ជាតិ
សេដ្ឋកិច្ច
សហគ្រិនស្រ្តី១២រូបប្រជែងគ្នា លើពានរង្វាន់សហគ្រិនស្រ្តីឆ្នើម២០២៣
02, Sep 2023 , 11:09 am        
រូបភាព
សហគ្រិនស្រ្តីដែលចូលរួមប្រកួតពានរង្វាន់សហគ្រិនស្រ្តីឆ្នើម២០២៣
សហគ្រិនស្រ្តីដែលចូលរួមប្រកួតពានរង្វាន់សហគ្រិនស្រ្តីឆ្នើម២០២៣
សៀមរាប៖ សហគ្រិនស្រ្តីចំនួន១២រូប កំពុងប្រជែងគ្នាដើម្បីប្រកួតប្រជែងពានរង្វាន់សហគ្រិនស្រ្តិឆ្នើម​ ឆ្នាំ២០២៣ ដែលរៀបចំឡើងដោយសមាគមសហគ្រិនស្រ្តីកម្ពុជាសាខាខេត្តសៀមរាប។


 ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជាសាខាខេត្តសៀមរាប លោកស្រី ជា សុកនួន បានលើកឡើងថា កម្មវិធីនេះបានផ្តល់ឱកាសឱ្យស្រ្តីពីបណ្ដាខេត្តនានាចូលរួមជាមួយសហគ្រិនស្រ្តី ដើម្បីប្រកួតប្រជែងលើពានរង្វាន់ប្រចាំឆ្នាំ២០២៣នេះ។ លោកស្រីបន្ថែមថា បំណងនៃកម្មវិធីនេះគឺ លើកកម្ពស់ភាពអង់អាច​ផ្តល់ឱកាសឱ្យស្រ្តីបង្កាញសក្កានុពលរបស់ខ្លួន ភាពជាអ្នកដឹកនាំអាជីវកម្ម ក៏ដូចជាគំនិតច្នៃប្រឌិត​អាជីវកម្ម រួមនឹងយុទ្ធសាស្រ្តនៃការធ្វើទីផ្សាររបស់ម្ចាស់អាជីវកម្មទាំងនោះ។ 
 

លោកស្រី ជា សុកនួន ប្រធានសមាគមសហគ្រិនស្រ្តីសាខាខេត្តសៀមរាប នាពិធីបើកកម្មវិធីប្រកួតពានរង្វាន់សហគ្រិនស្រ្តីឆ្នើម២០២៣។ 

លោកស្រី ជា សុកនួន បន្ថែមថា៖« សមាគមតែងសង្កេតឃើញថា ស្រ្តីជាសមាជិករបស់យើងជាស្រ្តី​ដែលមានភាពវៃឆ្លាត និងមានបំណងបង្ហាញមហាជនឱ្យបានដឹងថា អ្វីគ្រប់យ៉ាងក៏ស្រ្តីអាចធ្វើបាន មិនមានអ្វីជាឧបសគ្គរបស់ស្រ្តីឡើយ ទោះស្រ្តីជាមេផ្ទះ មើលថែគ្រួសារ ក៏ពួកគេអាចប្រកបអាជីវកម្ម​ក្នុងពេលដំណាលគ្នាបាន ហើយអាចទទួលបានជោគជ័យទាំងអស់។ ស្រ្តីគឺជាផ្នែកមួយដ៏សំខាន់ ក្នុងការជំរុញកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមប្រកបដោយបរិយាបន្ន និងចីរភាព»។
 
សារសំខាន់ដែលប្រធានសមាគមសហគ្រិនស្រ្តី លោកស្រី ជា សុកនួន ប្រាប់ទៅបេក្ខនារីដែលកំពុង ប្រកួតប្រជែងដូច្នេះ៖ «មិនមានឧបសគ្គឡើយឱ្យតែមានការតាំងចិត្តខ្ពស់ហើយធ្វើវាឱ្យអស់ពី ចិត្ត នោះភាពជោគជ័យនៅក្នុងដៃរបស់យើង»។
 

ពានរង្វាន់សហគ្រិនស្រ្តីឆ្នើម២០២៣។

ប្រធានសភាពាណិជ្ជកម្មសៀមរាប-ឧត្តរមានជ័យ លោក ហ៊ុយ ភៀវ បានបង្ហាញការគាំទ្រចំពោះ កម្មវិធីប្រកួតប្រជែងពានរង្វាន់សហគ្រិនស្រ្តីឆ្នើម។ លោកយល់ថា ការធ្វើជាសហគ្រិន គឺជាផ្នត់គំនិត មួយសំខាន់ ក្នុងការជំរុញចលនាសេដ្ឋកិច្ចឱ្យបានល្អប្រសើរ តែការធ្វើសហគ្រិនដែលជោគជ័យទៅបាន គឺជាការលំបាក។ 
លោក ហ៊ុយ ភៀវ កត់សម្គាល់ឃើញថា បច្ចុប្បន្នស្រ្តីខ្មែរកាន់តែច្រើនមានភាពវៃឆ្លាត ក្នុងការធ្វើអាជីវកម្មបែបឌីជីថល។ ប្រធានសភាពាណិជ្ជកម្មសៀមរាប-ឧត្តរមានជ័យរូបនេះ ចង់ឱ្យសមាគមសហគ្រិនស្រ្តីបន្តរៀបចំកម្មវិធីខាងលើទៀត ក្នុងន័យផ្តល់ឱកាសដល់សហគ្រិនស្រ្តី​ បង្ហាញសមត្ថភាព ទេពកោសល្យក្នុងការធ្វើអាជីវកម្ម ក៏ដូចជាការបំផុស​ឱ្យមានការសហគ្រិន ​កាន់តែច្រើន​បន្ថែមទៀត។
 

គណៈកម្មការដាក់ពិន្ទុការប្រកួតពានរង្វាន់សហគ្រិនស្រ្តីឆ្នើម២០២៣

សហគ្រិនស្រ្តីដែលជាម្ចាស់អាជីវកម្មនៅខេត្តសៀមរាប និងពីខេត្តបាត់ដំបង កំពុងចូលរួមក្នុង​ការប្រកួតប្រជែងយ៉ាងស្វិតស្វាញ លើពានរង្វាន់សហគ្រិនស្រ្តីឆ្នើមឆ្នាំ២០២៣ ដែលរៀបចំឡើង នាសណ្ឋាគារមិរ៉ាខល នាព្រឹកថ្ងៃទី២ កញ្ញា។ សហគ្រិនទាំង១២រួមមាន

១. អ្នកស្រី អ៊ុក ដាវី ម្ចាស់អាជីវកម្មសាលាអន្ដរជាតិ ឃីងគ្លរី
២.អ្នកស្រី ហូ សុកញ្ញា ម្ចាស់អាជីវកម្មគ្រួសារហៃវិន
៣. អ្នកស្រី ជា វុទ្ធនី ម្ចាស់អាជីវកម្មសិប្បកម្មសាច់ក្រកចិនខ្មៅ
៤. អ្នកស្រី អ៊ឹង មុន្នីរចនា ម្ចាស់អាជីវកម្ម មជ្ឈមណ្ឌលថែរក្សាសម្ជស្សស៊ុបភើ ស្ប៉ា៩៩
៥. អ្នកស្រី អៃ ចាន់ថា ម្ចាស់អាជីវកម្មហាងវ៉ែនតា ហ្វឹសអុកទិច
៦.អ្នកស្រី សួន ថារ៉េត ម្ចាស់អាជីវកម្មសៀឃស្រ្គីនព្រីនធីងទេប
៧.អ្នកស្រី ប៉ែន មិនា ម្ចាស់អាជីវកម្មអាហារដ្ឋានប៉ែនចេង (បាត់ដំបង)
៨.អ្នកស្រី សុង លីហួន ម្ចាស់អាជីវកម្មលីហួនហ្វ៊ូដ
៩.អ្នកស្រី សេង សំណាង ម្ចាស់អាជីវកម្មសហគ្រាសជេអឹមអិលអេក (បាត់ដំបង)
១០.អ្នកស្រី សឿន សុខភត្រា ម្ចាស់អាជីវកម្មសិប្បកម្មតម្បាញសួស្ដី ឯ.ក
១១.អ្នកស្រី ម៉ាណ រដ្ឋធា ម្ចាស់អាជីវកម្ម ខ្យ៉ូប៊ី (ខេមបូឌា) និង១២. អ្នកស្រី ឃីន សូដា ម្ចាស់អាជីវកម្មខេមបូឌាហ៊ែរអ៊ិចស្ទីនសិន ឯ.ក។ បេក្ខនារីទាំង១២ នឹងធ្វើបទបង្ហាញនូវអាជីវកម្មរបស់ខ្លួនពេញមួយព្រឹកថ្ងៃទី២ សីហា ចំណែកលទ្ធផលនឹងប្រកាស​នាពេលរសៀល ថ្ងៃទី២ កញ្ញានេះ។
 
សូមបញ្ជាក់ថា នេះជាឆ្នាំទី២ហើយដែលសមាគមសហគ្រិនស្រ្តីកម្ពុជាសាខាខេត្តសៀមរាបបានរៀបចំ កម្មវិធីប្រកួតប្រជែងពានរង្វាន់សហគ្រិនស្រ្តីឆ្នើមនេះឡើង៕
 










Tag:
 សហគ្រិនស្រ្តី
© រក្សាសិទ្ធិដោយ thmeythmey.com