៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ទៀតផង។
 
«ប្រសិនបើជប៉ុនសម្រេចចិត្តធ្វើសកម្មភាពដូចដែលបានលើកឡើងនោះ អាម៉េរិកនឹងគាំទ្រជប៉ុនដោយមិនមែនព្រោះតែជប៉ុនជាម្ព័ន្ធមិត្តយើងនោះទេ គឺដោយសារតែភាពស្របច្បាប់ចំពោះករណីនេះ"។ លោក Emanuel បាននិយាយបែបនេះ។ 
 
បន្ថែមពីលើនេះ លោកចាត់ទុកទង្វើបង្ខិតបង្ខំរបស់ចិនផ្នែកសេដ្ឋកិច្ចប្រឆាំងនឹងជប៉ុន ការយាយី និងការផ្ដល់ព័ត៌មានមិនពិត ទាំងនៅជប៉ុន និងចិនជាឆាកនយោបាយថែមទៀត។ លោក Emanuel អះអាងថា ទឹកដែលជប៉ុនបញ្ចេញ មានសុវត្ថិភាពជាងទឹកដែលចិនបញ្ចេញពីទីតាំង៤ចូលសមុទ្រថែមទៀត។
 
ការចេញមុខគាំទ្រជាសាធារណៈពីសំណាក់អ្នកការទូតជាន់ខ្ពស់របស់អាម៉េរិក ជាផ្នែកមួយនៃការសម្រាលបន្ទុកលើរដ្ឋាភិបាលនាយករដ្ឋមន្ត្រី គីស៊ីដា ហ្វូមីអូ ដែលកំពុងចាត់វិធានការជួយឧស្សាហកម្មក្នុងស្រុក។ មេដឹកនាំរូបនេះ សន្យាប្រាស់លុយរាប់សិនលានដុល្លារនៃថវិកាបម្រុងសម្រាប់ឆ្នាំ២០២៣ដើម្បីជួយអាជីវកម្មនេសាទជប៉ុន។
 
លើសពីនេះ រដ្ឋាភិបាលជប៉ុនក៏បានបង្កើតមូលនិធិចំនួនពីរទៀតទំហំ៨០ពាន់លានយ៉េនដើម្បីជួយអភិវឌ្ឍទីផ្សារថ្មី និងរក្សាត្រីកករហូតដល់អាចលក់បាននៅពេលដែលតម្រូវការកើនឡើង៕ 
 

Tag:
 ចិន
  ជប៉ុន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com