កីឡាអន្តរជាតិ
អន្តរជាតិ
មេ FIFA ថាលោក Rubiales ធ្វើឱ្យខូចកម្មវិធីអបអរជ័យជម្នះរបស់ក្រុមនារីអេស្ប៉ាញ 
×![]()
លោក Gianni Infantino ប្រធានសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) បន្ទោសលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ RFEF បំផ្លាញកម្មវិធីអបអរជ័យជម្នះរបស់ក្រុមនារីអេស្ប៉ាញ ក្រោយឈ្នះជើងឯក Women’s World Cup 2023 ដោយការថើបត្រង់បបូរមាត់កីឡាការិនី Jenni Hermoso។
FIFA បានដំណើរការការស៊ើបអង្កេតទៅលើទង្វើររបស់លោក Rubiales ហើយបានព្យួរការងាររបស់បុរសវ័យ ៤៦ឆ្នាំ ពីសកម្មភាពបាល់ទាត់រយៈពេល ៣ខែថែមទៀត ចំពោះការថើបលើកីឡាការិនី Hermoso អំឡុងពិធីបំពាក់មេដាយដល់ក្រុមជើងឯក។ អេស្ប៉ាញយកឈ្នះលើក្រុមនារីអង់គ្លេសលទ្ធផល ១-០ នៅវគ្គផ្តាច់ព្រ័ត្រ World Cup 2023 ក្នុងទីក្រុងសីដនីប្រទេសអូស្ត្រាលី។
ក្រោយពេលរងការរិះគន់ខ្លាំង ជុំវិញការថើបនោះ មេបាល់ទាត់អេស្ប៉ាញបានចេញមុខសុំទោសជាសាធារណៈ ប៉ុន្តែការសុំទោសមិនគ្រប់គ្រាន់ក្នុងការបន្ថយកម្តៅនៃកំហឹងរបស់អ្នកគាំទ្រ។ នាយករដ្ឋមន្ត្រីអេស្ប៉ាញក៏បានលើកឡើងថាការសុំទោសគឺមិនគ្រប់គ្រាន់ នឹងអំពាវនាវឱ្យលោក Rubiales ចុះចេញពីតំណែង។

រឿងអាស្រូវនៃការថើបនេះ ត្រូវបានប្រធាន FIFA លើកយកមកបកស្រាយ ដោយលោក Infantino បានបង្ហោះនៅលើបណ្តាញសង្គម Instagram ថាកម្មវិធីអបអរការឈ្នះពានរង្វាន់របស់ក្រុមកីឡាការិនីអេស្ប៉ាញបានរងការខូចខាត ដោយទង្វើររបស់លោក Rubiales។
«ការប្រារព្ធពិធីដ៏អស្ចារ្យបំផុតសម្រាប់ម្ចាស់ជើងឯកទាំងនេះត្រូវបានបំផ្លាញដោយអ្វីដែលបានកើតឡើងបន្ទាប់ពីការប្រកួតបានបញ្ចប់ទៅ។ ហើយអ្វីដែលបានបន្តកើតឡើងនៅថ្ងៃជាបន្តបន្ទាប់ រឿងនេះមិនគួរឱ្យកើតឡើងទេ ស្ថាប័នវិន័យរបស់ FIFA បានទទួលខុសត្រូវភ្លាមៗ និងចាត់វិធានការចាំបាច់ ហើយនីតិវិធីន័យនឹងបន្តដំណើរការស្របច្បាប់។ ស្ថាប័នរបស់យើងគួរតែបន្តផ្តោតទៅលើរបៀបដើម្បីគាំទ្រកីឡាបាល់ទាត់នារី និងនាពេលអនាគតបន្ថែមទៀតទាំងក្នុង និងក្រៅទីលាន។»។ លោក Infantino បានសរសេរលើគណនី Instagram របស់លោកបែបនេះ។
រដ្ឋអាជ្ញាអេស្ប៉ាញក៏បានបើកការស៊ើបអង្កេតបឋមមួយលើលោក Rubiales ថាតើការប្រព្រឹត្តអំពើនៃការថើបលើកីឡាការិនី Hermoso ជាឈ្លានពានផ្លូវភេទដែរឬទេ។
ក្រោយរឿងហេតុកើតឡើងនារយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយមកនេះ បានធ្វើឱ្យក្រុមនារីអេស្ប៉ាញម្ចាស់ជើងឯក World Cup 2023 ទាំង ៣២នាក់ធ្វើពហិការចូលរួមប្រកួតប្រជែងសម្រាប់ជម្រើសជាតិអេស្ប៉ាញទៀតឡើយ។ ពួកគេ មិនចង់ឱ្យស្ថាប័នបាល់ទាត់កំពូលអេស្ប៉ាញ ស្ថិតក្រោមការដឹកនាំរបស់បុរសវ័យ ៤៦ឆ្នាំ នេះទៀតឡើយ៕
Tag:
Gianni Infantino
World Cup
© រក្សាសិទ្ធិដោយ thmeythmey.com